ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​លោ​ក​តា ប្រាជ្ញ ឈួន ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ត្រូវ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​

ភ្នំពេញ ​៖​ ស្ថិត​ក្នុង​វ័យ​៨៣​ឆ្នាំ​ អធិរាជ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​ឈ្មោះ​របស់​ប្រទេស​កម្ពុជា ​លោក​តា​ព្រឹទ្ធ​ភី​រម្យ ប្រាជ្ញ ឈួន បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​តាកែវ​ ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​ជំងឺ​ធ្វើ​ទុក្ខ​កាន់តែ​ខ្លាំង​ឡើង​ទើប​ ក្រុមគ្រួសារ​សម្រេច​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

បើ​យោងតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Nop Channarin បាន​រៀបរាប់ថា​ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​លោកតា​ព្រឹទ្ធ​ ភី​រម្យ ប្រាជ្ញឈួន ដោយសារតែ​ស្ថានភាព​ជំងឺ​កាន់​តែ​ទ្រុឌទ្រោម ​និង​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ ពេលនេះ​ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូនមក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ហើយ​។ ខណៈ​នា​ព្រឹក​ថ្ងៃទី​០៩​វិច្ឆិកា​នេះ​ ក្រុម​គ្រូពេទ្យ​កំពុងតែ​តាមដាន​យ៉ាង​យក​ចិត្តទុកដាក់​ដើម្បី​ព្យាបាល​ជំងឺ​លោកតា ប្រាជ្ញ ឈួន។​

ម្ចាស់​Account Facebook ឈ្មោះ Nop Channarin ដដែល​នេះ​បាន​បញ្ជាក់​ថា លោកតា​ព្រឹទ្ធ​ភី​រម្យ ប្រាជ្ញ ឈួន អ្នកចម្រៀង​ចាប៉ី​ដ៏​ល្បីល្បាញ​ពេលនេះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

ដោយ​ស្ថានភាព​លោកតា​មាន​សភាព​ធ្ងន់ធ្ងរ​ត្រូវ​បាន​ពិនិត្យ​ និង​សង្គ្រោះ​ដោយ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ។​

សូម​បញ្ជាក់​ថា លោកតា​ ប្រាជ្ញ ឈួន​ ត្រូវ​បាន​ខាង​មន្ទីរពេទ្យ​ខេត្ត​តាកែវ​ដឹក​បញ្ជូន​មកដល់​ពេទ្យ​កាល់ម៉ែត​កាល​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​។​

សូម​បញ្ជាក់​ថា គិត​រហូត​មកទល់ពេលនេះ ​អាជីព​ជា​អ្នក​ចាប៉ី​របស់​ លោកតា​ ប្រាជ្ញ ឈួន​ គឺ​មាន​រយៈ​ពេល​ជិត​៧០​ឆ្នាំ​មកហើយ​ ដោយ​ក្នុង​នោះ​លោកតា​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ផ្នែក​ចាប៉ី​ជាច្រើន​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្ដាប់​។

កិត្តិសព្ទ​របស់​លោកតា​ព្រឹទ្ធ​ភី​រម្យ ប្រាជ្ញ ឈួន ដែល​ជា​អ្នកប្រាជ្ញ​ផ្នែក​ចាប៉ីដងវែង​នោះ​មិន​ត្រឹមតែ​ល្បី​ខ្ទរខ្ទារ​សម្រាប់​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ​គឺ​ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ចាប៉ី​ជំនាន់​ក្រោយ​រក្សា​ និង​ចងចាំ​មិន​ភ្លេច​នូវ​ស្នាដៃ​របស់​លោកតា​ផង​ដែរ​៕