ព័ត៍មានទាន់​ហេតុការណ៏
Search

សួង សាខា​រ៉ានី​ត ទម្លាយ​ពី​ភាព​រឹងមាំ​របស់​ខ្លួន ​ដែល​អាច​ធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួន​គួរ​យក​គំរូ​តាម

​ភ្នំពេញ​ ៖​ តារា​សម្ដែង​ស្រី​រូប​ស្រស់​ កញ្ញា សួង សាខា​រ៉ានី​ត ស្រប​ពេល​ដែល​អាជីព​សិល្បៈ​កំពុង​ដំណើរ​ដោយ​ជោគជ័យ​ និង​ទទួលបាន​ការគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​ ខណៈ​ដែល​លេច​វត្តមាន​សម្ដែង​ជា​តួអង្គ​សំខាន់​ក្នុង​ខ្សែភាពយន្ត​រឿង កូនក្រក ទើបនឹង​សម្ពោធ​ចាក់​បញ្ចាំង​កាល​ថ្មីៗ​មក​នោះ ​មុន​នេះ​បន្តិច ​ក៏​ស្រាប់តែ​បញ្ចេញ​សារ​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ខ្លួន​ក្នុងនាម​ជា​ម​នុស្ស​ស្រី ​ស្ថិតនៅ​ចង្កោម​អ្នកសិល្បៈ​មួយរូប​ផង​ដែរ។​

ការបញ្ចេញ​សំណេរ​សរសេរ​ភ្ជាប់​មក​ជា​មួយ​រូបភាព​១​សន្លឹក​ បង្កប់​អត្ថន័យ​ដាស់​ស្មារតី​របស់​មហា​ជន​ពី​សំណាក់​តារា​សម្ដែង ​កញ្ញា សួង សាខា​រ៉ានី​ត ​នាពេលនេះ ​គឺធ្វើឡើង​បន្ទាប់ពី​មាន​ទស្សនៈ​អប់រំ​មួយ​បាន​ពោលថា ​កុំ​ឲ្យ​ប្រពន្ធ​របស់​អ្នក​ក្លាយជា​មនុស្ស​ស្រី​ដែល​រឹងមាំ​ខ្លាំង​ពេក ​ពីព្រោះ​បើ​នាង​ក្លា​ហាន​ឯករាជ្យ​ហើយ​នោះ ​បានន័យថា​អ្នក​គឺជា​ប្ដី​ដែល​បរាជ័យ​ម្នាក់​។​

បង្ហោះ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ខាងលើនេះ​ កញ្ញា សួង សាខា​រ៉ានី​ត បាន​រៀបរាប់​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្លួន​ថា ​មែន​តើ ​បើ​សម្រាប់​មនុស្ស​ស្រី​រឹងមាំ​ដូច​ខ្ញុំ​ គឺ​មិន​ងាយ​ពឹង​អ្នកណា​ ឬ​សុំ​ជំនួយ​ផ្ដេសផ្ដាស​ទេ​ដូច​ឃើញជាក់ស្ដែង​កាលពី​មួយ​ឆ្នាំមុន ​ខ្ញុំ​ឈឺ​ធ្ងន់​រហូត​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់ ​លុយ​ក៏​គ្មាន​ សុខចិត្ត​ដោះ​ចិញ្ចៀន​ពី​ដៃ​ទៅ​បញ្ចាំ​ ហើយ​បងប្រុស​អ្នក​សិល្បៈ​ម្នាក់​ថា ​ចង់​មក​មើល​ និង​នាំ​អ្នកកាសែត​ចុះ​ផ្សាយ​រក​ជំនួយ​។​

ខ្ញុំ​អគុណ​នូវ​ទឹកចិត្ត​ដ៏​ល្អ​របស់គាត់​ណាស់ ​ត្រឹម​ទឹកចិត្ត​ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ប្រាប់​គាត់​ថា​មិនបាច់​ទេ​បង អគុណ​បង ​អញ្ចឹង​មនុស្ស​ណា​ដែល​ខ្ញុំ​ហា​មាត់​សុំ​ពឹង​យូរៗ​ម្ដង ​គឺ​បានន័យថា​អ្នកជា​មនុស្ស​ដ៏​មាន​តម្លៃ​សម្រាប់​ក្នុង​ចិត្ត​ខ្ញុំ​បំផុត​ហើយ ព្រោះ​មនុស្ស​ខ្លួន​ស្រី​ចិត្ត​ប្រុស​ដូចជា​រូបខ្ញុំ​ គឺអាច​ធ្វើ​បាន​គ្រប់យ៉ាង។​ កញ្ញា សួង សាខា​រ៉ានី​ត និយាយ​បន្ត​។​

បន្ថែម​ពីលើ​នេះ​ តារា​សម្ដែង​ស្រី​សម្ដី​ផ្អែម​មាន​មន្ត​ស្នេហ៍​ កញ្ញា សួង សាខា​រ៉ានី បញ្ជាក់ទៀត​ថា ​បើ​ខ្ញុំ​បើក​ចិត្ត​ឲ្យ​អ្នកចូលរួម​ដើរ​ជាមួយ​ខ្ញុំ​ ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​ខ្ញុំ​ បាន​ន័យ​ អ្នក​គឺជា​មនុស្ស​ពិសេស​សម្រាប់​ជីវិត​ខ្ញុំ​ហើយ យល់​?​។​ ថ្វីត្បិតតែ​យ៉ាងនេះ​ក៏ពិតមែន​ ប៉ុន្តែ​គេ​ពុំ​ដឹង​ទេ​ថា​តាមរយៈ​ខ្លឹម​សារ​ខាងលើនេះ​ កញ្ញា សួង សាខា​រ៉ានី​ត បញ្ចេញ​ចង់​សំដៅ​លើ​បុគ្គល​ណា​ម្នាក់ ​ឬ​គ្រាន់តែ​ន័យ​ដើម្បី​បំផុស​មហាជន ​និង​ប្រាប់​ចិត្ត​ខ្លួនឯង​បែបណា​នោះទេ​៕