ព័ត៍មានទាន់​ហេតុការណ៏
Search

សង្ស័យ​ចោរ​ផ្ទៃក្នុង ចូល​លួច​លុយ និង​សម្ភារៈ តម្លៃ​រាប់​ម៉ឺ​ន​ដុល្លារ​

​បាត់ដំបង ៖ គ្លីនិក​មួយកន្លែង ដែលជា​របស់​អង្គការ រ៉ា​ក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​បើក​សោ​ចូល​លុក​លុយ​ក្នុង​បន្ទប់​ចំនួន​០៣ ព្រមទាំង​បាន​ប្រមូលយក​នូវ​សម្ភារៈ និង​បរិក្ខារ​ពេទ្យ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ទៅ​យ៉ាង​រលូន ដែល​ជនសង្ស័យ​ទាំងនេះ ហាក់​មាន​ជំនាញ​ក្នុង​ខ្លួន​យ៉ាង​ច្បាស់​លាស់ ក្នុង​ការ​ប្រមូល​យក​បរិក្ខារ​ទាំងនេះ។​

​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អាច​ចន្លោះ​ពី​ម៉ោង១២​យប់ ទៅ​ទល់​នឹង​ពេល​ទៀបភ្លឺ​ ក្រោយ​ពេល​ដែល​សន្តិសុខ​នៅ​ទីនោះ​បាន​ចូល​ទៅ​ដេក ទើប​ជនសង្ស័យ​ចាប់ផ្ដើម​ធ្វើ​សកម្មភាព ហើយ​ការ​លួច​យក​របស់​ទាំងនេះ ត្រូវ​តែ​មាន​រថយន្ត​មក​ចាំ​ទទួល​ថែម​ទៀត​ផង​ទើប​អាច​ទៅរួច។

​គួរ​បញ្ជាក់​ថា ទីតាំង គ្លីនិក​រ៉ា​ក់ ស្ថិត​ក្នុង​ក្រុម​ទី​៤១ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង ខេត្ត​បាត់ដំបង មាន​ករណី លួច បាន​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​សាវតារ​បាន​ធ្វើ​សកម្មភាព​បើកទ្វារ​បន្ទប់​ចំនួន​០៣ និង​បន្ទប់​របស់​លោក​វេជ្ជបណ្ឌិត ឈ្មោះ នូ នរិន្ទ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។​

សម្ភារៈ​ដែល​បាន​បាត់បង់ ​គឺ​ក្នុង​បន្ទប់​លេខ​១ ម៉ាស៊ីន​អេកូ ម៉ាក Aloka ចំនួន​០១​គ្រឿង​ សុង ៤ D. ១ គ្រឿង។ បន្ទប់​លេខ​១៤ បាត់បង់ ម៉ាស៊ីន CBC ១​គ្រឿង​ ម៉ាស៊ីន Biochimycod ១​គ្រឿង។ ចំណែក​នៅ​ក្នុង​បន្ទប់​លេខ០៩ គឺ​បាត់​ក្បាល​កាមេរ៉ា​សុវត្ថិភាព​០១ និង Hard Disk. ព្រមទាំង​ទូដែក​ដាក់​លុយ​ចំនួន ០១ ដែល​ក្នុងនោះ​មាន​ប្រាក់​ចំនួន​១០.៥៦០.១០០​រៀល និង​៤៧៤​ដុល្លារ។​

គួរ​បញ្ជាក់ដែរថា នៅក្នុង​បន្ទប់​លេខ​០៩​នេះ ទូដែក​សម្រាប់​ដាក់​លុយ​មាន​ចំនួន​០៣ ប៉ុន្តែ​ជនសង្ស័យ​បាន​លើក​យក​តែ​ទូ០១​ប៉ុណ្ណោះ​ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ​ទូ​០១​នោះ​គឺ​មាន​លុយ​នៅ​ខាងក្នុង។

ដោយឡែក​ទូ​ចំនួន​០២​ទៀត​គេ​មិនបាន​យក​ទៅ​ទេ ចំណែក​កាមេរ៉ា​សុវត្ថិភាព គឺ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដក​យក​ហាត​ឌី​ស​ទៅ​បាត់ ដែល​មិន​អាច​ឲ្យ​សមត្ថកិច្ច​ពិនិត្យមើល​សកម្មភាព​បា​ន​នោះ​ឡើយ ឯ​សម្ភារៈ និង​បរិក្ខារ​ពេទ្យ ក៏​ត្រូវ​បាន​គេ​ដក​យក​តាម​ជំនាញ និង​បច្ចេកទេស​យ៉ាង​ត្រឹមត្រូវ​ ដោយ​មិន​មាន​ផ្ដាច់​ខ្សែ​ណាមួយ​ឡើយ ដូច្នេះ​ចោរ​ហាក់បីដូចជា​ដឹង​រឿង​ផ្ទៃក្នុង​ទាំងអស់។

ចំណែក​កូនសោ គឺមាន​អ្នកគ្រូ​ពេទ្យ​ម្នាក់ និង​អ្នក​សម្អាត​អនាម័យ​តែប៉ុណ្ណោះ​ដែល​ជា​អ្នក​កាន់។​

​បច្ចុប្បន្ន​ សន្តិសុខ​ឈ្មោះ ស៊ន ភឿន ដែល​បាន​អះអាងថា ការបាត់បង់​នេះ គឺ​បន្ទាប់ពី​ខ្លួន​បាន​ចូល​សម្រាក​នោះ ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​សាកសួរ​មុន​ហើយ ដោយឡែក​អ្នក​កាន់​សោ ក៏​អាច​ហៅ​ទៅ​ជា​បន្តបន្ទាប់​ដែរ៕