ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី ​បង្កើត​គម្រោងការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ដើម្បី​បរិស្ថាន​ស្អាត​នៅ​កម្ពុជា

ភ្នំពេញ​ ៖ ​រដ្ឋាភិបាល​អូស្ត្រាលី ​បាន​បង្កើត​គម្រោង​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​នៅ​ខេត្ត​ចំនួន​៥ ដូចជា​ ខេត្ត​កំពត​ កណ្ដាល ស្វាយរៀង តាកែវ និង​ព្រៃវែង ហើយ​បើ​គម្រោង​នេះ ​ទទួល​បាន​ជោគជ័យ អង្គការ ​«​អាយ​ហ្វា​ត​» ​របស់​ប្រទេស​អូស្ត្រាលី នឹង​បន្ត​ពង្រីក​ឲ្យ​បាន​ទៅដល់​គ្រប់​ខេត្ត​គោលដៅ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​២០២០។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ លោកស្រី Bridgetmcintosh នាយក​ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រចាំ​អាស៊ី និង​ជា​ប្រធាន​គម្រោង​របស់​ ENERGY Week Cambodia បាន​ឲ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​ការ​កកើត​ឡើងវិញ​ថាមពល​ស្អាត កាលពី​យប់​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា កម្មវិធី​ថ្ងៃនេះ គឺ​ចង់​បង្ហាញ​ពី​គម្រោង នៃ​ការ​បង្កើត​ថាមពល​កកើត​ឡើងវិញ ថាមពល​ស្អាត ដូចជា​ខ្យល់ ពន្លឺ​ព្រះអាទិត្យ ទឹក​…​។

លោកស្រី​បន្ថែមថា មូល​ហេតុដែល​បង្កើត​គម្រោង​កកើត​ឡើងវិញ​ថាមពល​ស្អាត​នេះ ដោយសារតែ​ចង់​ឲ្យ​មនុស្ស​យល់ដឹង​ពី​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ក្នុង​ន័យ​រក្សា​បរិស្ថាន​នៅ​ពេល​អនាគត​។

អត្ថប្រយោជន៍​ពី​ថាមពល​កកើត​ឡើងវិញ ទាញ​យក​ពន្លឺ​ព្រះអាទិត្យ​សម្រាប់​សូ​ឡា​មក​ប្រើប្រាស់​ជា​ភ្លើង​ចង្ក្រាន​ចម្អិន​អាហារ ភ្លើង​បំភ្លឺ​ក្នុង​ភូមិឋាន​ជាដើម​។

ចំណែក​ខ្យល់​ក៏​អាច​យក​ទៅ​ប្រើប្រាស់​ជា​ថាមពល​កកើត​ឡើងវិញ​បាន​ដែរ ដោយ​យក​វា​មក​ប្រើ​ជា​មួយ​តួប៊ីន​ឲ្យ​វិល​ផលិត​ជា​ចរន្តអគ្គិសនី​។

ក្រៅពីនេះ​កាកសំណល់​ចេញពី​សំណល់​កសិកម្ម ក៏​អាច​យក​មក​ដុត​ដើម្បី​បង្កើត​បានជា​ថាមពល រីឯ​ចលនា​រលក​ទឹកសមុទ្រ ​ក៏​អាច​ច្នៃប្រឌិត​ទាញ​យក​មក​ប្រើប្រាស់​បង្កើត​ជា​ថាមពល​បាន​ដែរ​។

ការប្រើប្រាស់​បច្ចេកទេស​ថ្មីៗ​ទាក់ទង​ថាមពល​កកើត​ឡើង​វិញ​នេះ ចំណេញ​ថវិកា​ជាង​ការប្រើប្រាស់​ថាមពល​អគ្គិសនី ហើយ​ថាមពល​កកើត​ឡើងវិញ​មាន​អត្ថប្រយោជន៍​ច្រើន ជួយ​ដល់​ប្រជាកសិករ​ក្នុង​ការងារ​បង្កបង្កើន​ផល តាមរយៈ​ការប្រើប្រាស់​សូ​ឡា​ទាញ​ថាមពល​កកើត​ឡើងវិញ​មក​ប្រើប្រាស់​បូមទឹក​ចល័ត​បាន​ច្រើន​ម៉ោង បាន​គ្រប់ពេលវេលា​ទាំង​ទី​ជិត និង​ទី​ឆ្ងាយ ដោយ​មិនបាច់​មាន​ភ្លើង​អគ្គិសនី ឬក៏​ប្រើ​ម៉ាស៊ីនភ្លើង​ចំណាយ​ប្រេងសាំង ចំណាយ ថវិកា​ច្រើន​។
ចំពោះ​គុណភាព​របស់​សូ​ឡា​សម្រាប់​ទាញ​យក​ពន្លឺ​ព្រះអាទិត្យ​មក​ប្រើប្រាស់​ជា​ថាមពល​កកើត​ឡើង​វិញ គឺ​ចំណាយ​តែម្ដង​ប្រើប្រាស់​បាន​រហូតដល់​១០​ឆ្នាំ ទោះបី​វា​ខូច តែ​ខូច​តិចតួច​លើ​បញ្ហា​តែ​បច្ចេក​ទេស​ប៉ុណ្ណោះ​។

លោកស្រី​ក៏បាន​ឲ្យ​ដឹង​ទៀតថា នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​កម្ពុជា ជា​ប្រទេស​ដែល​មាន​អាទិ​ភាព​ខ្លាំង​ក្នុង​ការទាញយក​ពន្លឺ​ព្រះអាទិត្យ​តាមរយៈ​បន្ទះ​សូ​ឡា ដើម្បី​បង្កើត​ជា​អគ្គិសនី​ប្រើប្រាស់​។

លោកស្រី​បន្តទៀតថា សម្រាប់​កម្មវិធី​ថាមពល​កកើតឡើង​វិញ​នេះ ​ខាង​រដ្ឋាភិបាល អូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន ចិន និង​បណ្ដា​ប្រទេស​ផ្សេងទៀត បាន​កំពុងតែ​ចាប់អារម្មណ៍​លើ​ថាមពល​កកើត​ឡើង​វិញ​នេះ​។

លោកស្រី​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ជំរុញ​ប្រជាជន​កម្ពុជា​ងាក​មក​ប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ឲ្យ​បាន​ច្រើន ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ថវិកា​នៅ​ក្នុង​ការរស់នៅ ព្រម​ទាំង​ជួយ​កសិករ​អាច​ទាញ​យក​ថាមពល​ពី​សូ​ឡា​មក​បង្កបង្កើនផល​បាន​ល្អ និង​បាន​ច្រើនជាង​មុន​ទៀត​ផង​៕