Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ជម្លៀសប្រជាជនរាប់ម៉ឺននាក់ បិទព្រលានយន្តហោះ ដោយសារទីហ្វុង ប៊ូឡូយ

បានផុស

នៅ

វៀតណាម​បាន​ជម្លៀសប្រជាជនរាប់ម៉ឺននាក់ និងបិទអាកាសយានដ្ឋានចំនួន៤ ក្នុងតំបន់ដែល​រំពឹង​ថានឹង​រងការវាយប្រហារដោយ​ព្យុះទីហ្វុងប៊ូឡូយ (Bualoi) ដែល​កំពុងរំកិលខ្លួនកាន់តែកៀកនឹង​ប្រទេសនេះ ក្រោយ​បក់បោកនៅភាគកណ្ដាលហ្វីលីពីន ដោយ​បង្កទឹកជំនន់ធ្ងន់ធ្ងរ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃអាទិត្យនេះ ស្នូល ឬភ្នែករបស់ទីហ្វុង ប៊ូឡូយ ដែល​មាន​ខ្យល់បក់បោកថេរជាង ១៣០ គីឡូម៉ែត្រ/ម៉ោង ស្ថិតចម្ងាយតិចជាង ១០០ គីឡូម៉ែត្រ នៃភាគឦសាន​ទីក្រុងដាណាង ហើយកំពុងរំពិលខ្លួនទៅទិសពាយ័ព្យ ដោយ​រំពឹងថានឹង«​ដើរដល់» ដីគោកវៀតណាម ក្បែរទីក្រុង Ba Don នៃខេត្ត Quảng Bình នៅល្ងាចនេះ។ អាជ្ញាធរឧត្តុនិយមវៀតណាម​អះអាងថា ព្យុះប៊ូឡយ កំពុងធ្វើដំណើរក្នុងល្បឿនលឿនជាងការរំពឹងទុកដែលអាច​បង្កគ្រោះថ្នាក់កាន់ខ្លាំង រួមទាំងខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ជោគជាំ ទឹកជំនន់ ទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងជំនោរលិចតាម​ឆ្នេរសមុទ្រជាដើម​។

រដ្ឋាភិបាលវៀតណាម​បាន​ឱ្យដឹងថា អាជ្ញាធរនៃខេត្តភាគកណ្តាល Ha Tinh បានចាប់ផ្តើមជម្លៀសមនុស្សជាង ១៥ ០០០ នាក់ ដោយបន្ថែមថា ទាហានរាប់ពាន់នាក់កំពុងឈរត្រៀម។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលឯណោះវិញ បាននិយាយថា វៀតណាមបានផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានតាមខេត្តបណ្ដោយ​ឆ្នេរចំនួន ៤ ចាប់ពីថ្ងៃអាទិត្យនេះតទៅ រួមទាំងអាកាសយានដ្ឋាន Da Nang, Dong Hoi, Tho Xuan និង​ Phu Bai។ រដ្ឋាភិបាល​បាន​និយាយ​ថា ភ្លៀង​ធ្លាក់​ខ្លាំង ​បាន​បង្ក​ទឹក​ជំនន់​នៅក្រុង​ Hue និង Quang Tri រួចហើយ។

គួរគូសបញ្ជាក់ថា វៀតណាម ជាប្រទេសមួយ​ងាយនឹងទទួលរងនូវព្យុះទីហ្វុង ដែលតែងតែសម្លាប់មនុស្សជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុន ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្សប្រហែល ៣០០ នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិចំនួន ៣,៣ ប៊ីលានដុល្លារ ក្នុងប្រទេសនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម