ព័ត៍មានទាន់​ហេតុការណ៏
Search

“​កំណើន​សេដ្ឋកិច្ច និង​កំណើន​ប្រាក់ចំណូល​” នាំ​ឲ្យ​ធនាគារ PPCBank យក​សិទ្ធិ​ផ្ដាច់មុខ ចេញ​កាត​របស់ Diners Club International នៅ​កម្ពុជា​

​ភ្នំពេញ ​៖ “​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ ជា​លទ្ធផល​នាំ​ឲ្យ​កម្រិត​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ នេះ​គឺជា​មូលហេតុ​នាំ​ឲ្យ​ធនាគារ PPCBank សម្រេច​យក​សិទ្ធិ​ផ្ដាច់មុខ ដើម្បី​ចេញ​កាត​ទូទាត់​ប្រាក់ Diners Club International នៅក្នុង​ប្រទេស​កម្ពុជា​។​”

​នេះ​គឺជា​ការលើកឡើង របស់​លោក ស៊ីន ចាង​មូ ប្រធាន​ធនាគារ PPCBank នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ចូលរួម​ជាមួយ​បណ្ដាញ​ទំនាក់ទំនង​របស់ Diners Club International ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ ក្រោម​វត្តមាន​ថ្នាក់​ដឹក​នាំ របស់​ធនាគារ PPCBank និង Diners Club International ជាច្រើន​នាក់​។



កិច្ច​ព្រមព្រៀង​នេះ ផ្ដល់​ឲ្យ​ធនាគារ PPCBank នូវ​សិទ្ធិ​ក្នុង​ការចេញ​កាត​ទូទាត់​ប្រាក់ Diners Club ឲ្យ​ទៅ​អតិថិជន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​អតិថិជន​របស់​ធនាគារ PPCBank នឹងត្រូវ​អញ្ជើញ​ឲ្យ​ដាក់ពាក្យ ដើម្បី​ទទួលយក​កាត​ទូទាត់​ប្រាក់ Diners Club Cambodia ជាមួយ​ការផ្ដល់ជូន​អត្ថប្រយោជន៍​ពិសេស​ជាច្រើន រួម​ជាមួយនឹង​បទ​ពិសោធន៍​លំដាប់​អន្តរជាតិ ក្នុង​ការទិញ​ទំនិញ​, ការ​ញ៉ាំ​អាហារ​, ការ​ធ្វើ​ដំណើរ​, ការថែទាំ​សុខភាព​, ការ​អប់រំ និង​អ្វីៗ​ជាច្រើន​ទៀត​។

កាត​ទូទាត់ Diners Club Cambodia នឹងត្រូវ​បានទទួល​ស្គាល់​សម្រាប់​ការ​ទូទាត់​ប្រាក់​នៅ​ទូទាំង​ពិភពលោក ដែលមាន​ជាង​២៨​លាន​កន្លែង ជា​ដៃគូ​ទទួល​ការទូទាត់​ប្រាក់​នៅ​ក្នុង​ជាង​១៩០​ប្រទេស​។

សមាជិក​កាត Diners Club Cambodia នឹង​រីករាយ​ក្នុង​ការ​ទទួល​បាន​នូវ​កម្មវិធី​ជាច្រើន​សម្រាប់​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម ជាមួយ​ការ​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន ដូចជា​អាច​ប្រើប្រាស់​បណ្ដាញ កន្លែង​កម្សាន្ត​សម្រាក​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​នៅ​ព្រលានយន្តហោះ​, ទទួល​បាន​ឋានៈ​ជា​អតិថិជន​សម្រាំង និង​ជា​មួយ​ការផ្ដល់ជូន​ដ៏​មានតម្លៃ នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់ៗ នៅលើ​ពិភព​លោក​, បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន ក្នុងការ​ញ៉ាំ​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន ល្បីឈ្មោះ​នៅលើ​ពិភពលោក​, និង​ការផ្ដល់ជូន​ពិសេស លើ​ការកម្សាន្ត និង​ការទិញ​ទំនិញ​ប្រណិត​។​

​លោក ស៊ីន ចាង​មូ (Shin Chang Moo) ប្រធាន​ធនាគារ PPCBank បាន​មានប្រសាសន៍ថា​ ៖ “​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ជាមួយនឹង​និន្នាការ​លេចឡើង​ថ្មីៗ នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ តាមរយៈ​ទូរស័ព្ទ​ដៃ​, ឥរិយាបថ​ និង​ទស្សនវិស័យ របស់​ប្រជាជន​កម្ពុជា ចំពោះ​ការ​ចំណាយ​ប្រាក់ បាន​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​។

បច្ចុប្បន្ន​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ​ចំណាយ​ច្រើន ទៅលើ​ផលិតផល និង​សេវាកម្ម ដែលមាន​គុណភាព ជំនួស​ឲ្យ​ការចំណាយ​តិច សម្រាប់​ផលិតផល ឬ​សេវាកម្ម ដែល​ខ្វះ​ការរំពឹងទុក និង​តម្រូវការ​។ ”

​លោក Shin បាន​បន្ថែមទៀតថា “​ជាមួយនឹង​ចំណុច​ទាំងនេះ​ជា​មូលដ្ឋាន ធនាគារ PPCBank តែងតែ​ស្វែងរក​ឱកាស ដើម្បី​ធ្វើការ​ណែនាំ​ផលិតផល និង​សេវាកម្ម​ថ្មីៗ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​អាចបំពេញ​តម្រូវកា​រ ដែល​កំពុង​កើនឡើង​។ ជាមួយនឹង​កាត​ទូទាត់​ប្រាក់ Diners Club International យើង​រង់ចាំ​ផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​បទពិសោធន៍​ផ្នែក​ហិរញ្ញវត្ថុ​ថ្មី ខណៈពេលដែល​ពួកគាត់ ទទួលបាន​សិទ្ធិ​ពិសេសៗ​ជាច្រើន នៅ​ទូទាំង​ពិភពលោក​”​។

​លោក Joe Hurley អនុប្រធាន​ជាន់ខ្ពស់ និង​ជា​ប្រធាន​អភិវឌ្ឍ​អាជីវកម្ម​ជាស​កល នៃ​ក្រុមហ៊ុន Discover បាន​មានប្រសាសន៍ថា​ “​យើង​ទន្ទឹងរង់ចាំ​ដើម្បី​គាំទ្រ ដល់​ធនាគារ PPCBank ជាមួយនឹង​ការ​បើក​ដំណើរការ​កាត Diners Club Cambodia និង​ផ្តល់​ឲ្យ​សមាជិក​ក្លឹប​របស់​ពួកគេ នូវ​ការ​ទទួលបាន​ការ​ទូទាត់​ប្រាក់ នៅ​ទូទាំង​ពិភពលោក និង​សមត្ថភាព​ក្នុង​ការ​ទាញយក​ប្រយោជន៍ ពី​អត្ថប្រយោជន៍​ផ្ដាច់មុខ​ជាច្រើន​សម្រាប់​តែ​សមាជិក​របស់​កាត Diners Club”​។​

​លោក Joe Hurley បាន​បន្តទៀតថា “​កិច្ចព្រមព្រៀង​នេះ ស្របតាម​យុទ្ធសាស្ត្រ​របស់​យើង ក្នុង​ការ​បង្កើត​ភាពជា​ដៃគូ ដែលមាន​តែមួយគត់ និង​អាច​បត់បែន​បាន​នៅ​ជុំវិញ​ពិភពលោក​។​”

តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយ Diners Club International, ធនាគារ PPCBank មាន​គោលបំណង​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ល្អៗ សម្រាប់​អតិថិជន ដែល​កំពុង​ស្វែងរក ប្រណីតភាព និង​ភាព​ងាយ​ស្រួល​នៅក្នុង​ស្រុក​ និង​ក្រៅប្រទេស ខណៈ​ដែល​អាច​រក្សា​បាន​ទាំង​គុណភាព និង​កិត្យានុភាព​។​

​ធនាគារ PPCBank ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៨ និង ត្រូវបាន​ទទួលស្គាល់ថា ជា​ធនាគារ​ពាណិជ្ជ ដែល​រីកចម្រើន​លឿន​បំផុត​មួយ នៅក្នុង​ប្រទេស​កម្ពុជា​។ មិនមែន​សំដៅ​តែ​ទៅលើ​ទំហំ​ទ្រព្យសកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅលើ​ការ​រីកចម្រើន​ទាំង​ខាង​បណ្ដាញ​ទៅដល់​គោលដៅ និង​ចំនួន​អតិថិជន​ផងដែរ​។

ដោយមាន​បំណង​ធ្វើ​បដិវត្ត និង​បដិរូបកម្ម បទពិសោធន៍​ធនាគារ នៅ​ក្នុង​ប្រទេស​កម្ពុជា​, នៅ​ពេល​ថ្មីៗ​នេះ ធនាគារ PPCBank ទើបតែ​បាន​បង្កើត​នូវ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ប្រភេទ ដោយ​រួម​បញ្ចូល​ទាំង​កម្មវិធី នៅលើ​ទូរស័ព្ទ​ចល័ត​ផង​ដែរ ដែល​មាន​មុខងារ​ពេញលេញ​ដូចជា​ សេវា​ធនាគារ​តាម​អ៊ីនធឺណិត (SmartBiz), ប្រព័ន្ធ​បេឡា​ចល័ត សម្រាប់​ការពិគ្រោះ​យោបល់​នៅនឹងកន្លែង​, និង​មជ្ឈ​មណ្ឌល​ផ្ដល់​សេវា​អតិថិជន បែប​វៃឆ្លាត ដើម្បី​បម្រើ​សេវា​២៤​ម៉ោង ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។

បច្ចុប្បន្ន​នេះ ធនាគារ PPCBank គឺជា​ធនាគារ​ពាណិជ្ជ ដែល​មាន​អាជ្ញាប័ណ្ណ​ពេញលេញ កំពុង​ដំណើរការ​អនុវត្ត​គម្រោង ធនាគារ​ឌីជីថល​របស់​ខ្លួន ដោយ​ផ្តោត​លើ​ការណែនាំ និង​កែលំអ​សេវា​ហិរញ្ញវត្ថុ​ចល័ត​។ ទំនាក់ទំនង នៃ​ការទទួលបាន​សិទ្ធិ​ពាណិជ្ជកម្ម ជាមួយ Diners Club International នឹង​ក្លាយ​ជា​ការបន្ថែម​ចុងក្រោយ​បំផុត ក្នុង​ការ​ផ្ដល់​ផលិតផល​ថ្មី ជូន​អតិថិជន​របស់​ខ្លួន​៕