ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស Interpol និយាយថា ត្រូវតែ​ទទួលយក​ការលាលែង​ពី​តំណែង​របស់​ប្រធាន​ជនជាតិ​ចិន

ប៉ូលិស​អន្តរជាតិ Interpol ត្រូវតែ​ទទួលយក​ការលាលែង​ពី​ប្រធាន​ជនជាតិ​ចិន​របស់ខ្លួន​ដែល​ត្រូវបាន​ឃុំឃាំង​នៅក្នុង​ប្រទេស​ចិន​ពីបទ​ទទួលយក​សំណូក​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​អគ្គលេខាធិការ​របស់​អង្គការ​មួយ​នេះ​។​

លោក Juergen Stock បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​ប៉ូលិស Interpol ក្នុង​ទីក្រុង​លី​យ៉ុង​នៃ​ប្រទេស​បារាំង​ថា ប៉ូលិស Interpol ដែល​សំរបសំរួល​ប៉ូលិស​ធ្វើការ​នៅ​ទូទាំង​ពិភពលោក​បាន​ជំរុញ​យ៉ាងខ្លាំង​ក្លា​ឲ្យ​ប្រទេស​ចិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​អំពី​អ្វីដែល​បាន​កើតឡើង​ជាក់ច្បាស់​នៅពេល​អតីត​នាយក​ប្រតិបត្តិ​លោក Meng Hongwei ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​កាលពីដើម​ខែតុលា​។​

លោក Stock បាន​និយាយថា “​យើង​ត្រូវ​ទទួលយក​ដូចជា​យើង​នឹង​ទទួលយក​ជាមួយ​ប្រទេស​ដទៃទៀត​ដែរ​ថា ប្រទេស​ចិន​កំពុងធ្វើការ​សម្រេចចិត្ត​អធិបតេយ្យ​ហើយ​ប្រសិនបើ​ប្រទេស​នោះ​ប្រាប់​យើង យើង​មានការ​ស៊ើបអង្កេត ពួកគេ​កំពុង​បន្ត​ហើយ​ប្រធាន​បាន​លាលែង​ពី​តំណែង គាត់​មិនមែនជា​ប្រតិភូ​នៃ​ប្រទេស​នេះ​ទៀត​ទេ​បន្ទាប់មក​យើង​ត្រូវតែ​ទទួលយក​”​។​

លោក Meng ដែល​បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ត្រូវបាន​រាយការណ៍​ថា​បាត់​ខ្លួន​ដោយ​ប្រពន្ធ​របស់គាត់​ដែល​ស្នាក់​នៅផ្ទះ​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​លី​យ៉ុង​ប្រទេស​បារាំង​។​
​បន្ទាប់មក​ប្រទេស​ចិន​បាន​ជូនដំណឹង​ប៉ូលិស Interpol ថា លោក Meng បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​អង្គការ​នេះ​មុនពេល​និយាយថា គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទទួល​សំណូក​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Stock បាន​និយាយថា លោក​មិនមាន​ព័ត៌មាន​លម្អិត​បន្ថែម​ទេ​ប៉ុន្តែ​អាច​និយាយបានថា ការចោទប្រកាន់​នេះ​គឺ​មិន​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការងារ​របស់លោក Meng នៅឯ​ប៉ូលិស​អន្តរជាតិ​ទេ​។​

អ្នក​ស្នង​តំណែង​របស់លោក Meng គឺ​នឹងត្រូវ​តែងតាំង​នៅ​ចុងខែ​នេះ​ក្នុង​មហាសន្និបាត​របស់​ប៉ូលិស Interpol នៅ​ទីក្រុង​ឌូ​បៃ​។​

គួរបញ្ជាក់​ជាថ្មី​ថា ស្ថាប័ន​ដែល​កំពុង​ស៊ើបអង្កេត​លោក Meng គឺ​គណៈកម្មការ​គ្រប់គ្រង​ជាតិ​របស់​ប្រទេស​ចិន​អាច​ឃុំឃាំង​ជនសង្ស័យ​រយៈពេល​៦​ខែ​ដោយ​មិនចាំបាច់​ផ្តល់​ការប្រឹក្សា​ដល់​មេធាវី​៕ AFP