ព័ត៍មានទាន់​ហេតុការណ៏
Search

AFF Suzuki Cup ៖​ គ្រូបង្វឹក​ក្រុម​កម្ពុជា និង​ម៉ាឡេស៊ី លើកឡើង​ទស្សនៈ​ខុសគ្នា​ក្រោយ​ប្រកួត​បើកឆាក​ពូ​ល​A​ចប់

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ដោយ​លទ្ធផល ១​ទល់​០ ក្នុង​ប្រកួត​បើកឆាក​ពូ​ល​A នៃ​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​គ្រូបង្វឹក​របស់​ក្រុម​ទាំង​២ ​បាន​បង្ហាញ​ទស្សនៈ​រៀងៗ​ខ្លួន​ ក្រោយ​ចប់​ការប្រកួត។

លោក Tan Cheng Ho គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​ «​អរគុណ​កូនក្រុម​របស់ខ្ញុំ​ដែល​ស្វែង​រកបាន​៣​ពិន្ទុ​សម្រាប់​ប្រកួត​ដំបូង​នេះ​។ ចំពោះ​ខ្ញុំ​គឺ​គ្មានអ្វី​ត្រូវ​កែតម្រូវ​កម្ពុជា ព្រោះ​កម្ពុ​ជា​មាន​កីឡាករ​ល្អ​ច្រើន​ ពិសេស​គឺ​ការ​សហការ​គ្នា​លេង​ជា​ក្រុម​បាន​ល្អ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា ប្រកួត​ក្រោយៗ​កម្ពុជា នឹង​ធ្វើ​បាន​កាន់តែ​ល្អ​។ ខ្ញុំ​មានតែ​ជូនពរ​ការប្រកួត​នា​ថ្ងៃ​ខាងមុខ​របស់​កម្ពុជា ទទួល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​»​។ កីឡាករ Norshahrul Idlan ជា​ម្ចាស់​គ្រាប់​បាល់​ជ័យជម្នះ​របស់​ម៉ាឡេស៊ី បន្ទាប់ពី​បញ្ជូន​បាល់​បាន​ល្អ​ពី​កីឡាករ Mohd Zaquan Adha ដែលជា​មិត្ត​រួម​ជាតិ​។

​ចំណែក​លោក Félix Agustín González Dalmás ដែលជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​វិញ​បាន​លើកឡើង​ថា «​យើង​រៀន​បាន​ច្រើន​ពី​ការប្រកួត​នេះ ព្រោះ​ប៉ះ​ក្រុម​មួយ​ល្អ​ដូចជា​ម៉ាឡេស៊ី​នេះ​។ យើង​ពិបាក​គ្រប់គ្រង​ក្នុងការ​ប្រកួត​នេះ ​តែ​យើង​ក៏​មាន​ឱកាស​គ្រប់គ្រង​បាល់​បាន​ច្រើន​ដែរ​ពិសេស​គឺ​យើង​បាន​ផ្លាស់ប្ដូរ​ទម្រង់​លេង​បន្តិច​ បន្ទាប់ពី​ម៉ាឡេស៊ី​នាំមុខ​យើង​មុខ ១​គ្រាប់​រួចមក​។​ យើង​ព្យាយាម​ដាក់​សម្ពាធ​ដែរ តែ​ការលេង​គឺ​ដូច្នេះ ពេលខ្លះ​ដាក់​សម្ពាធ ពេលខ្លះ​ក៏​អត់​។ វា​គឺជា​ការ​ល្អប្រសើរ​ព្រោះ​លទ្ធផល​១-០ យើង​ធ្វើ​បាន​ល្អ​ជាង​លើក​មុន​ពិសេស​គឺ​ការរក្សា​ទម្រង់​លេង​បានល្អ​ពេញ​រយៈពេល​៩០​នាទី​»​។

ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​គឺ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​ទាំងមូល​នេះ​នៅ​កម្ពុជា គឺ​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ដោយ​ប៉ុស្តិ៍ BTV News​ផងដែរ​។

លទ្ធផល​ប្រកួត​ថ្ងៃ​ដំបូង​ក្នុង​ពូ​ល A ជាមួយគ្នា​នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ នេះ​ផងដែរ​ក្រុម​ឡាវ បាន​ចាញ់​វៀតណាម ៣​ទល់​០ ខណៈ​មី​យ៉ាន់​ម៉ា មិន​ទាន់​បាន​ប្រកួត​នៅឡើយ​នោះ​ទេ​។ បើ​រាល់​តារាង​ចំណាត់ថ្នាក់​ឃើញថា ​វៀតណាម ឈរ​លេខ​១ ម៉ាឡេស៊ី ឈរ​លេខ​២​មាន​៣​ពិន្ទុ​ដូចគ្នា ហើយ​មី​យ៉ាន់​ម៉ា ឈរ​លេខ​៣ កម្ពុជា ឈរ​លេខ​៤​និង​ឡាវ ឈរ​លេខ​៥ មិនទាន់​មាន​ពិ​ន្ទុ​ដូចគ្នា​។

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា ក្រៅពី​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា នេះ​គឺ​ត្រូវ​បន្ត​ប៉ះ​ក្រុម​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់ហ្គូន ហើយ​រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ ដែល​ជា​ប្រកួត​ចុងក្រោយ​ប្រចាំ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​៕