ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​បុរស​ម្នាក់​ ដែល​ជំនាញ​ខាង​លួងលោម​កូនសិស្ស​តូច​ៗ​ ដោះ​យក​គ្រឿងអលង្ការ​ឡើង​ចង់​ពាយ

កណ្ដាល​ ៖ ​បុរស​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ល្បាត​ចាប់​ខ្លួន​បាន​ បន្ទាប់ពី​មាន​បណ្ដឹង​ពី​មាតាបិតា​អាណាព្យាបាល​សិស្ស​តែង​ទៅ​ប្ដឹង​ញឹកញាប់​ថា​កូន​តូចៗ​របស់​ពួកគាត់​តែង​បាត់​បង់​គ្រឿងអលង្ការ​ពី​ខ្លួន ​ខណៈ​ពួកគេ​ចេញពី​សាលារៀន​ត្រឡប់មកផ្ទះ​វិញ ដល់ពេល​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ទើប​ដឹងថា​ បុរស​នេះ​សម្ងំ​ស៊ី​គ្រឿង​​​អលង្ការ​ក្មេងៗ​សិស្សសាលា​ស្ទើរ​ពាយ​ទៅ​ហើយ ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ​ថ្ងៃ​ទី០​៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ប្រប​វត្ត​ ឃុំ​ព្រៃ​ពួច​ ស្រុក​អង្គស្នួល។

ក្មេងស្រី​ធ្លាប់​រងគ្រោះ​ជាក់ស្ដែង​ដែល​បាននាំគ្នា​ចេញមុខ​មក​ប្ដឹង​មាន​៤​នាក់ ឯ​អ្នក​ខ្លះ​ទៀត​មិនទាន់​មក​ប្ដឹង​ឡើយ ​​ហើយ​ក៏​មិនទាន់​ដឹង​ថា​ សមត្ថកិច្ច​ចាប់បាន​ជនល្មើស​នៅឡើយ​ទេ។​

ក្មេង​រង​គ្រោះ​ទី​១-ឈ្មោះ ​វ៉ាន នី​កា ភេទ​ស្រី អាយុ​១១​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​សិស្ស​ ថ្នាក់​ទី​០៥​ រស់នៅ​ភូមិ​ទន្លាប់ ​ឃុំ​ព្រៃ​ពួច ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​(​ដោះ​យក​មិន​ទាន់​បាន​)​។ ទី​២​-ឈ្មោះ ​ទិល ពិសី​ ភេទ​ស្រី ​អាយុ​១០​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​សិស្ស​ ថ្នាក់​ទី០​៥ ​រស់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ព្រៃ​ពួច​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល (​ធ្លាប់​បាត់​ខ្សែក​ប្លាទីន៣​ជី​ និង​ចិញ្ចៀន១ជី​)។ ទី​៣​-ឈ្មោះ ស្រ៊ុន ស៊ី​ន​តី ភេទ​ស្រី​អាយុ​១០​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​សិស្ស​ថ្នាក់​ទី​០៥ រស់នៅ​ភូមិ​ចម្ការ​ជោរ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​(​ធ្លាប់​បាត់បង់​កងដៃ​ប្លាទីន​ទិញ​តម្លៃ​១០០​ដុល្លារ​)​។ ​ទី​៤​-ឈ្មោះ លី ស្រី​វី​ ភេទ​ស្រី​ អាយុ​០៨​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​សិស្ស​ថ្នាក់​ទី​៣ នៅ​ភូមិ​គុម្ពោត​ស្បូវ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល (ធ្លាប់​បាត់បង់​ខ្សែក​ប្លាទីន​១ខ្សែ​ តម្លៃ​១០០​ដុល្លារ​)។​

ជនសង្ស័យ​ឈ្មោះ ​ខឹម រ៉េ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​ម្ដុំ​ផ្សា​រកា​ណា​ស៊ី​ធី​​ ភូមិ​ ចោមចៅ ​សង្កាត់​ចោមចៅ១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ចំណែក​សម្ភារៈ​ដកហូត​យក​បាន​មាន​ម៉ូតូ​ម៉ាក ​ZOOMER X ពណ៌​ក្រហម​លាយ​ស​ ពាក់​ស្លាកលេខ​កំពង់ស្ពឺ 1L-8420 លេខ​ម៉ាស៊ីន​១១៩៦៣២។ ខ្សែក​កាឡៃ​១​ខ្សែ ​និង​ផ្លាក​ដៃ​កាឡៃ​១​ខ្សែ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ ​ជនរងគ្រោះ​ជា​សិស្ស​បាន​ចេញពី​សាលារៀន​ជិះ​កង់​ទៅផ្ទះ​ ហើយ​បាន​ជួប​នឹង​ជនសង្ស័យ​នៅ​ចំណុច​កើតហេតុ​ ដោយ​ជនសង្ស័យ​ប្រើ​ល្បិច​ធ្វើជា​ខូច​ហ្វ្រាំង​ម៉ូតូ ​ហើយ​ហៅ​ជនរងគ្រោះ​ឲ្យ​ជួយ ពេល​ក្មេងៗ​​មកជួយ​ ទើប​ជនសង្ស័យ​ចាប់ផ្ដើម​សួរនាំ​ពីនេះ​ពី​នោះ​ផ្សេងៗ​ដូចជា ​សួរ​ម៉ែ​ឈ្មោះ​អី​ជាដើម រួច​រូបគេក៏​បាន​ណែនាំ​ខ្លួនឯង​ប្រាប់​ក្មេងៗ​ថា ​ខ្លួន​ជាជាង​ប្លាទីន​ ហើយ​ខ្លួន​និយាយ​កុហក​ក្មេងៗ​ថា ម្ដាយ​ឯង​ឲ្យ​យក​ខ្សែក​ទៅ​ប្ដូរ​យក​ខ្សែក​ថ្មី​ ហើយ​ធំ​ដោយ​ក្មេង​ចាញ់បោក​នូវ​ពាក្យ​បញ្ឆោត​លួងលោម​ទើប​ជនរងគ្រោះ​ជា​សិស្ស​ព្រម​ដោះ​ឲ្យ​តាម​សម្រួល​ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ដោយ​បាន​ផ្ដែផ្ដាំ​ថា​ ចាំ​ពូ​យក​ខ្សែក​ថ្មី​ទៅ​ឲ្យ​ម៉ែ​ក្មួយ​តែម្ដង។​

ប្រភព​បន្ដ​ថា ​ជនសង្ស័យ​រូបនេះ​តែ​ង​ប្រើល្បិច​បែបនេះ​បាន​ជោគជ័យ​ច្រើនលើកច្រើនសា​មកហើយ​ស្ទើរ​រាប់​ភ្លេច​ មិនមែន​តែ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គស្នួល​ប៉ុណ្ណោះ​ទេ ​ពោល​ជនសង្ស័យ​តែង​ចល័ត​ខ្លួន​ដើរ​ធ្វើ​សកម្មភាព​បែបនេះ​ស្ទើរ​គ្រប់​ច្រកល្ហក​នៅពេលដែល​ស្ថានការណ៍​បែប​មិនសូវ​ស្រួល​ទើប​គេ​ប្ដូរ​ទីតាំង​ម្ដង។​

បើតាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់ថា ​ខ្លួន​ពិតជា​បាន​ប្រើ​ល្បិច​បែបនេះ​មែន​ ដោយ​ទទួល​បាន​ផល​គួរ​សម ​ទើបតែ​ពេលនេះ​ទេ ​ដែល​ស៊យ​ធំ​ចឹ​ង​នោះ។

បើ​តាម​គេ​ចាំ​ត្រួសៗ​និយាយប្រាប់​សមត្ថកិច្ច​ថា​ នៅ​ថ្ងៃ​ទី០​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​
១១​និង​២០​នាទី ​ខ្លួន​កំពុងតែ​លួងលោម​ក្មេងៗ ​ក៏​ជួប​កម្លាំង​សមត្ថកិច្ច​ល្បាត​ប្រទះឃើញ​ហើយ​ឃាត់​ខ្លួន​តែម្ដង។

នៅ​ថ្ងៃ​ទី​០២ ​ខែ​វិច្ឆិកា ​ឆ្នាំ ២០១៨​ វេលា​ម៉ោង​១១​និង​៣០​នាទី​ ខ្លួន​យកបាន​ខ្សែក​ និង​ចិញ្ចៀន​ប្លា​ទីន​១​លើក​ពី​ក្មេង​រងគ្រោះ​មិន​ចាំ​ឈ្មោះ។

នៅ​ថ្ងៃ​ទី​០៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​ខ្លួន​បាន​ដោះ​យក​បាន​កងដៃ​ប្លា​ទីន​១​វង់​។​

នៅ​ថ្ងៃទី​២០​ ខែ​សីហា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​៣០​នាទី​ ខ្លួន​បាន​ដោះ​យក​ខ្សែក​១​ខ្សែ​បាន​សម្រេច​ផង​ដែរ។​

ចំពោះ​ករណី​នេះ​ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ​ហើយ​ក៏បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ៕