ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល ​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​

ភ្នំពេញ ​៖ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​នៃ​ក្រសួងសុខាភិបាល ​បានធ្វើការ​អំពាវនាវ​ដ​ល់​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​ប​ណ្តែ​ត​ប្រទីប សំពះ​ព្រះ​ខែ ​និង​អក​អំ​បុក​ ដែល​នឹង​ឈាន​ចូល​មកដល់​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​
​ ​
ការអំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​នេះ​ ដោយសារតែ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​តែង​តែ​មានការ​ធ្វើ​ចរាចរណ៍​សត្វ​បក្សី​ពី​តាម​បណ្ដា រាជធានី​ខេត្ត​នានា​ នៅ​ទូទាំងប្រទេស​ ចូលមក​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​លាន់​នាក់​ ដែល​ចូលមក​ទស្សនាការ​ប្រណាំង​ទូក​ និង​ដើរ​កម្សាន្ត​ មើល​ការ​ប្រគំ​តន្ត្រី​ ឬ​តាំង​ពិព័រណ៍​នូវ​ផលិតផល ​និង​បរិភោគ​ចំណីអាហារ​ផ្សេងៗ​ ពិសេស​កីឡាករ​ទូក​រាប់​ម៉ឺន​នាក់​ដែល​ចូលរួម​ប្រណាំង​។​

យោងតាម​ទំព័រ​ហ្វេ​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ឲ្យ​ដឹង​ថា ​«​បុណ្យអុំទូក​នឹង​ឈាន​មក​ដល់​ឆាប់ៗ សូម​បងប្អូន​ប្រុងប្រយ័ត្ន​ជានិច្ច​អំពី​ការចំលង​ជំងឺ​ផ្ដាសាយ​បក្សី។​ សូមកុំ​យក ​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ​បោច​រោម និង ចម្អិន​ជាប់​ជានិច្ច »​។

ជាមួយគ្នានេះដែរ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ក៏បាន​រំលឹកថា ​ក្នុងប្រទេស​កម្ពុជា​ជំងឺ​ផ្ដាសាយ​បក្សី បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី ដែល​ក្នុងនោះ ៣៧​ករណី​បាន​ស្លាប់។ ដោយឡែក​គ្រាន់តែ​ឆ្នាំ​២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន​២៦​ករណី ដែល​ក្នុង​នោះ​មាន​១៤​ករណី​បាន​ស្លាប់ និង ក្នុង​ដើម​ឆ្នាំ​២០១៤ មាន​៩​ករណី និង​៤​ករណី​បាន​ស្លាប់។

បុគ្គល​ដែលមាន​រោគសញ្ញា​គ្រុនក្ដៅ លើស​ពី ៣៨.៥ អង្សា​សេ និង​មាន​រោគសញ្ញា ក្អក ឬ ឈឺ​ក ឬ ដក​ដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុន​ចេញ​រោគ​សញ្ញា ចាត់ទុកថា​ជា​ករណី​សង្ស័យ ត្រូវ​បញ្ជូន​អ្នកជំងឺ ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល។​

ក្នុងករណី​មានការ​សង្ស័យ​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី​ ត្រូវ​ប្រញាប់​ទាក់ទង​ទូរស័ព្ទ​ទាន់​ហេតុការណ៍ របស់​ក្រសួងសុខាភិបាល​លេខ ១១៥​។​
​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្ដាសាយ​បក្សី​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​អនាម័យ​លាងដៃ​នឹង​សាប៊ូ រាល់ពេល​ក្អក កណ្ដាស់ ឬ​ក្រោយ​ពេល​ជូត​សំបោរ មុននឹង​ប៉ះ​ជាមួយ​អ្នកដទៃ​។ មិនត្រូវ​ប៉ះពាល់ ឬ​យក​មាន់ ទា បក្សី​ងាប់ ឈឺ មក​ធ្វើ​អាហារ​ ឬ​លក់​បន្ត​ទៀត​ឡើយ​។ ប្រសិន​ចាំបាច់​ត្រូវ​ចម្អិន​ម្ហូប​អាហារ​ឲ្យ​បាន​ឆ្អិន​មុននឹង​ទទួលទាន​។
ដុត​ ឬ​កប់​ចោល​ចំពោះ​បក្សី​ដែល​រស់ ឬ​ងាប់ ពេល​កាន់​បក្សី​ ម៉ាន់​ ទា ត្រូវ​ប្រើ​ស្រោមអនាម័យ និង​ត្រូវ​ចាប់​បក្សី​ដែល​ឈឺ ដាក់​ទ្រុង​ដោយឡែក​ពី​បក្សី​ធម្មតា​។​

លោក​សាស្ត្រាចារ្យ​ ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង ឬ​ក្រុមគ្រួសារ​ដែល​សង្ស័យ​ថា​ កើត​ជំងឺ​ផ្ដាសាយ​បក្សី ត្រូវ​រាយការណ៍​ទៅ​គ្រូពេទ្យ​ដែល​នៅ​ជិត​បំផុត ហើយ​មិន​ត្រូវ​ប៉ះពាល់​អ្នក​សង្ស័យ​ថា កើតមាន​ជំងឺ​រហូតដល់​ពេទ្យ​បញ្ជាក់​ថា មិនកើត​ជំងឺផ្តាសាយបក្សី​H5N1​។​

គួរ​បញ្ជាក់​ថា ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប សំពះ​ព្រះ​ខែ ​និង​អក​អំ​បុក​ នៅ​ឆ្នាំនេះ ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​២១,២១ ​និង​២៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ ខាងមុខនេះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114