ព័ត៍មានទាន់​ហេតុការណ៏
Search

Clean Energy Week ធ្វើ​ឲ្យ​អ្នក​ជំនាញ និង​សហគ្រិន​ នៅ​ក្នុង​វិស័យ​ថាមពល​ស្អាត​នៅ​កម្ពុជា ​មានការ​ចាប់​អារម្មណ៍​

ភ្នំពេញ ៖ សេចក្ដីប្រកាស​កែតម្រូវ​ព័ត៌មាន​ ស្ដីពី Clean Energy Week និង​ការ​កសាង​សមត្ថភាព​បន្សាំ តាមរយៈ​ការ​បង្កើន​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ នៅ​ក្នុង​គម្រោង​ជនបទ​នៅ​កម្ពុជា (S-RET) ដែល​ទទួល​មូលនិធិ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម (IFAD)​បាន​បំភ្លឺ​ថា អត្ថបទ​មួយ​ស្ដី​អំពី Clean Engery Week ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ ​ទី​០៩ ខែ​វិច្ឆិកា គឺ​បាន​ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​អំពី​ការ​បង្កើត​គម្រោង​ថាមពល​កកើត​ឡើងវិញ​របស់ IFA របស់​រដ្ឋាភិបាល​អូស្ត្រាលី នៅ​ក្នុង​បណ្ដា​ខេត្ត​ចំនួន​ប្រាំ​នោះ​ទេ​។​

សេចក្ដីប្រកាស​កែតម្រូវ​ដដែល​បាន​លើក​ឡើង​ថា តាម​ការ​ពិត​ទៅ​គម្រោង​មួយ​នេះ គឺ​សំដៅ​ទៅលើ​គម្រោង​ដែល​មាន​ឈ្មោះថា S-RET ដែល​គម្រោង​(S-RET)​នេះ ត្រូវ​បាន​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ (MAFF) និង​ទទួល​បាន​ការឧបត្ថម្ភ​ថវិកា​ដោយ IFAD។

គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​តាម​បណ្ដា​ខេត្ត​សំខាន់ៗ​ចំនួន​ប្រាំ​ក្នុង​ប្រទេស​កម្ពុជា​រួមមាន ​៖ ខេត្ត​កណ្តាល​, កំពត​, ព្រៃវែង​, ស្វាយរៀង និង​តាកែវ ហើយ​គម្រោង​នេះ​នឹង​បន្ត​ពង្រីក​ដល់​ខេត្ត​ផ្សេងៗ​ទៀត ដែល​គាំទ្រ​ដល់​សេវាកម្ម​កសិកម្ម​សម្រាប់​ការ​ច្នៃប្រឌិត​ការ​ទ្រទ្រង់ និង​ការពង្រីក (ASPIRE)​។

សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា Clean Energy Week ត្រូវ​បាន​ដំណើរការ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អូស្ត្រាលី​មួយ​គឺ EnergyLab។

Clean Energy Week គឺជា​យុទ្ធនាការ​រយៈពេល​មួយ​សប្ដាហ៍ ដែល​បង្ហាញ​អំពី​ការស្រាវជ្រាវ​បច្ចេកវិជ្ជា​លើ​ថាមពល​មិន​ប៉ះពាល់​ដល់​សុខភាព ដែល​ត្រូវ​បាន​រៀបចំ​បង្ហាញ​ដោយ​អង្គការ និង​សហគ្រិន​ជាច្រើន មកពី​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​។

ជា​មួយ​នឹង​ព្រឹត្តិការណ៍​ជាង​២៤ ក្នុង​រយៈពេល​៧​ថ្ងៃ​, សហគមន៍ Cambodia’s Clean Energy ត្រូវ​បាន​ណែនាំ​ជូន​នូវ​បច្ចេកវិទ្យា និង​គំនិត​ថ្មីៗ ក៏ដូចជា សិក្ខាសាលា​អំពី​ថាមពល​ស្អាត​ពី​ក្រុមហ៊ុន​ក្នុងស្រុក​នៃ​ប្រទេស​កម្ពុជា​។​

អ្នកនាង Bridget McIntosh, ជា​នាយក​ប្រចាំ​ប្រទេស​កម្ពុជា ​នៃ​ក្រុមហ៊ុន EnergyLab​បាន​ឲ្យ​ដឹង​ថា EnergyLab ជា​អង្គការ​អូស្ត្រាលី​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពីដើមឆ្នាំ​២០១៨​នៅ​កម្ពុជា ដើម្បី​គាំទ្រ​ការលូតលាស់ នៃ​ទីផ្សារ​ថាមពល​ស្អាត (Clean Energy)​។

នាយក​ប្រចាំ​ប្រទេស​អ្នកនាង Bridget McIntosh បាន​បន្ត​ថា នៅ​ក្នុង​ថាមពល​ស្អាត (Clean Energy) មាន​ថាមពល​ផ្សេងៗ​ជាច្រើន​ដូចជា ថាមពល​ពន្លឺ​ព្រះអាទិត្យ​(solar energy) ថាម​ពល​ខ្យល់ (wind energy) កម្លាំង​អគ្គិសនី​បង្កើត​មកពី​ថាមពល​ទឹក (small hydro) និង​ជីវម៉ាស (biomass) ក៏ដូចជា​ប្រសិទ្ធភាព​ថាមពល និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដល់​ការចែក​ចាយ និង​ការប្រើ​ប្រាស់​ថាមពល​។

Clean Energy Week ត្រូវបាន​បញ្ចប់​ជាមួយនឹង​ពិព័រណ៍​មួយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី០៨ ខែ​វិច្ឆិកា​អាទិត្យ​មុន ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​សំខាន់ៗ​ដូចជា ATEC, EcoSun, ACE, SGFE, Nexus, Comin Khmere, Okra, Blue Circle , NRG Solar ព្រមទាំង​ក្រុមហ៊ុន​មួយ​ចំនួន ដែល​កំពុង​អនុវត្តន៍​គម្រោង IFAD S-RET សរុប​ប្រមាណ​១.០០០​នាក់ ក្នុង​នោះ​មាន​សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់​ផង​ដែរ បាន​ទទួល​ការ​យល់​ដឹង និង​ការ​ឆ្លើយតប​សំនួរ​របស់​គេ​យ៉ាង​ជ្រាលជ្រៅ​អំពី​ការប្រើប្រាស់​ថាមពល នា​ពេល​អនាគត​៕