ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​ត្រូវ​ភ្លើង​ឆេះ​រលាក​រលួយ​ខ្លួន​ ព្រោះតែ​ហ៊ាន​ត​សំដី​ជាមួយ​អ្នក​ខ្លាំង​

កណ្ដាល ៖ អ្នក​ខ្លាំង​បាន​រត់​គេច​ខ្លួន​បាត់ ​នៅតែ​អ្នក​ខ្សោយ​ ដែល​ហ៊ាន​ត​សំដី ​​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​ ដោយ​ត្រូវ​អណ្ដាតភ្លើង​សាំង​របស់​អ្នក​ខ្លាំង​ឆេះ​រោល​ខ្លួន​។​

ហេតុការណ៍​ហិង្សា​មាន​ស្ថាន​ទម្ងន់​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១​និង​០០​នាទី នៅ​ចំណុច​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភូមិធំ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ ឈ្មោះ ទុំ តុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មុខរបរ​កម្មករ។

​ជនសង្ស័យ ឈ្មោះ សៀង ឈឿន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មុខរបរ​កម្មករ (​គេចខ្លួន​)។​

សាក្សី​និយាយ​ថា ​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​បាន​ផឹក​ស្រា​ស្រវឹង​ជោក រួច​បាន​ស្រែក​ថា​ នៅ​ម្តុំ​នេះ​អាណា​ខ្លាំង​? ពេលនោះ​ជនរងគ្រោះ​ក៏បាន​ឆ្លើយតប​ទៅ​ជន​សង្ស័យ​ថា​ នៅ​ម្ដុំ​នេះ​គ្មាន​អ្នកណា​ខ្លាំង​ទេ។

ជនសង្ស័យ​ក៏​និយាយ​ទៅ​ជនរងគ្រោះ​ទៀត​ថា​ អ្ហែង​ចង់​ម៉េច ពេលនោះ​ជនរងគ្រោះ​ក៏បាន​ឆ្លើយ​ថា​ អត់​ចង់​ម៉េច​ទេ។ ភ្លាមៗនោះ​ជនសង្ស័យ​ក៏បាន​យក​ដប​សាំង​(​សាំង​ដាក់​ដប​ទឹក​សុទ្ធ​) ដែល​កាន់​នៅ​នឹង​ដៃ​ចំនួន​កន្លះ​លីត្រ​យក​ទៅ​ចាក់​លើ​ជនរងគ្រោះ រួច​យក​ដែកកេះ​ដុត​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ឆេះ​រង​របួស​ធ្ងន់​តែម្តង​។ ក្រោយពី​ដុត​រួច​ ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់ ហើយ​ករណី​នេះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ៕