ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានីយ​ទូរទស្សន៍​ជប៉ុន​លុបចោល​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម BTS ដោយសារ​អាវយឺត​មាន​រូប​គ្រាប់បែកបរមាណូ

ស្ថានីយ​ទូរទស្សន៍​ជប៉ុន​មួយ​បាន​លុបចោល​ការសម្តែង​របស់​ក្រុម​តារាចម្រៀង BTS ដ៏​មាន​ប្រជាប្រិយភាព​របស់​កូរ៉េ​ បន្ទាប់ពី​ភាព​ចម្រូងចម្រាស​បាន​ផ្ទុះឡើង​ដោយសារ​អាវ​ដែល​ពាក់​ដោយ​សមាជិក​ម្នា​ក់មាន​បង្ហាញ​ពី​ផ្សែង​ខ្មួលខ្មាញ់​ដែល​បង្កើតឡើង​ដោយ​គ្រាប់បែកបរមាណូ​។​

ក្រុម​ចម្រៀង​ល្បីល្បាញ​ជា​អន្តរជាតិ​មួយ​នេះ​គ្រោង​នឹង​សម្តែង​ក្នុង​ទូរទស្សន៍ Asahi នៅ​ថ្ងៃ​សុក្រ​ប៉ុន្តែ​ស្ថានីយ​នេះ​បាន​លុបចោល​ការប្រគំ​តន្ត្រី​ភ្លាមៗ​បន្ទាប់ពី​រូបថត​របស់​សមាជិក​ម្នាក់​ឈ្មោះ Jimin ដែល​ពាក់​អាវយឺត​បាន​បង្ក​ឲ្យ​មាន​ការជជែក​វែកញែក​។​

ទូរទស្សន៍ Asahi បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វត្តមាន​របស់​ក្រុម BTS នៅ​ថ្ងៃទី​៩​ត្រូវបាន​លុបចោល​”​។ ស្ថានីយទូរទស្សន៍​នេះ​បាន​បន្ថែមថា “​អាវយឺត​ដែល​ពាក់​ដោយ​សមាជិក​ម្នា​ក់​ក្នុងចំណោម​សមាជិក​ទាំងអស់​បានធ្វើ​ឲ្យ​មានការ​ជជែក​វែកញែក​និង​ក្លាយទៅជា​រឿង​ដ៏​ចម្រូងចម្រាស​”​។​

ទន្ទឹម​នោះដែរ ក្រុម BTS បានចេញ​សេចក្តីថ្លែងការណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ស្តីពី​បញ្ហា​នេះ​ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ថា​តើ​ហេតុអ្វី​បានជា​ការប្រគុំ​តន្ត្រី​ត្រូវបាន​ផ្អាក​នោះទេ​។​
​ក្រុម​នេះ​បាន​និយាយ​នៅលើ​គេហទំព័រ​របស់​ពួកគេ​ថា “​យើង​សុំទោស​ចំពោះ​អ្នកគាំទ្រ​ដែល​ខកចិត្ត​។ BTS នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ដើម្បី​ភ្ជាប់​ជាមួយ​អ្នកគាំទ្រ​នៅលើ​ឆាក​និង​តាមរយៈ​តន្ត្រី​”​។​

អាវយឺត​នេះ​មាន​ឃ្លា​ថា “PATRIOTISM OUR HISTORY LIBERATION KOREA” ជាច្រើន​ជួរ​ជាមួយ​រូបភាព​នៃ​ការផ្ទុះ​គ្រាប់បែកបរមាណូ​និង​ជនជាតិ​កូរ៉េ​អបអរ​ការរំដោះ​។​

សមាជិក​ក្រុម BTS ឈ្មោះ Jimin ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ពាក់​អាវយឺត​នេះ​កាលពី​ឆ្នាំមុន​នៅ​ថ្ងៃទី​១៥​ខែសីហា​នៅពេល​កូរ៉េ​ប្រារព្ធ​ការបញ្ចប់​ការកាន់កាប់​របស់​ជប៉ុន​ក្នុង​ឆ្នាំ​១៩៤៥​។​

គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​នៅតែ​ល្អក់កករ​ដោយសារ​ជម្លោះ​ដ៏​ជូរចត់​លើ​បញ្ហា​ប្រវត្តិសាស្ត្រ​និង​ទឹកដី​ដែល​កើតចេញពី​ការគ្រប់គ្រង​អាណានិគម​ឆ្នាំ​១៩១០​ដល់​ឆ្នាំ​១៩៤៥​ដ៏​ឃោ​ឃៅ​របស់​ជប៉ុន​លើ​ឧបទ្វីប​នេះ​៕ AFP


TAG