ព័ត៍មានទាន់​ហេតុការណ៏
Search

កូនប្រុស​លោក​គង់ គាំ ចេញមុខ​ដាស់តឿន​ លោក សម រង្ស៊ី កុំ​ឲ្យ​ជឿ​បុគ្គល​មេដឹកនាំ​កំពូល​តណ្ហា​ក្រាស់​នៅ​ជុំវិញ​ខ្លួន

ភ្នំពេញ​ ៖ លោក គង់ បូរ៉ា ដែលជា​កូនប្រុស​របស់ លោក គង់ គាំ ហើយ​ជា​អតីត​តំណាងរាស្ត្រ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ផងដែរ​នោះ បាន​ចេញមុខ​ដាស់តឿន​ លោក សម រ​ង្ស៉ី កុំឲ្យ​ជឿ​លើ​បុគ្គល​កំពូល​តណ្ហាក្រាស់ ដែល​បង្កប់​នៅ​ជុំវិញខ្លួន​រហូត​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រលំ​រលាយ ហើយ​សម្រាប់​រូបលោក​នៅតែ​ប្រកាន់យក​ឧត្ដមគតិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ជា​ស្មារតី ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​។​

លោក គង់ បូរ៉ា លើកឡើង​បែបនេះ​នៅ​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន ​កាលពី​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ និង​បន្ទាប់ពី​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប គឺ​លោក អេង ឆៃអ៊ាង បាន​ហៅ​ឪពុក​របស់​លោក គឺ​លោក គង់ គាំ ថា​បាន​ផ្លាស់ប្ដូរ​ជំហរ​នយោបាយ ព្រោះតែ​ប្រយោជន៍​របស់ខ្លួន ហើយ​ចុង​ក្រោយនេះ គឺ​លោក សម រង្ស៊ី បាន​លើកយក​សេរីភាព​របស់​លោក កឹម សុខា ទៅ​ភ្នាល់​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

លោក គង់ បូរ៉ា សរសេរ​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​អ្នក សម រង្ស៊ី និយម ​គ្រាន់តែ​ដាស់​សម្បជញ្ញៈ លោក​ប្រធាន សម រង្ស៊ី កុំ​ជឿ​លើ​បុគ្គល​មេដឹកនាំ​កំពូល​តណ្ហា​អំណាច​ក្រាស់ កំពូល​តណ្ហា​ស្រី​ញី​ក្រាស់ និង​កំពូល​តណ្ហា​ល្បែង​ពាលា​ក្រាស់ ដែល​ផ្តុំគ្នា​ជុំវិញ​លោក​ប្រធាន សម រង្ស៊ី ហើយ​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រលាយ។ សម្រាប់​ខ្ញុំ ខ្ញុំ​នៅតែ​ប្រកាន់យក​ឧត្ដមគតិ​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ដែលជា​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

ទន្ទឹមនឹង​ការរិះគន់​ដាស់តឿន​ដល់​មេ​ចាស់​របស់​ខ្លួន ដែល​កំពុង​យក​សេរីភាព និង​ជីវិត​នយោបាយ​របស់​លោក កឹម សុខា ទៅធ្វើជា​ល្បែងភ្នាល់​នោះ អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចំអក​ដល់​មនុស្ស​មួយ​ចំនួន ដែល​ចេញមក​គាំទ្រ​ លោក សម រ​ង្ស៉ី ផង​ដែរ ដោយ​លោក​បាន Comment តប​ទៅ​បុរស​ម្នាក់​ ឈ្មោះ លី ហួរ ដែល​ទំនងជា​សមាជិក​របស់​ក្រុម​ប្រឆាំង ដែល​ងប់ងុល​នឹង​មនោគមន៍​វិទ្យា​របស់ លោក សម រ​ង្ស៉ី យ៉ាង​ដូច្នេះ​ថា “​ប្រឹង​រកស៊ី​ចិញ្ចឹម​កូនៗ​ទៅ ចាំ​គេ​កើតមក​វិញ ចាំ​ទៅ​បម្រើ​គេ​ទៀត មិនទាន់​ហួសពេល​ទេ​”​។​

ដោយឡែក​លោក គង់ សភា ដែល​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជា​កូនប្រុស​របស់ លោក គង់ គាំ ដែរ​នោះ បាន​ចេញមក​ប្រកាស បែប​ឌឺដង​ឲ្យ​អ្នកគាំទ្រ ​លោក សម រង្ស៊ី ឲ្យ​ទៅ​ចាំ​ទទួល​លោក សម រង្ស៊ី និង​ក្រុម​អ្នកតំណាងរាស្ត្រ ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស ហើយ​ពួកគេ​នឹង​ធ្វើ​ដំណើរ​មក​កម្ពុ​ជានា​ពេលខាងមុខ​។

លោក គង់ សភា បានបញ្ជាក់​យ៉ាង​នេះ​ថា “​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​ប្រធាន សម រង្ស៊ី និង​ក្រុម​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប ដែល​បាន​និរទេស​ខ្លួន​មក​ក្រៅប្រទេស នឹង​ធ្វើដំណើរ​ចូលទៅ​កាន់​ប្រទេស​កម្ពុជា​វិញ។ តើ​មាន​បងប្អូន​សកម្មជន ប្រជាពលរដ្ឋ និង​អ្នកស្នេហា​ជាតិ​ណាខ្លះ​មក​ទទួល លោក​ប្រធាន សម រង្ស៊ី ? តើ​បងប្អូន​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ហើយ ឬ​នៅ? សូម​ជួយ​ស៊ែ​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្សព្វផ្សាយ! “​។​

ទាក់ទង​បញ្ហា​នេះដែរ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង ក៏បាន​ចេញ​មក​ជំទាស់​ទៅនឹង​អ្វីដែល​ លោក សម រង្ស៊ី បបួល​សម្ដេច​តេ​ជោ ហ៊ុន សែន ភ្នាល់​គ្នា​រឿង​ដោះលែង​ជន​ត្រូវ​ចោទ កឹម សុខា នាពេលខាងមុខ ដោយ​សំអាង​ថា យុទ្ធសាស្ត្រ​ដែល​មេដឹកនាំ​របស់​ខ្លួន​យក​ទៅ​ប្រើ​នោះ ជា​យុទ្ធសាស្ត្រ​ខុស​។​

លោក ហ៊ុន កុសល ដែល​គេ​ស្គាល់​ថា ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​តាំងពីដើម​នោះ បានប្រកាស​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ថា លោក​គឺជា​អ្នកគាំទ្រ​គណបក្ស​សម រង្ស៊ី តាំងពី​បង្កើត​ដំបូង រហូតមកដល់​បច្ចុប្បន្ន ហើយក៏​នៅតែ​គោរព​ស្រឡាញ់​ដដែល​។

លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ខ្ញុំបាទ ហ៊ុន កុសល ជា​អ្នកគាំទ្រ គណបក្ស សម រង្ស៊ី តាំងពី​គណបក្ស​បង្កើត​ដំបូង រហូតមកដល់​បច្ចុប្បន្ន ខ្ញុំ​នៅ​គោរព​ស្រឡាញ់​លោក​ប្រធាន​ដដែល ប៉ុន្តែ​ខ្ញុំ​នៅតែ​ប្រកាន់​ជំហរ មិន​គាំទ្រ​សារ​នយោបាយ​របស់លោក​ប្រធាន​ចុងក្រោយ ដែល​បបួល​លោកនាយក​រដ្ឋមន្ត្រី​ភ្នាល់​គ្នា​ដាក់​សេរីភាព ព្រោះ​ធ្វើឲ្យ​ប៉ះពាល់​ស្មារតី​សាមគ្គី​របស់​បក្ស​សង្គ្រោះ​ជាតិ​។ ខ្ញុំ​ប្រកាស​ជំទាស់​មេ ខ្ញុំ​មិនអាច​រុញ​មេ​ទម្លាក់​ទឹក​ទេ ខ្ញុំ​នៅតែ​ប្រកាន់​ថា យុទ្ធសាស្ត្រ​ភ្នាល់ ជា​យុទ្ធសាស្ត្រ​ខុស​”​។​

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក ហ៊ុន កុសល បានបញ្ជាក់​ទៀតថា “​ការមិនទុកចិត្ត​គ្នា​រវាង​អ្នកនយោបាយ​ជាន់ខ្ពស់​របស់​សង្គ្រោះ​ជាតិ គឺ​កាច​សាហាវ​ជាង​ជំងឺ​មហារីក​ទៅទៀត​”៕