ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់ទិសទី​រួបរួមគ្នា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ធ្វើជា​ព្រះរាជាធិបតីភាព​ក្នុង​ពិធី​ប្រទាន​ភ្លើង​ជ័យ​នៅ​វិមានឯករាជ្យ និង បាន​យាង​ជា​ព្រះរាជាធិបតីភាព​ក្នុង​មហា​មី​ទ្ទិញ​រំលឹក​ខួប ៦៥ ឆ្នាំ បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ព្រះបរមរាជវាំង​។​ព្រះអង្គ​បាន​មាន​ព្រះរាជឱង្ការ​ទៅកាន់​ថ្នាក់ដឹកនាំ​កំពូលៗ កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការ​ថា​ ៖«​នៅក្នុង​ឱកាស​នេះ ខ្ញុំ​សូវ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ស្ថិតក្រោម​ដំបូង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ ដើម្បី​ចូលរួម​ការពារ​និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​»​។​



ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា​ឆ្នាំ​២០១៨ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ពី​ការទទួលបាន​ឯករាជ្យ​ពី​អាណានិគម​បារាំ ង​ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។

នៅ​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា​នេះ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​ការ​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ នៃ​ការ​ដណ្តើមបាន​ឯករាជ្យ​នៅមុខ​ព្រះបរមរាជវាំង​ដោយមាន​ការចូលរួម​ពី​មហាជន​ចូលរួម​ប្រមាណ​ជាង​១ មឺ​ុ​ន​នាក់​។​

ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ក្បួន​ព្រះទីនាំង និង​រថយន្ត​នៅក្នុង​ទិវា​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៥ ពី​វិមានឯករាជ្យ មកកាន់​ប្រាសាទ​ច័ន្ទ​ឆាយា ដោយ​ឆ្លងកាត់​ហ្វូង​មហាជន​ដែល​នៅ​អម​សង ខាង​ផ្លូវ ដែលមាន​ទង់ជាតិ ទង់​ព្រះមហាក្សត្រ និង រូប​ព្រះ​ឆាយា​លក្ខ របស់​ព្រះមហាក្សត្រ បានលើកឡើង គ្រវី ជាមួយ​សំឡេង​ជ័យ​ឃោ​គ​កងរំពង បាន​យាំង​ឲ្យ​ពី​ធី​កាន់​តែមាន​ភាព​អធិកអធម​ឡើង​។​



​ក្នុង​ពិធី​ដ៏​មហោឡា​រឹក​ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស​មន្ត្រីរាជការ​កងកម្លាំង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​អង្គ​ព្រះមហាក្សត្រ​ខ្មែរ​ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​ថ្លែង​ព្រះរាជ​សុន្ទរកថា​ដ៏​មាន​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ទៅកាន់​មហាជន​ចូលរួម​ក្នុង​ពិធី​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​តាមរយៈ​ការផ្សាយ​បន្ត​ផ្ទា​ល់ពី​ទូរទស្សន៍​រដ្ឋ និង ឯកជន​ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បើទោះបីថា​មានការ​រអាក់រអួល​ផ្ណេ​ក​សំឡេង​នៃ​ការផ្សាយ​បន្តិច​តែ​មិនជា​បញ្ហា​នោះទេ អង្គពិធី​នៅតែ​ដំណើរការ​ទៅមុខ​រហូត​ចប់​កម្មវិធី ។​

​ក្នុង​ព្រះរាជ​សុន្ទរកថា​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​នោះ ព្រះករុណា ព្រះមហាក្សត្រ បាន​រំលឹក​ពី​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ថ និង​ព្រះ​បូជនីយកិច្ច​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ វររាជបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុង​ការតស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពី​នឹម​អាណានិគម​ន៍​បារាំង​។​ ​

​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជបន្ទូល​បង្ហាញ​ការ​ពេញ​ទឹក​ព្រះទ័យ​ចំពោះ​វឌ្ឍនភាព​ជាតិ សេចក្តីសុខក្សេមក្សាន្ត និង​ការរក្សាបាន​នូវ​សុខសន្តិភាព​ក្នុង​មាតុភូមិ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ផងដែរ​។​ព្រះមហាក្សត្រ​ខ្មែរ​បានបង្ហាញ​ការ​ពេញ​ព្រះទ័យ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បានធ្វើ​ឲ្យ​ជាតិ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​នាំមក​នូវ​ភាព​រីកចម្រើន​និង​ការរស់នៅ​ប្រកបដោយ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

ព្រះករុណា ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា រយៈពេល​កន្លងមកនេះ​មាតុភូមិ​កម្ពុជា និង​ប្រជាពលរដ្ឋ​យើង​មានការ​ប្រែប្រួល​មុខមាត់​ថ្មី​គួរ​ឲ្យ​កោតសរសើរ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដ៏​ឆ្លាត​វៃ បានដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ បាន​នាំមក​នូវ​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ មាន​កិត្យានុភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ ។ យើង​កំពុងតែ​សប្បាយរីករាយ​និង​ទទួលផល​ជា​វិជ្ជមាន​ដែល​ផ្តើមចេញពី​កម្លាំង​កសាង​និង​ការពារជាតិ​មាតុភូមិ​ប្រកបដោយ​សុខដុមរមនា​របស់​ជ​ន​រួម​ជាតិ​យើង​។​



នៅក្នុង​ឱកាស​នោះ ព្រះករុណា ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រួមគ្នា​ជា​ធ្លុង​មួយ​ការពារ​នូវ​សុខសន្តិភាព​និង​ការកសាង​មាតុភូមិ​កម្ពុជា​ទៅមុខ​បន្តទៀត​។ ដោយ​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា​៖ “​ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ ដើម្បី​ចូលរួមចំណែក​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​”​។​

ក្នុង​មហា​អង្គ​មី​ទ្ទីង​ដ៏​មហោឡា​រឹក អង្គ​ព្រះមហាក្សត្រ​ខ្មែរ ក៏បាន​បង្ហាញ​ទឹក​ព្រះទ័យ​សង្ឃឹម និង​ជឿជាក់​មាតុភូមិ និង​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តីសង្ឃឹម​ខ្ពស់​រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​ដែល​ធានាបាន​ឯកភាព​ជាតិ​ដ៏​រឹងមាំ​ក្រោម​ទង់​ដ៏​ជាញជ័យ​នៃ​មហា​សាមគ្គី​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត​នៃ​ព្រះពុទ្ធសាសនា និង​បារមី​ព្រះ​បរម​ក្សត្រ​ដែលជា​បុព្វបុរស​ជាតិ ជា​ស្ថាបនិក​ដ៏​ល្បីល្បាញ នៃ​ការកសាង​ប្រាង្គ​ប្រាសាទ ដ៏​ល្អ​ប្រណីត ស្ថិតនៅ​ស្កឹមស្កៃ ស្ថិតនៅ​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ជាពិសេស​មាតុភូមិ​ដែលជា​កេរ​មរតក​ដ៏​ល​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នេះ នឹង​ពុំ​អាចមាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​បានឡើយ​។​

នៅក្នុង​មហា​មី​ទ្ទីង​នោះដែរ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ដោយមាន​វត្តមាន សម្តេច​ក្រឡាហោម សង ខេង និង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឈរ​អម​សងខាង​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដោយបាន​គូស​រំលេច​ពី​ស្នា​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​វរ​រាជ្យ​បិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុង​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​តស៊ូ​ទាមទារ​ឯករាជ្យ និង​សិទ្ធិសេរីភាព​ពី​អាណានិគម​ន៍​បារាំង​។​ដោយសារតែ​ថ្ងៃនេះ​ជា​ថ្ងៃកំណើត​កងកម្លាំងប្រដាប់អាវុធ​ផង​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​ថែរក្សា​ការពារ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​និង​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ប្រទេសជាតិ​។​

នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​មហាជន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើងថា​៖​រាជរដ្ឋាភិបាល​និតិ​កាល​ទី​៦ នៃ​រដ្ឋសភា​បានដាក់​ចេញ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដើម្បី​កំណើន​ការងារ សម​ធ៌​ម និង​ប្រសិទ្ធភាព ឆ្ពោះទៅ​កម្ពុជា​ចក្ខុវិស័យ​ឆ្នាំ ២០៥០ ដើម្បី​បន្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ដោយ​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​នូវ​គោលដៅ​ចម្បង​ជា​យុទ្ធសាស្ត្រ​ចំនួន ៤ រួមមាន​៖

​១. បន្ត​កសាង​ប្រទេសជាតិ​ឲ្យ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ មាន​សាមគ្គី​ជាតិ​រឹងមាំ សីលធម៌​សង្គម សមធម៌ សេរីភាព និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដើម្បី​ជីវភាព​ស​ប្បូរ​ណ៍ស​ប្បាយ​រុងរឿង​របស់​ប្រជាជន និង​ភាពសុខដុមរមនា​ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​

២. ការពារ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធ​ផលស​ង្គ​ម​ជាតិ លើកកម្ពស់​កេ​ត្យា​នុ​ភាព​ជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណាមួយ ដែល​បង្ក​ឲ្យ​មាន​អស្ថេរភាព​នយោបាយ ឬ​ចលាចល​ក្នុង​សង្គមជាតិ​កម្ពុជា​។​

៣. បន្ត​ដោះស្រាយ​ព្រំដែន​គោក និង​ទឹក​ជាមួយ​ប្រទេសជិតខាង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​ជំរុញ​អនុវត្តន៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព សន្តិភាព និង​សហប្រតិបត្តិការ និង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំងនឹង​ប្រទេសជិតខាង​។​

៤. ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​រួមមាន​៖ ហិរញ្ញប្បទាន​ភេរវកម្ម ការសំអាត​ប្រាក់ ការជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ និង​បន្ត​ជំរុញ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​។​

បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង Royal du Cambodge បាន​ផ្សាយ​នូវ​ព្រះរាជបន្ទូល​របស់​ព្រះ​បរម​រតន​កោដ្ឋ​ថា​៖“​ជនរួមជាតិ​ជាទី​ស្នេហា​!​ក្នុង​ជីវភាព​ប្រទេសជាតិ​នីមួយៗ គ្មានអ្វី​ឲ្យ​មានតម្លៃ​ជាង​ឯករាជ្យ​ទេ​ព្រោះ​ឯករាជ្យ​ជា​មូលដ្ឋាន​នៃ​សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​ទាំង ទ្បា​យ​ដទៃទៀត​។ អាវុធ​ដ៏​សំខាន់​ជាងគេ​សម្រាប់​កសាង និង​ការពារ​ឯករាជ្យ​និង អនាគត​យើង​ពុំមែន​គ្រឿង​យោធបរិក្ខារ​ដ៏​ស្តួចស្តើង គួរ​ឲ្យ​វេទនា​របស់​កងទ័ព​យើង​នោះទេ ។ អាវុធ​នោះ គឺ ការរួបរួម​ចង​គ្នា​ជា​ធ្លុង​មួយ​នៃ​យើង​នេះឯង ។ ខ្ញុំ​ជឿជាក់ថា ការរួបរួម​គ្នា​របស់​យើង​ជា​ធ្លុង​មួយ​នេះ នឹង​ជួយ​ស្រោចស្រង់​ប្រទេស​យើង និង​ឯករាជ្យ​យើង​ឲ្យ​ឆ្លង​សមុទ្រ​គ្រោះថ្នាក់ ដែលមាន​នៅមុខ​យើង​នេះ បាន​ផុត​ស្រឡះ​ដោយ​ជ័យ​មង្គល ។ ជយោ ! កម្ពុជា​ឯករាជ្យ ! រាជធានី​ភ្នំពេញ​ថ្ងៃទី​៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​១៩៦២​។ ព្រះរាជឱង្ការ​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

ព្រះរាជ​បូនីយកិច្ច​សង្ខេបនៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងកា​ទាមទារ​ឯករាជ្យ ពី​សាធារណរដ្ឋ​បារាំង យ៉ាង​លំបាក​ជូន​ដល់​ប្រជារាស្ត្រ និង​មាតុភូមិ​កម្ពុជា​។​

ក្រោម​ព្រះរាជ​បូណីយកិច្ច​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ ដ៏​ពេញលេញ​បរិបូរណ៍ ពី​សាធារណរដ្ឋ​បារាំង នា​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ។ ប្រទេស​កម្ពុជា ក្រោយពី​ទទួលបាន​ឯករាជ្យ ដោយមាន ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា​ព្រះ​អគ្គម​គ្គុ​ទ្ទេស​ដ៏​ឆ្នើម បាន​ដឹកនាំ​កម្ពុជា ប្រកបដោយ​សុខសន្តិភាព និង​ភាព​រីក ចម្រើន លើ​គ្រប់​វិស័យ ក្រោម​ព្រះរាជតម្រិះ ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ឧត្តុង្គឧត្តម នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ព្រះបិតា​ស្ថាបនិក សម័យ​សង្គមរាស្ត្រនិយម រហូត​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់ និង​ប្រសិទ្ធិ​នាម​ព្រះរាជាណាចក្រ​កម្ពុជា ថា កោះសន្តិភាព​នា​អាស៊ីអាគ្នេយ៍​។ កូនចៅ​ប្រជានុរាស្ត្រ​គ្រប់រូប​សូម​ចងចាំ​នឹង​ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង នៃ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា “​។​ ​

​កម្ពុជា​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​ប្រកបដោយ​មោទនភាព​និង​ស្ថិតនៅក្នុង​បរិបទ​ពោរពេញ​ទៅដោយ​សុខសន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ និង ភាពសុខដុមរមនា និង​ប្រទេសជាតិ​ពោរពេញ​ទៅដោយ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ប្រសិនបើ​កម្ពុជា​មិនមាន​សុខសន្តិភាព​ទេនោះ ពលរដ្ឋ​ខ្មែរ​ក៏​មិនអាច​នឹង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់ខ្លួន​ក្នុង​ភាពសប្បាយ​រីករាយ​បានឡើយ​។​មោទនភាព​តាមរយៈ​៖ ទី​១. ពលរដ្ឋ​ខ្មែរ​ជាង ៨៣% ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ជាង ៨,៣​លាន​នាក់​បាន​អញ្ជើញ​ទៅ​បោះឆ្នោត ហើយ​ពលរដ្ឋ ៧៧% បានជ្រើសរើស​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​ប្រទេស​ការពារ​សន្តិភាព និង​ការអភិវឌ្ឍ និង​ចូលរួម​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ទី​២. កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា​បាន​ដើរតួនាទី​សំខាន់​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​តាមរយៈ​តួនាទី​ជា ច្រើន​ដែល​កម្ពុជា​ទទួលបាន ហើយ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​នានា​គឺធ្វើឡើង​ក្នុង​ភាពជា​ដៃគូ​ដោយ ស្មើ​សិទ្ធិ​និង​ស្មើភាព​។​ទី​៣.​កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ពី​ស្ថាប័ន​ធនាគារពិភពលោក និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ថា​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ ២០១៨ នៅតែមាន​កំណើន​ខ្ពស់​ប្រមាណ ៧% ក្នុង​មួយឆ្នាំ​៕