ព័ត៍មានទាន់​ហេតុការណ៏
Search

សួស វី​ហ្សា មាន​មោទនភាព​ចំពោះ​ខ្លួនឯង ដែល​ក្លាយ​ជា​គណៈកម្មការ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​The voice kids Cambodia

ភ្នំពេញ​ ៖​ ស្រប​ពេល​ដែល​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស The voice kids Cambodia រដូវ​កាល​ទី​២ ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ និង​រក​ឃើញ​ម្ចាស់​ជ័យលាភី​ហើយ​នោះ​ តារា​ចម្រៀង​ហង្ស​មាស​ ដែល​មាន​សំណាង​ធ្វើជា​គណៈកម្មការ​នៅក្នុង​កម្មវិធី ​កញ្ញា សួស វី​ហ្សា​ បាន​បញ្ចេញ​អារម្មណ៍​ពិត​ផ្ទាល់ខ្លួន​ ខណៈ​នាង​បាន​គ្រង​តំណែង​មួយ​នេះ​។​

តារា​ចម្រៀង​រូប​ស្រស់​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​ស្វាយរៀង ​កញ្ញា សួស វី​ហ្សា បាន​រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន​ថា ​រូបភាព​ទាំងអស់នេះ គឺជា​អនុស្សាវរីយ៍​ដ៏​មានន័យ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​ ពិតជា​ពេញ​ចិត្ត និង​រំភើបចិត្ត​ខ្លាំង​ នៅពេលដែល​ខ្ញុំ​បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​ម្នាក់​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​ The voice kids Cambodia​ រដូវ​កាល​ទី​២​នេះ​។​

កញ្ញា សួស វី​ហ្សា បាន​លើក​ឡើង​ទៀត​ថា ​នាង​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ថ្នាក់ដឹកនាំ​របស់ខ្ញុំ ដែល​លោក​បាន​ផ្ដល់​ទំនុក​ចិត្ត និង​ភាព​ជឿជាក់​មក​លើ​សមត្ថភាព​របស់​នាង​ខ្ញុំ អាច​ឲ្យ​ខ្ញុំ​បាន​កាន់​តំណែង​ជា​ Coach​ នេះ​ ហើយក៏​សូម​អរគុណ​ដល់​ក្រុមការងារ​របស់​មហា​គ្រួសារ​ហង្ស​មាស​ទាំងអស់​គ្រប់​ជាន់ថ្នាក់​ដែល​តែងតែ​ផ្ដល់​ភាព​កក់ក្ដៅ ​និង​រួម​សហការ​គ្នា​បាន​យ៉ាង​ហ្នឹង​ជា​ចុងក្រោយ​។​

បន្ថែម​ពីលើ​នេះ​ តារា​ចម្រៀង​ចង្កា​ព្រែក​ កញ្ញា សួស វី​ហ្សា និយាយទៀតថា​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ ​ពុក​ម៉ែ​ បងប្អូន ពូ​ មីង លោកយាយ លោកតា កុមារា កុមារី ទាំងអស់​ ដែល​បាន​ស្រឡាញ់​គាំទ្រ​រូបនាង​ខ្ញុំ​យ៉ាងច្រើន​លើសលប់​ តាំងពីដើម​រហូតមកដល់​ពេលនេះ​ ដោយ​ក្ដី​គោរព ពី​នាង​ខ្ញុំ សួស វី​ហ្សា Sous visa​។​

សូម​បញ្ជាក់​ថា ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ​The voice kids Cambodia រដូវ​កាល​ទី​២​ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ កាលពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍​មុន​ខណៈ​បេក្ខជន​ម្ចាស់​ជ័យលាភី​ ត្រូវបាន​រកឃើញ ​គឺ​បាន​ទៅលើ​ប្អូនប្រុស ទេព ពិសិដ្ឋ ដែល​ជា​កូន​ក្រុម​របស់​តារា​ចម្រៀង​ស្រី​ កញ្ញា ឱក សុគន្ធ​កញ្ញា៕