ព័ត៍មានទាន់​ហេតុការណ៏
Search

សារលិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ផ្តល់​នូវ​ក្តីសង្ឃឹម​សាជាថ្មី​ថា នឹង​ជួយ​កម្ពុជា​ក្នុង​ការ​បោះ​ជំហាន​ទៅមុខ​បន្ត​ទៀត​

ភ្នំពេញ ៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​អះអាង​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​ក្ដី​សង្ឃឹមថា សហរដ្ឋអាមេរិក នឹង​ជួយ​ប្រជា​ពលរដ្ឋ​កម្ពុជា​បោះជំហាន​ទៅមុខទៀត ដោយ​គិតគូរ និង​គោរព​ចំពោះ​ស្មារតី​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​បែប​នៅ​ក្នុង​សារលិខិត​តប​ លោក ម៉ៃ​ឃើ​ល ប៉ុ​ម​ភី​អូ (Michael R. Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ដែល​នៅ​ក្នុង​សារលិខិត​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ រវាង​ប្រជាជន​អាមេរិក និង​កម្ពុជា ហើយ​តាមរយៈ​ទំនាក់ទំនង​នេះ បាន​ផ្តល់​ជា​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ប្រជាជន ​នៃ​ប្រទេស​ទាំងពីរ​។​

លិខិត​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Michael R. Pompeo ចុះ​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​អារម្មណ៍​រំភើប​រីករាយ​ចំពោះ​សារលិខិត​ដ៏​កក់ក្ដៅ និង​ជា​មិត្តភាព​របស់ លោក ម៉ៃ​ឃើ​ល ប៉ុ​ម​ភី​អូ ដែល​បាន​ផ្ញើ​ជូន​ប្រជាជន​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ​លើក​ទី​៦៥ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា ហើយ​ក្នុងនាម​ប្រជាជន និង​រាជរដ្ឋាភិបាល ដែល​លោក បាន​បម្រើ​ប្រកបដោយ​មោទនភាព​នោះ លោក​សូម​សម្ដែង​អំណរគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​បាន​ផ្ញើ​សារ​ជូនពរ​សព្វ​សាធុការ​នេះ​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បន្ថែម​ថា “​ដូច​ក្នុង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ដែរ ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ប្រចាំ​ឆ្នាំ គឺជា​ការសំដែង​នូវ​ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​យ៉ាង​ពិត​ប្រាកដ​របស់​ប្រជាជន ចំពោះ​សេរីភាព និង​អធិបតេយ្យភាព​។

ទន្ទឹម​នេះ ​ដូច​ប្រជាជាតិ​អាមេរិក​ដ៏​មហិមា ប្រជាជាតិ​កម្ពុជា ក៏​មាន​មោទនភាព​នឹង​ជ្រោង​ទង់​ឯករាជ្យ​របស់​ខ្លួន​ផង​ដែរ​។

​ក្នុង​ពេល​ជាច្រើន​ឆ្នាំ​ទៀត​តទៅ​អនាគត ប្រជាជន​កម្ពុជា មានបំណង​ប្រាថ្នា នឹង​ផ្តល់​នូវ​អាទិភាព​ខ្ពស់​បំផុត​ក្នុង​ការ​ពង្រឹង​បន្តិច​ម្តងៗ​នូវ​មូលដ្ឋានគ្រឹះ​ នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន សំដៅ​ធានា​ឲ្យ​បាន​នូវ​សង្គម​មួយ​ដែល​មាន​សន្តិភាព ស្ថិរភាព វិបុលភាព ពហុភាគី និង​យុត្តិធម៌​”​។​

ជាមួយគ្នា​នោះ នៅក្នុង​សារលិខិត​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូស​រំលេច​ពី​បំណង​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កម្ពុជា​នូវ​ឯករាជ្យ​ភាព និង​អធិប​តេយ្យភាព​ផង​ដែរ ដោយបាន​គូសបញ្ជាក់ថា “​សារលិខិត​របស់ ឯកឧត្ដម ប៉ុ​ម​ភី​អូ ផ្តល់​ឲ្យ​យើង​ទាំង​អស់​គ្នា​នូវ​ក្តីសង្ឃឹម​សាជាថ្មី​ថា សហរដ្ឋអាមេរិក នឹង​ជួយ​ប្រជាជន​កម្ពុជា​ក្នុងការ​បោះជំហាន​ទៅមុខ​ទៀត ដោយ​គិតគូរ​ទៅដល់ និង​គោរព​ចំពោះ​ស្មារតី​នៃ​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​”​។​

សូមបញ្ជាក់ថា សារលិខិត​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើ​ឡើង​ភ្លាមៗ​តប​ទៅ​នឹង​សារលិខិត​របស់លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ដែល​បាន​ចូលរួម​អបអរសាទរ​ថ្ងៃបុណ្យ​ឯក​រាជ្យ​ជាតិ​របស់​កម្ពុជា​។​

តាម​សារលិខិត​ លោក ម៉ៃ​ឃើ​ល ប៉ុ​ម​ភី​អូ (Michael R. Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លើកឡើងថា តាងនាម​ឲ្យ​រដ្ឋាភិបាល​ នៃ​សហរដ្ឋ​អាមេរិក លោក​សូម​អបអរសាទរ​ដល់​ប្រជាជន​កម្ពុជា នូវ​ខួប​លើក​ទី​៦៥ នៃ​ឯករាជ្យ​ភាព នា​ថ្ងៃ​ទី០​៩ វិច្ឆិកា​។

លោក​បន្ត​ថា ចំណងទាក់ទង​ដ៏​រឹងមាំ​រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា បាន​ផ្តល់​នូវ​ប្រយោជ​ន៍​ដល់​ប្រទេស​របស់​យើង​។ តាម​លោក Michael R. Pompeo ជា​រៀងរាល់ឆ្នាំ​ភ្ញៀវ​ទេសចរ​អាមេរិក​ជាង​១៧​ម៉ឺន​នាក់ បាន​ទទួល​បទពិសោធន៍ និង​ប្រវត្តិសាស្ត្រ ដ៏​ល្អ​ពី​ប្រទេស​កម្ពុជា​៕