ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ប្រធានរដ្ឋសភា ទទួល​ជួប​សវនាការ​ជាមួយ​សមាជិក​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន​

ភ្នំពេញ​ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹក​ថ្ងៃ​ទី០៨​វិច្ឆិកា​នេះ បាន​ទទួល​ការ​ចូល​ជួប​សម្ដែង​ការគួរសម និង​សវនាការ​ជាមួយ លោក លី ហ្វី សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​ធម្មនុញ្ញ និង​ច្បាប់ នៃ​ប្រទេស​ចិន នៅ​វិមាន​រដ្ឋសភា ខណៈដែល​លោក​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ការងារ​ស្វែង​យល់​អំពី​ច្បាប់​វិនិយោគ ក៏ដូចជា​ច្បាប់​ពាណិជ្ជកម្ម​របស់​កម្ពុជា​។​
​ ​
លោក គឹម សាម នាយករង​ខុទ្ទកាល័យ និង​ជាទី​ប្រឹក្សា​សម្ដេច​ប្រធានរដ្ឋសភា បាន​ឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​នោះ​ថា សម្ដេច​ប្រធានរដ្ឋសភា​បាន​ស្វាគមន៍ និង​បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា មានការ​ផ្លាស់ប្ដូរ​នូវ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូលៗ ក៏ដូចជា​គណៈកម្មការ​ជំនាញ​នានា ជាពិសេស​គោលនយោបាយ​ចិន ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​វិនិយោគ ឧស្សាហកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​ខ្លាំង​ឡើងៗ​។

លើសពីនេះ​ទៀត​ ថ្មី​ៗនេះ ធនាគារ​ជាតិ នៃ​កម្ពុជា បាន​ទទួល​យក​ប្រាក់​យ័ន​ចិន សម្រាប់​ទូទាត់​នៅ​ក្នុង​ធនាគារ​ទៀត ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​នៅក្នុង​ការធ្វើ​វិនិយោគ ក៏ដូចជា​ការធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​របស់​ប្រជាជន​ចិន​នៅ​កម្ពុជា​។

សម្ដេច​ក៏បាន​ជម្រាប​ជូន​ដែរ​ថា បច្ចុប្បន្ន​ប្រទេស​ចិន ​ជា​អ្នក​វិនិយោគ​ធំ​ទី​១ ​នៅ​កម្ពុជា ហើយ​ទំហំ​ពាណិជ្ជកម្ម​កាន់តែ​មាន​កា​រ​កើន​ឡើង បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​។​

​លោក លី ហ្វី ប្រធាន​គណៈប្រតិភូ​ចិន ជាមួយ​ការ​ថ្លែង​អំណរគុណ​សម្ដេច លោក​បាន​លើកឡើងថា សម្ដេច​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ ដែល​ពិភពលោក​ស្គាល់ ជាពិសេស​ប្រជាជន​ចិន​បាន​ស្គាល់​សម្ដេច ហើយ​សម្ដេច​មាន​តួនាទី​ច្រើន​ក្នុង​ការ​ស្វែងរក​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​កម្ពុជា និង​ជា​អ្នក​ពូន​ជ្រំ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន​។

លោក​ប្រធាន​គណៈប្រតិភូ ក៏បាន​លើកឡើង​ពី​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ចិន និង​កម្ពុជា ជា​កិច្ច​សហ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​
​ ​
បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ គណៈប្រតិភូ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន ក៏បាន​អញ្ជើញ​ចូល​ជួប​ពិភាក្សា​ការងារ ជាមួយ​គណៈកម្មការ​ទី​៦ គឺ​គណៈកម្មការ នីតិកម្ម នៃ​រដ្ឋសភា​កម្ពុជា ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ច្បាប់​វិនិយោគ ក៏ដូចជា​ច្បាប់​ពាណិជ្ជកម្ម​របស់​កម្ពុជា​លម្អិត​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​ជូន​អ្នក​វិនិយោគ ក៏ដូចជា​អ្នកធ្វើ​ពាណិជ្ជកម្ម​ចិន បាន​យល់​ច្បាស់ និង​ស៊ីជម្រៅ ងាយស្រួល​ពួកគេ​មក​ធ្វើការ​វិនិយោគ ឬ​ធ្វើ​ពាណិជ្ជកម្ម នៅ​កម្ពុជា​៕