ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចន្ទ្រា កៀក​ស្មា​នឹង​ធន់ ចាន់​តាក់ ឡើង​តតាំង​នឹង​កីឡាករ​ថៃ​ ដើម្បី​សាក​ស្នៀត​គុន

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចន្ទ្រា អ្នក​ប្រដាល់​របស់​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ កៀក​ស្មា ​ ​កីឡាករ​ធន់ ចាន់​តាក់ អ្នក​ប្រដាល់​ នៃ​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ជួប​កីឡាករ​ថៃ Manav Thorng និង​កីឡាករ​Vat Chharadeth ដើម្បី​សាក​ស្នៀត​គុន​លើ​សង្វៀន​ស៊ី​អ៊ិន​ស៊ី នា​ថ្ងៃ​សៅរ៍​ ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

កីឡាករ​ ឡៅ ចន្ទ្រា ដែល​ដែល​ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ Manav Thorng នេះ ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក ព្រោះ​ ឡៅ ចន្ទ្រា គេ​ទើប​ដំឡើង​គីឡូ ចំណែក​កីឡា​ករ​ថៃ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​នេះ​ជាច្រើនលើក​មក​ហើយ​ មាន​ឈ្នះ​ មាន​ចាញ់​ ជាមួយ​កីឡាករ​លំដាប់ៗ​របស់​កម្ពុជា ស្នៀត​ខ្លាំង​របស់​គេ ​គឺ​ទាត់​កាត់ និង​ជង្គង់ និង​ស្នៀត​កាច់​ផ្ដួល​។​

កីឡាករ ​ឡៅ ចន្ទ្រា នា​បច្ចុប្បន្ន​នេះ គឺ​របៀប​វាយ​របស់​គេ​ល្អ ប្រកបដោយ​ប្រសិទ្ធភាព​។ រីឯ​ស្នៀត​ជង្គង់​របស់​គេ​មុត​ស្រួច គូប្រកួត​ល្មមៗ​ពិបាក​នឹង​តតាំង​ជាមួយ​គេ​បាន​ណាស់ ដៃគូ​ប្រកួត​ទាំង​ស្រករ​មុន​ទាំង​ស្រករ​ក្រោយ​ជាច្រើន​នាក់​មក​ហើយ​បាន​សុំ​ចុះចាញ់​ និង​សន្លប់ ក្រោម​ស្នៀត​ជង្គង់​របស់​គេ​នោះ​។ ចាំ​មើល​កីឡាករ​ ឡៅ ចន្ទ្រា អាច​យកឈ្នះ​លើ​កីឡាករ​ថៃ Manav Thorng បាន​ដែរ ​ឬ​យ៉ាង​ណា​?​។​

ដោយឡែក​ កីឡាករ ធន់ ចាន់​តាក់ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ Vat Chharadeth ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម អ្នក​ទាំងពីរ​ក៏​មិន​ធ្លាប់​ជួប​គ្នា​ដែរ​កន្លងមក​នៅ​សង្វៀន​នេះ​។​ ធន់ ចាន់​តាក់ បច្ចុប្បន្ន​ក៏​ទទួល បានការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា​ផង​ដែរ​ជា​មួយ​នឹង​ការ​ចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត ជាពិសេស​រូបគេ​ចូលចិត្ត​ប្រើ​ស្នៀត​កណ្ដាប់ដៃ ​និង​កែង ដែល​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏បាន ចូល​កៀក​ក៏បាន ដើម្បី​ផ្ដួល​គូប្រកួត​របស់​ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​ដ៏​ខ្លាំង​របស់​គេ​ផង​នោះ ធ្វើ​ឲ្យ​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវបាន​ចុះចាញ់​ជា​បន្តបន្ទាប់​។​

តែ​យ៉ាងណា​ក្នុង​ការជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Vat Chharadeth នេះ​ត្រូវបាន​អ្នកវិភាគ​ប្រដាល់​អះអាង​ថា ធន់ ចាន់​តាក់ សង្ឃឹម​ហាសិប​ភាគរយ​ប៉ុណ្ណោះ បើទោះជា​នៅក្នុង​ទឹកដី​ខ្លួនឯង​ក៏ដោយ ព្រោះ​ថា​កីឡាករ​ថៃ Vat Chharadeth នេះ​ធ្លាប់​មក​អង្រួន​សង្វៀន​នៅ​ស្រុក​ខ្មែរ​ជាច្រើន​ឆ្នាំ​មក​ហើយ​។

រវាង​កីឡាករ​ទាំងពីរ​នាក់​នេះ​ បើ​នរណា​វាយ​រៀង​មើលងាយ​គូប្រកួត​នោះ ​ច្បាស់​ជា​ចាញ់​មិន​ខាន​។ ចាំ​មើល​កីឡាករ​ ធន់ ចាន់​តាក់ ជា​អ្នកឈ្នះ​កីឡាករ​ថៃ Vat Chharadeth?៕