ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​នាយិកា​ក្រុមហ៊ុន​លី អ៊ុំ​អេង លី​មី​ធី​ត​ នៅ​សៀមរាប​ យក​មក​ឃុំ​នៅ​ភ្នំពេញ​​

ភ្នំពេញ ៖ អ្នកស្រី លី អ៊ុំ​អេង នាយិកា​ក្រុមហ៊ុន​លី​អ៊ុំ​អេង​លី​មី​ធី​ត ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ ម៉ុង មុ​នី្ន​សោភា សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នា​ល្ងាច​ថ្ងៃ​ទី​០៩ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន ( ចេញ​សែក​អត់​លុយ )។​

ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ក្រុង​សៀមរាប​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នៅ​ទឹកដី​ខេត្តសៀមរាប​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​សៀមរាប ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​អត់​សាច់​ប្រាក់​ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​។​

បន្ទាប់ពី​ចាប់ខ្លួនបាន​ហើយ ​សាលាដំបូង​ខេត្ត​សៀមរាប​បាន​ផ្ទេរ​សមត្ថ​កិច្ចចាត់ការ​សំណុំរឿង​នេះ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ​រួច​បញ្ជូន​អ្នកស្រី លី អ៊ុំ​អេង​ មក​រាជធានី​ភ្នំពេញ​។​

រហូតមកដល់​រសៀល​ថ្ងៃទី​០៩​វិច្ឆិកា​ លោក ​ម៉ុង មុនី​សោភា ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ឃុំខ្លួន​អ្នកស្រី លី អ៊ុំ​អេង​ ដាក់​ពន្ធនាគារ​តែម្ដង​។​

លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​អ្នកស្រី លី អ៊ុំ​អេង កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​។​

បើតាម​ដីកា​តុលាការ​, មុនពេល​ចាប់ខ្លួន​នេះ ​គឺ​អ្នកស្រី លី អ៊ុំ​អេង បានគេច​ខ្លួន​មិន​ទទួលខុសត្រូវ នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់​លោក​ស្រី​។​

ក្រៅពី​សំណុំរឿង​នេះ ​នៅ​មាន​ប្រជាពលរដ្ឋ​ចំនួន​០៨​គ្រួសារ បាន​ចោទ​អ្នកស្រី លី អ៊ុំ​អេង ថា​រំលោភ​យក​ដី​របស់​ពួកគាត់​ប្រមាណ​ជាង​១០​ហិកតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​និង​ខេត្ត​សៀម​រាប ប៉ុន្តែ​នេះ​ជា​រឿងក្ដី​មួយទៀត​ដែល​គូភាគី​កំពុង​ដោះស្រាយ​គ្នា​នៅឡើយ ប៉ុន្តែ​ដំណោះស្រាយ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ​ ដោយសារ​អាជ្ញាធរ​ខេត្ត​គ្មាន​ចេតនា​ដោះស្រាយ​ឲ្យ​ចប់ ទុក​ការ​ដោះ​ស្រាយ​ឲ្យ​យឺតយូរ​ដូច​គេ​អាំង​ដំរី៕