ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា បញ្ចេញ​ប្រយោគ​មួយ​ឃ្លា​នេះ​ មានន័យ​ចាក់ដោត​បេះដូង​អ្នកគាំទ្រ

ភ្នំពេញ ​៖​ តារា​សម្ដែង​ប្រុស​រូប​សង្ហា​ លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ លោក អ៊ឹម ជីវ៉ា មុននេះ​បន្តិច​ បាន​បញ្ចេញ​សារ​បង្កប់​អត្ថន័យ​ចាក់​ដោត​អារម្មណ៍​ខ្លាំង​ដល់​អ្នកគាំទ្រ ​ទាក់ទង​នឹង​ការ​គុណធម៌​ក្នុង​ការ​រស់​នៅ​លើ​សង្គម​បច្ចុប្បន្ន​។​

ស្រប​ពេលដែល​ការងារ​សិល្បៈ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​គ្រប់​ស្រទាប់​វ័យ​នោះដែរ ​តារា​ប្រុស ​លោក អ៊ឹម ជីវ៉ា​ ជាការ​កត់សម្គាល់​ ​ ​តែង​បង្ហាញ​វត្តមាន​ការងារ​សង្គម​តាមរយៈ​ការចែករំលែក​ក្ដី​ស្រលាញ់​ដល់​កុមារកំព្រា ចាស់ជរា ​និង​ប្រជាពលរដ្ឋ​ជួប​ខ្វះ​ខាត​ជាដើម​។ ​ពិសេស​ជាងនេះទៅទៀត ​គឺ​តែងតែ​ឈឺឆ្អាល​ជួយ​សម្រួល​ទុក្ខ​លំបាក​ចំពោះ​អ្នក​សិល្បៈ​ដូចគ្នា​ ដែលមាន​ជំងឺ​ ឬ​មាន​បញ្ហា​ខ្វះខាត​ក្នុង​គ្រួសារ​។​

ដោយឡែក ​បើ​ងាក​ចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ប្រុស ​លោក អ៊ឹម ជីវ៉ា ឯណោះ​វិញ​ថ្មីៗ​នេះ​ ​លោក​បាន​បញ្ចេញ​សារ​បង្កប់​អត្ថន័យ​បំផុស​ស្មារតី​មហាជន​លើ​ករណី​ នៃ​ការ​សាង​អំពើ​ល្អ​សម្រាប់​បុគ្គល​ដែល​រស់នៅ​ជុំវិញខ្លួន​ក្នុង​សង្គម​តែមួយ​ដូចគ្នា​។​

លោក អ៊ឹម ជីវ៉ា បាន​លើក​ឡើង​បែបនេះ​ថា ​ពេល​មាន​លុយ​ចាយ ​គឺ​គេ​សួរ​ថា​ យើង​ធ្វើ​អ្វី​ បាន​លុយ​មក​ពី​ណា​? ដល់ពេល​យើង​ក្រ​គេ​ដៀល​ថា ​មកពី​គំនិត​វា​មិនកើត មិន​ចេះ​សន្សំ​ គិតតែ​ដើរ​ចាយ​ ផឹកស៊ី​អត់​ប្រយោជន៍ ​ពេល​ដើរ​លើ​វិថី​មួយ អ្នក​កុំ​ខ្វល់​ពី​គេ​និយាយ​ បើ​អ្នក​ខ្វល់​ពី​គេ​និយាយ ​អ្នក​នឹង​ក្រ​លើស​ដើម​។​

តារា​សម្ដែង​មាន​ប្រជាប្រិយភាព​ លោក អ៊ឹម ជីវ៉ា ​បាន​បន្តទៀតថា ​ចំណែក​សម្រស់​អ្នក​ក៏​កាន់តែ​ចាស់​ដោយសារ​ស្ដាប់​ពាក្យ​អត់​ប្រយោជន៍​ច្រើនពេក​ដូចនេះ​រស់​ក្នុង​សង្គម ត្រូវ​ធ្វើជា​មនុស្ស​ល្អ​ប្រកប​ដោយ​គុណធម៌ ដោយ​ប្រកាន់​គោលការណ៍​មួយ​ក្នុងការ​រាប់អាន​នោះ ​គឺ​ពាក្យ ” បើ​មាន​ជួយ​អរ បើ​ក្រ​ជួយ​ថែម​” មិនមែន​ពាក្យ​ បើ​មាន​ជួយ​អរ បើ​ក្រ​ជាន់​ថែម​ឡើយ។​

តាមរយៈ​ការ​បញ្ចេញ​ទស្សនៈ​ពី​សំណាក់​តារា​សម្ដែង​ប្រុស ​លោក អ៊ឹម ជីវ៉ា ខាងលើនេះ ​បានធ្វើ​ឲ្យ​មហា​ជន​ជាច្រើន​បង្ហាញ​ការ​គាំទ្រ ​និង​បញ្ចេញមតិ​ថា ​អត្ថន័យ​របស់ លោក អ៊ឹម ជីវ៉ា ​រៀបរាប់​មួយ​ឃ្លា​នេះ​ពិតជា​មានន័យ​អាច​ធ្វើ​ទស្សនិកជន​យក​ជា​គំនិត​ពិចារណា​បាន​យ៉ាង​ល្អ​៕