ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​វ័យក្មេង​ម្នាក់​ បើករថយន្ត​លឿន ខ្វះ​ការប្រុងប្រយ័ត្ន បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់ ​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​GS300​ មួយ​គ្រឿង​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ ពេញទំហឹង​រង​ការខូចខាត​រថយន្ត​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ាង​១១​នឹង​២០​នាទី​យប់​ថ្ងៃទី​៨​ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទល់មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

រថយន្ត រងគ្រោះថ្នាក់​ចរាចរណ៍ ខាងលើ ម៉ាក GS 300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-1731​បើកបរ ក្នុង​ដៅ​ពី​កើ​តទៅ​លិច។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ដឹង​ថា ​នៅ​មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​ស្ត្រី​ម្នាក់​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក GS 300 ១​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2-J1731 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ពី​កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​លុះ​មកដល់​ចំណុច​ទល់មុខ​ព្រលាន​យន្តហោះ​ក៏បាន​រេ​ចង្កូត​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ខូច​ខ្ទេច​ផ្នែក​ខាងមុខ​អស់ទាំង​ស្រុង​ ហើយ​បាន​ដាច់​កង់​មុខ​ខ្ទាត​ចេញពី​រថយន្ត​ទើប​រថយន្ត​ទៅមុខ​លែង​រួច​។

ប្រភព​បន្ដ​ថា ​ករណីនេះ​ក៏​បណ្ដាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​២​កង់ នឹង​បណ្តាល​ឲ្យ​ស្ត្រី​អ្នក​បើករថយន្ត​រងគ្រោះ​ថ្នាក់​យ៉ាងធ្ងន់ធ្ងរ ជាប់​ក្នុង​រថយន្ត ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ វាយ​កញ្ចក់​រថយន្ដ​យក​ស្ត្រី​រងគ្រោះ​ចេញ​ភ្លាមៗ​ផង​ដែរ ពេលនោះ​ស្រាប់​តែ​មាន​បុរស​ម្នាក់ បើករថយន្ត​ម៉ាក​តូយ៉ូតា​ប្រូស​ ពណ៌​ខ្មៅ បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ឯកជន​សម្ភព​ចោមចៅ​ភ្លាមៗ។ ​មានការ​លើក​ឡើង​ថា ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​កន្លែង​កើតហេតុ​នោះ​ពុំមាន​ចំណាំងផ្លាត​នោះ​ឡើយ​ ទើប​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​ជា​ញឹកញាប់​បែបនេះ​។

ខណៈ​នោះ​ដែរ ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​ និង ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ៕