ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​ពន្យារពេល​ការ​អនុម័ត​របស់​អង្គការសហប្រជាជាតិ​ចំពោះ​ជំនួយ​សម្រាប់​ប្រទេស​កូរ៉េខាងជើង

យោង​តាម​ឯកសារ​ដែល​មើលឃើញ​ដោយ AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​កំពុង​ពន្យារពេល​ការអនុម័ត​សំណើ​ជាច្រើន​សម្រាប់​ការលើកលែង​ទណ្ឌកម្ម​ដើម្បី​ផ្តល់​ត្រាក់ទ័រ គ្រឿងបន្លាស់​និង​ទំនិញ​ផ្សេងទៀត​ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ជំនួយ​មនុស្សធម៌​នៅ​ប្រទេស​កូរ៉េខាងជើង។

​ប្រទេស​រុស្ស៊ី​បានស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ពិភាក្សា​អំពី​ការពន្យារ​ពេលនេះ​នៅក្នុង​កិច្ចប្រជុំ បិទទ្វារ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ប្រទេស​កូរ៉េខាងជើង​កំពុងស្ថិត​នៅក្រោម​ការដាក់​ទណ្ឌកម្ម​ដោយសារ​ការធ្វើ​តេស្ត​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​ប៉ុន្តែ​សេចក្តីសម្រេច​របស់ UN បាន​បញ្ជាក់ថា ទាំងនេះ​មិនគួរ​ប៉ះពាល់​ដល់​ជំនួយ​មនុស្សធម៌​ទេ​។​

យោងតាម​ឯកសារ​ដែល​ត្រូវបាន​មើលឃើញ​ដោយ AFP បាន​បង្ហាញថា ការលើកលែង​នេះ​នឹង​អនុញ្ញាត​ឲ្យ​មានការ​ផ្តល់​គ្រឿង​បរិក្ខារ​ដែល​ត្រូវការ​ដើម្បី​ជួសជុល​ទីតាំង​សុខាភិបាល​កូរ៉េខាងជើង ឧបករណ៍​កសិកម្ម​ដូចជា​ត្រាក់ទ័រ​និង​ទំនិញ​ផ្សេងទៀត​ដែល​ត្រូវការ​សម្រាប់​គម្រោង​មនុស្សធម៌​។​

ឯកអគ្គរដ្ឋទូត​អាមេរិក​លោកស្រី Nikki Haley បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ចំណាយ​ពេលវេលា​របស់ខ្លួន​ដើម្បី​ពិនិត្យ​សំណើ​នេះ​ដើម្បី​ធានាថា ពួកគេ​មិន​ត្រូវបាន​បង្វែរ​ទៅរក​ក្រុង​ព្យុងយ៉ាង​ជំនួស​ឲ្យ​អ្នក​ដែល​ត្រូវការ​ជំនួយ​ទេ​។​

សហរដ្ឋអាមេរិក​បាន​ច្រានចោល​ការអំពាវនាវ​ពី​ប្រទេស​ចិន​និង​រុស្ស៊ី​ឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដើម្បី​លើកទឹកចិត្ត​ដល់​មេដឹកនាំ​គីម​ជុង​អ៊ុន​ឲ្យ​បញ្ឈប់​ការសាកល្បង​មី​ស៊ី​ល​និង​បើកចំហ​ចំពោះ​កិច្ចសន្ទនា​ជាមួយ​សហរដ្ឋអាមេរិក​។​

រដ្ឋបាល​របស់លោក​ប្រធានាធិបតី Donald Trump បាន​អះអាងថា សម្ពាធ​អតិបរមា​ពី​ការដាក់ទណ្ឌកម្ម​ត្រូវតែ​រក្សា​ដើម្បី​បង្ខំ​លោក​គីម​ឲ្យ​អនុវត្តតាម​ការសន្យារ​ប​ស់លោក​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។​

លោកស្រី Haley បាន​និយាយថា កិច្ចប្រជុំ​តាម​ការគ្រោងទុក​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo និង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​លោក Kim Yong Chol ដើម្បី​ជំរុញ​ឲ្យ​មាន​វឌ្ឍនភាព​នៃ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​គឺ​ត្រូវបាន​លុបចោល​តាម​សំណើ​របស់​ក្រុង​ព្យុងយ៉ាង​។​

លោកស្រី​បន្តថា “​ពួកគេ​ផ្អាក​វា​ដោយសារតែ​ពួកគេ​មិនទាន់​ត្រៀមខ្លួន​បាន​រួចរាល់​”​។​
​យោងតាម​ការិយាល័យ​ម​នុស្ស​ធម៌​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹងថា ប្រជាជន​ប្រហែល ១០.៣​លាន​នាក់​ឬ​៤១​ភាគរយ​នៃ​ប្រជាជន​កូរ៉េខាងជើង​គឺមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​៕ AFP