ព័ត៍មានទាន់​ហេតុការណ៏
Search

គឹម វាសនា និង​លិញ ភារ​ម្យ ជួប​កីឡាករ​ថៃ ខណៈ​ ពុ​យ វណ្ណៈ ជួប​កីឡាករ​អ៊ីរ៉ង់​

កីឡាករ​ជើង​ខ្លាំង​គឹម វាសនា អ្នក​ប្រដាល់​ នៃ​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ និង​កីឡាករ​ លិញ ភារ​ម្យ អ្នក​ប្រដាល់​ភា​រម្យ​គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​កីឡាករ​ថៃ​CHHang Soek Keat Thongrith និង​កីឡាករ​Phat norng Bee ខណៈ​កីឡាក​រពុយ វណ្ណៈ អ្នក​ប្រដាល់​មកពី​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្ត​ពោធិ៍សាត់​ជួប​ជាមួយ​កីឡាករ​ជនជាតិ​អ៊ីរ៉ង់​Shirkhani Shahab នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

ការជួបគ្នា​រវាង​កីឡាករ​ គឹម វាសនា និង​កីឡាករ​ថៃ​CHHang Soek Keat Thongrith ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម អ្នក​ទាំងពីរ​មិនដែល​ធ្លាប់​ជួបគ្នា​ទេ​នាពេល​កន្លងមក​នៅ​សង្វៀន​នេះ កីឡាករ​ថៃ​ម្នាក់នេះ​មិនទាន់​ដឹងថា គេ​មាន​កំណត់ត្រា​ប្រកួត​បែបណា​នោះ​ទេ តែ​កីឡាករ​ថៃ​ភាគ​ច្រើន​គេ​ពូកែ​ខាង​ស្នៀត​ជើង​ទាត់ និង​ជង្គង់ ព្រមទាំង​ស្នៀត​កាច់​ផ្ដួល​។

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​CHHang Soek Keat Thongrith រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ គឹម វាសនា បាន​នោះឡើយ ព្រោះថា គឹម វាសនា ពេលនេះ​គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ​។​

គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នេះ​ផង​ដែរ​។ ក្រោយ​ពេល​ឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​ជាច្រើនលើក​កន្លងមក​នោះ បាន​ធ្វើ​ឲ្យ​គេ​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាចរអា​អ្វី​បន្តិច​ឡើយ​។

ការប្រកួត​របស់​ គឹម វាសនា កន្លងមក​គេ​មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត​ផង​ដែរ​។

ចាំមើល​ការប្រកួត​នេះ គឹម វាសនា និង​កីឡាករ​ថៃ​CHHang Soek Keat Thongrith​ តើន​រណា​ជា​អ្នក​ឈ្នះ​?​។​

ចំណែក​កីឡាក​រ ពុយ វណ្ណៈ ជួប​ជាមួយ​កីឡាករ​អ៊ីរ៉ង់​Shirkhani Shahab ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូ​ក្រាម អ្នក​ទាំង​២​មិនដែល​ជួបគ្នា​ទេ​ពីមុនមក តែ​យ៉ាងណា​កីឡាករ​ថៃ​គេ​រឹងមាំ កម្លាំង​ស៊ុ​ហ្វ​ខ្លាំង និង​ស្នៀត​ជើង​ទាត់ ជង្គង់​របស់​គេ​វាយ​ចេញ​រហ័ស​ និង​ខ្លាំង​ទៀតផង​។
រីឯ​កីឡាក​រ ពុយ វណ្ណៈ គេ​ជា​កីឡាករ​ជើង​ថ្មី​តែ​ស្នៀត​ប្រយុទ្ធ​របស់​គេ​ល្អ ពិសេស​គឺ​ស្នៀត​កណ្ដាប់ដៃ និង​ជង្គង់​តែម្ដង ដែល​អាច​វាយ​ប្រយោល​ក៏បាន​ចូល​កៀក​ក៏បាន ដោយ​ប្រើ​បាន​លឿន ហើយ​ធ្ងន់​ថែម​ទៀត​។ ចាំមើល​ក្នុងការ​ប្រកួត​នេះ​កីឡាក​រ ពុយ វ​ណ្នៈ អាច​យកឈ្នះ​លើ​កីឡាករ​អ៊ីរ៉ង់ ​Shirkhani Shahab បានដែរ​ឬ​យ៉ាងណា​?​។​

ដោយឡែក​កីឡាករ​ លិញ ភារ​ម្យ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​Phat norng Bee ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក តែ​កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ជាច្រើនលើក​មក​ហើយ ស្នៀត​ខ្លាំង​របស់​គេ ​គឺ​ជើង​ទាត់​កាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្ដួល​។

ចំណែក​កីឡាករ ​លិញ ភារ​ម្យ គេ​ជា​កីឡាករ​ជើង​ថ្មី​កំពុង​ធ្វើ​ឲ្យ​អ្នក​តាមដាន​ប្រដាល់​ចាប់អារម្មណ៍​ចំពោះ​ស្នៀត​ប្រយុទ្ធ​របស់​គេ ការប្រកួត​កន្លងមក​គេ​ប្រើ​បាន​ទាំង​ដៃ​ទាំង​ជើង​តែម្តង​លិញ ភារ​ម្យ គេ​ជា​អ្នក​ស្រករ​ក្រោយ​មែន​តែ​ចិត្ត​របស់​គេ​ធំ​ខ្លាំង​ណាស់​មិនតែប៉ុណ្ណោះ គេ​វាយ​ដោយ​ហ៊ាន​ប្ដូរ​កែង​ជា​មួយ​គូប្រកួត​ដោយ​គ្មាន​ញញើត​ទៀត​ផង​។ ចាំ​មើល​រវាង​កីឡាករ ​លិញ ភារ​ម្យ និង​កីឡាករ​ថៃ​កីឡា​ករ​Phat norng Bee នរណា​ជា​អ្នកឈ្នះ​?៕