ព័ត៍មានទាន់​ហេតុការណ៏
Search

ប្ដី​ប្រពន្ធ​រវល់​ទៅ​ប្រមូល​ផល​នៅ​ឯ​ស្រែ​ ទុស្សេ​ខ្សែភ្លើង ​ឆេះ​ផ្ទះ​ក្លាយ​ជា​ផេះ​

ពោធិ៍សាត់ ​៖ ​ផ្ទះ​ប្រជាកសិករ​មួយ​ខ្នង​ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ ទុស្សេ​​​ខ្សែភ្លើង​​ ​​ខណៈ​ម្ចាស់ផ្ទះ​នៅ​ឯ​ស្រែ។

ឧប្បត្តិហេតុ​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​ខ្នារ​ទទឹង ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

បើ​តាម​លោក ញាណ សាវឿន នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ខ្នារ​ប្រាប់​ថា ម្ចាស់ផ្ទះ​ឈ្មោះ សេង ស៊ុយ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ គួ​យ មុំ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ផ្ទះ​មាន​ទំហំ ៦​គុណ​៧ ធ្វើ​អំពី​ឈើ​ក្រាល​ក្ដារ ប្រក់​ស័ង្កសី តុល្យភាព​ខូចខាត​ផ្ទះ​មួយ​ខ្នង អង្ករ​៥០​គីឡូក្រាម សម្ភារៈ​ប្រើប្រាស់​ទាំងអស់ លុយ​ចំនួន ​បី​លាន ​ប៉ែត​សិប​ម៉ឺន​រៀល​​ ខ្សែក​មាស​ទម្ងន់​៥​ជី​ កង់​ជិះ​ជា​មធ្យោបាយ​អស់​៣​គ្រឿង។

លោកនាយ​ប៉ុស្តិ៍​បាន​និយាយ​ពី​ហេតុការណ៍​នេះ​ថា មុន​ពេល​កើតហេតុ គឺ​ប្ដី​ប្រពន្ធ​ម្ចាស់ផ្ទះ​ បាន​នាំគ្នា​ទៅ​ស្រែ​ច្រូតស្រូវ​បាត់។ លុះ​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ខាងលើ ក៏បាន​ឆ្លង​ចរន្តអគ្គិសនី​ទុស្សេ​ខ្សែ​ភ្លើង​គ្មាន​នរណា​ដឹង​ ក៏​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ក្លាយ​ជា​ផេះ​តែម្ដង ហើយ​ខាង​អាជ្ញាធរ​ ក៏បាន​ចុះ​មក​ដល់​ទី​តាំង​នេះ​ដែរ ដើម្បី​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ​សុំ​ជំនួយ​ជួយ​ឧបត្ថម្ភ​ពី​សាខា​កាកបាទក្រហម​ដល់​គ្រួសារ​ជនរងគ្រោះ៕