ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​យី​ឌុប ​បើក​បំ​បុក​រថយន្ត​អ្នកដំណើរ​ បង្ក​ឲ្យ​មាន​មហន្តរាយ ​នៅ​សង្កាត់​ស្ទឹងមានជ័យ​

ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ឯក ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មានជ័យ​ទី​៣​ បាន​ឲ្យ​ដឹងថា ​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ​ថ្ងៃទី​០៩​វិច្ឆិកា​នេះ ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​បង្ក​ខូចខាត​រថយន្ត​អ្នកដំណើរ​ចំនួន​៦​គ្រឿង ​ម៉ូតូ​៣​គ្រឿង​ ម៉ូតូ​កង់​បី​៤​គ្រឿង និង​បុក​ចូល​សំយាប​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៦​ល្វែង ​ថែមទាំង​របួស​មនុស្ស​៥​នាក់​។​

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ស្ថិត​ក្នុង​ក្រុមទី​០៦ ​ភូមិ​ដំណាក់​ធំ​០​៥​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។​

ប្រភពពី​លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា​ មុនពេល​កើត​ហេតុ​គេ​សង្កេតឃើញ​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​ ពណ៌​ត្រេ​អ៊ី ក្បាល​លឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A ៧៥ ០៣ បើកបរ​ដោយ​ឈ្មោះ​ ចែម សុខ​ណា ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​។​

លុះ​មកដល់​ចំណុច​កើតហេតុ​ រថយន្ត​បង្ក​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​បើកបរ​ពី​មុខជា​បន្តបន្ទាប់​ចំនួន​៦​គ្រឿង​ រួច​ជ្រុល​បុក​ម៉ូតូ​៣​គ្រឿន​ និង​ម៉ូតូ​កង់​បី​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​៤​គ្រឿង ​ហើយ​ពុំ​ទាន់​អស់​ល្បឿន​នោះ ​រថយន្ត​ក៏បាន​បុក​រះ​សំយាប​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៦​ល្វែង​ដែល​ទី​បញ្ចប់​ទៅ​បុក​ចូល​ផ្ទះ​ដោយ​បំផ្លាញ​អស់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ជាច្រើន​។

​ក្នុង​ហេតុការណ៍​នេះ​គេ​ឮសូរ​សម្រែក​អ្នក​រង​របួស​ឲ្យ​ទ្រហឹង ​ដោយឡែក​អ្នកបើកបរ​រថយន្ត​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាប់​បាន​ភ្លាមៗ ​និង​ប្រគល់​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ធ្វើការ​ដោះស្រាយ​ព្រោះ​ជា​ករណី​ធ្ងន់ធ្ងរ​។​

ប្រជាពលរដ្ឋ​ បាន​ឆ្ងល់​ថា​ ហេតុអ្វី​ក៏​រថយន្ត​យី​ឌុប​ធុន​ធំ​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើកបរ​ពេលព្រឹក​បែប​នេះ​ទៅវិញ​៕