ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែប្រយុទ្ធ​ជើងចាស់ ឃឹម បុរី ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​ជើងឯក​ណាហ្គា​វើ​ល

កីឡាករ​ជើងចាស់ ឃឹម បុរី ដែល​ធ្លាប់មាន​បទពិសោធន៍​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស នៅពេលនេះ​ត្រៀម​បន្ត​ចុះកិច្ចសន្យា​ថ្មី​ ជាមួយ​ក្រុម​ណាហ្គា​វើ​ល ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ (Metfone Cambodian League) ស្របពេល​ដែល​វ័យ​រប​ស់​ខ្លួន​ក៏​កាន់តែ​ជ្រេ​បន្តិច​ទៅហើយ​។

ឆ្លើយតប​ទៅនឹង​កិច្ចសម្ភាសន៍​របស់​វិ​ប​សាយ​ផ្លូវការ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បានលើកឡើង​ថា​កា​រត​កុងត្រា​អាច​នឹង​ធ្វើឡើង​នៅ​ចុង​ឆ្នាំនេះ​។ ទោះ​មិនទាន់​ចុះកិច្ចសន្យា​ថ្មី​ជា​ផ្លូវការ ប៉ុន្តែ​រូបគេ​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ឡើងវិញ​ប្រហែល ១ សប្ដាហ៍​ហើយ តប​តាម​ការកោះហៅ​របស់​គ្រូ​បង្គោល មាស ចាន់ណា ក្នុង​គោលដៅ​ត្រៀម​ការពារ​ជើងឯក​រដូវ​កាល​ក្រោយ​។ ម្ចាស់​ស្បែកជើង​មាស​លី​គ​កំពូល​ឆ្នាំ ២០០៨ រូបនេះ ទទួលបាន​ការទុកចិត្ត​ពី​គ្រូ​បង្គោល មាស ចាន់ណា ដែល​អាច​លេង​ជា​ខ្សែប្រយុទ្ធ បម្រើ និង ការពារ​ជាដើម​ក្នុងស្ថានភាព​ចាំបាច់​ជាក់ស្ដែង​នៅលើ​ទីលាន​។

កីឡាករ ឃឹម បូរី មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ បាន​ប្រកប​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ​២០០៧ ជាមួយ​ក្រុម​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​២០១០ ដល់​២០១៥ រូបគេ​ផ្ទេរ​ទៅកាន់​ក្លិប​ភ្នំពេញ​ក្រោ​ន ខណៈ​ក្នុង​ឆ្នាំ​២០១១ រូបគេ​បាន​ខ្ចី​ជើង​ទៅលេង​នៅ​ក្លិប Sisaket ក្នុង​លី​គ​កំពូល​របស់​ប្រទេស​ថៃ ហើយ​នៅ​ចុងក្រោយ​កាលពី​ឆ្នាំ​២០១៥ រូបគេ​បាន​ផ្លាស់​មកលេង​ក្លិប​ណាហ្គា​វើ​ល រហូតដល់​បច្ចុប្បន្ន​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បូរី មិនសូវ​ដណ្តើមបាន​កៅអី​ជម្រើស​១១​នាក់​ដំបូង​ដើម្បី​ជួយ​ក្រុម​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​លោក មាស ចាន់ណា នៅតែ​រក្សា​ខ្សែប្រយុទ្ធ​ឆ្លងដែន​រូបនេះ​នៅក្នុង​ក្រុម​រហូត​។ បូរី នឹង​អាចជា​ជំនួយការ​ដ៏​ល្អ​មួយ​រូប ​ក្នុង​ការជួយ​ដល់​ក្រុម​ណាហ្គា​វើ​ល ទាំងមូល​គឺ​ដូច​អ្វីដែល​លោក មាស ចាន់ណា ធ្លាប់បាន​ជួយផ្តល់​ជា​មតិយោបល់​ដល់​លោក ប្រាក់ សុវណ្ណារ៉ា កាល​នៅ​ជា​គ្រូ​ជំនួយ​និង​គ្រូ​បង្គោល​ពី​អតីតកាល​ផងដែរ​។

ក្នុងនាម​ជា​អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឃឹម បូរី ធ្លាប់​បាន​ចូលរួម​សិក្សា​វគ្គ​គ្រូបង្ហាត់​បាល់ទាត់​កម្រិត FFC C License, AFC C License នឹងដាក់​គោលដៅ​បន្ត​សិក្សា​វគ្គ AFC B License នៅ
​ថ្ងៃ​អនាគត​ដ៏​ខ្លី៕