ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​កសិកម្ម ចុះ (MOU)​ ជាមួយ អង្គការ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិនភាព ​នៃ​ប្រទេស​ម៉ាឡេស៊ី ​

ភ្នំពេញ ​៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគ​យល់​គ្នា (MOU) ជាមួយ​អង្គការ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិនភាព​ នៃ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​ឫស្សី​នៅ​កម្ពុជា។​

​ពិធី​នោះបាន​ធ្វើឡើង​កាលពី ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម ក្រោម​ការ​អញ្ជើញ ចូលរួម​ពី លោក​រដ្ឋមន្ត្រី វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង តំណាង អង្គការ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិនភាព​នៃ​ប្រទេស​ម៉ាឡេស៊ី។​

​មានមតិ​ស្វាគមន៍​នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើ​ឲ្យ​សម្រេច​បាន​ឯកសារ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ដែល​យើង​នឹង​ចុះហត្ថ​លេខា​នាពេលនេះ​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រសួង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បើកទូលាយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។​

​លោក​បន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​រៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ដែល​បាន​ផ្តល់​អាទិភាព​ទៅ​លើ​អនុ​វិស័យ​ជាច្រើន​សំខាន់ៗ ក្នុង​ចំណោម​នោះ ​គឺ​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ​តាមរយៈ​ការ​ធ្វើ​កសិកម្ម​ចម្រុះ ក្នុង​គោលបំណង​ចម្បង ​គឺ​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ផលិតកម្ម​ឫស្សី​ដែល​ជា​មុខរបរ​មួយ​ថ្មី​អាច​ជួយ​បង្កើត​ការងារ​ជូន​ប្រជា​សហគមន៍​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ដែល​មាន​ធនធាន​ឫស្សី ​ដើម្បី​បង្កើន​ចំណូល​គ្រួសារ កាត់បន្ថយ​ការ​ពឹង​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ ការ​បរបាញ់ និង​កាត់បន្ថយ​ចំណាកស្រុក​តាមរយៈ​ការ​បង្កើន ពង្រឹង និង​ពង្រីក​ផលិតកម្ម​កែច្នៃ​ឫស្សី​របស់​កម្ពុជា​ឲ្យ​មាន​ផលិត​ភាព និង​គុណភាព​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​។​

​លោក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ ផ្ដល់​ក្តី​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ​គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​រួមគ្នា​អនុវត្ត​រាល់​ខ្លឹមសារ ​នៃ MOU ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​ព្រៃឈើ ក៏​ដូចជា​ក្រុមហ៊ុន​វិនិយោគ​៕