ព័ត៍មានទាន់​ហេតុការណ៏
Search

បើកឡាន​លឿន​ពេក ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទេច​មួយ​កំណាត់​មុខ ​កៀប​ជាប់​ក្នុង​ឡាន​

ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​GS300​ មួយ​គ្រឿង ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​រង​ការខូចខាត​រថយន្ត​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​នាង​អ្នកបើក​បាន​រង​របួស​ធ្ងន់​ដោយ​កៀប​ជាប់​ក្នុង​រថយន្ត តែ​បាន​ប្រជាពលរដ្ឋ​ជួយ​គាស់​យកចេញ​ដើម្បី​ជួយសង្គ្រោះ កាលពី​វេលា​ម៉ាង​១១​និង​២០​នាទី​យប់ ​ថ្ងៃទី០​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ទល់មុខ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ភូមិ​ក្បាលដំរី​២​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍សែន​ជ័យ។​

រថយន្ត​រងគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ម៉ាក GS 300​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-1731 ​បើកបរ ក្នុង​ទិសដៅ​ពី​កើ​ត​ទៅ​លិច។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានដឹងថា ​នៅ​មុនពេល​កើតហេតុ ​ពួកគាត់​បាន​ឃើញ​ស្ត្រី​ម្នាក់​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក GS 300 ១​គ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2-J-1731 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ ពី​កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​លុះ​មកដល់​ចំណុច​ទល់មុខ​ប្រលានយន្តហោះ​ក៏បាន​រេ​ចង្កូត​ទៅ​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ខូច​ខ្ទេច​ផ្នែក​ខាងមុខ​អស់ទាំង​ស្រុង​ ហើយ​បាន​ដាច់​កង់​មុខ​ខ្ទាត​ចេញពី​រថយន្ត​ទើប​ទៅមុខ​លែង​រួច​។​

ប្រភព​បន្ត​ថា​ ករណី​នេះ ​ក៏​បណ្ដាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់ ហើយ​ស្ត្រី​អ្នក​បើក​រថយន្ត​រងគ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ ជាប់​ក្នុង​រថយន្ត តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយ​កញ្ចក់​រថយន្ត​យក​ស្ត្រី​រង​គ្រោះ​ចេញ​ភ្លាមៗ​ផង​ដែរ ពេលនោះ​ស្រាប់​តែ​មាន​បុរស​ម្នាក់ បើក​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ខ្មៅ ​​ដឹក​ជនរងគ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​សម្ភព​ចោមចៅ​ភ្លាមៗ។

មានការ​លើកឡើងថា ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​កន្លែងកើតហេតុ​នោះ​ពុំ​មាន​ចំណាំងប្លាត​នោះ​ឡើយ​ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់​បែបនេះ​។​

ខណៈ​នោះដែរ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​ និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​រង់​ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ៕