ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​បដិសេធ​ការសុំ​សិទ្ធិ​ជ្រកកោន​ចំពោះ​អ្នក​ឆ្លងដែន​ខុសច្បាប់

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​នឹង​លែង​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ចូល​ប្រទេស​ដោយ​ខុសច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​ទៀតហើយ​។ ក្រុមមន្ត្រី​បានលើកឡើង​បែបនេះ​ខណៈដែល​ពួកគេ​បានបង្ហាញ​ពី​ការបង្ក្រាប​ថ្មី​ដ៏​ចម្រូងចម្រាស​មួយ​លើ​ការធ្វើ​អន្តោប្រវេសន៍​។​

ការដាក់កំហិត​លើ​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នេះ​គឺជា​ការព្យាយាម​ដោះស្រាយ​នូវ​អ្វីដែល​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​ហៅថា​ជា “​ការរំលោភបំពាន​ដែល​មិន​ធ្លាប់មាន​ពីមុន​មកលើ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​យើង​” នៅតាម​បណ្តោយ​ព្រំដែន​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

ច្បាប់​ថ្មី​នេះ​ត្រូវបាន​បញ្ចេញ​ដោយ​ក្រសួង​សន្តិសុខ​មាតុភូមិ​ហើយ​ត្រូវបាន​រំពឹងថា​នឹង​ទទួលបាន​ហត្ថលេខា​របស់លោក​ប្រធានាធិបតី Donald Trump ក្នុងពេល​ឆាប់ៗ​នេះ​ព្រមទាំង​ប្រឈម​នឹង​ការជំទាស់​ពី​តុលាការ​ផងដែរ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ សហភាព​សេរីភាព​ស៊ីវិល​អាមេរិកាំង (ACLU) បាន​និយាយថា សិទ្ធិ​ក្នុងការ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ត្រូវតែ​ត្រូវបាន​ផ្តល់​ឲ្យ​ដល់​នរណាម្នាក់​ដែល​ចូលក្នុង​ប្រទេស​នេះ​ដោយ​មិន​គិតពី​កន្លែង​ដែល​ពួកគេ​នៅ​។​
ACLU បាន​និយាយថា “​ច្បាប់​របស់​សហរដ្ឋអាមេរិក​បានអនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់ៗ​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​បើទោះបីជា​ពួកគេ​ស្ថិតនៅក្នុង​ច្រកចូល​ក៏ដោយ​។ វា​ជាការ​ខុសច្បាប់​ក្នុងការ​ចៀសវាង​បញ្ហា​នេះ​ដោយ​ទីភ្នាក់ងារ​ឬ​បញ្ជា​របស់​ប្រធានាធិបតី​”​។​

ប៉ុន្តែ​បើ​យោងទៅតាម​ច្បាប់​ថ្មី​នេះ លោក Trump មានអំណាច​ក្នុង​ការដាក់កំហិត​លើ​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ប្រសិនបើ​គាត់​កំណត់ថា វា​ជា​ផលប្រយោជន៍​របស់​ជាតិ​។​

រដ្ឋបាល​របស់លោក Trump បាន​អះអាងថា លោក​មានអំណាច​ប្រតិបត្តិ​ដើម្បី​ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍​ក្នុងនាម​ជា​សន្ដិសុខ​ជាតិ​ដែល​វា​ជា​អំណាច​មួយ​ដែល​លោក​បាន​យកមកប្រើ​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​ឡើងកាន់​អំណាច​ជាមួយនឹង​ការហាម​ប្រាម​ដ៏​ចម្រូងចម្រាស​ទៅលើ​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ភាគច្រើន​ដែល​កាន់សាសនា​ឥស្លាម​៕ AFP