ព័ត៍មានទាន់​ហេតុការណ៏
Search

ដេកស្លាប់​ម្នាក់ឯង ​បន្ទាប់ពី​ផឹក​ស្រា​ហួស​កម្រិត​

កំពង់ចាម ៖ សព​បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​ក្នុងផ្ទះ​ម្នាក់ឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៤៥​នាទី នៅ​ចំណុច​ភូមិ​រកា​រលើ​សង្កាត់​សំបួរ​មាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម លោក​វរសេនីយ៍​ទោ អ៊ឹង ប៊ុន អធិការ​នគ​រ​បាល​ក្រុង​កំពង់ចាម បាន​ចាត់​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សំបួរមាស សហការ​ជាមួយ​ជំនាញ​អធិការ​នគរបាល​ក្រុង​កំពង់ចាម ចុះ​ទៅដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ។​

ជនរងគ្រោះ​ដែល​ដេកស្លាប់​ ឈ្មោះ ចាន់ សុភាព ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់នៅ​ភូមិ​រកា​លើ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។​

ប៉ូលិស​បាន​បន្តថា​ បន្ទាប់​មក សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​សាកសព ក្នុង​នោះ​មាន​ ៖
-​នគរបាល​ជំនាញ​បច្ចេកទេស និង​កោសល្យវិច័យ​ខេត្ត​កំពង់ចាម​
-​គ្រូពេទ្យ​ខេត្ត ជំនាញ អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​
-​មេភូមិ ចៅសង្កាត់​សំបួរមាស និង សាច់ញាតិ​បងប្អូន​របស់​ជនរងគ្រោះ​។​

ប៉ូលិស​បាន​បន្តថា ឆ្លងតាម​ការពិនិត្យ​សាកសព​ខាងលើ​គណៈកម្មការ​សន្និដ្ឋាន​បាន​ថា សព​ជនរង​គ្រោះ គ្មាន​របួស គ្មាន​ស្លាកស្នាម​នៅ​លើ​ដងខ្លួន អវយវៈ​ក៏​គ្មាន​អ្វី​កត់សំគាល់​ដែរ​។​

តាម​ការ​សន្និដ្ឋាន​ខាង​លើ​របស់​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ទទួល​ទាន​ស្រា​លើស​កម្រិត​បណ្ដាល​ឲ្យ​ស្ទះផ្លូវ​ដង្ហើម ​និង​គាំងបេះដូង ហើយ​ពុំមាន​ពាក់​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។​

បច្ចុប្បន្ន​ សព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕