ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម ឡេង​លី ជួប​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Phat Many នៅ​សង្វៀន​SEATV

•​សុខ សុវណ្ណ សាក​កណ្ដាប់ដៃ​ជាមួយ ភុ​ន សោ​ភ័​ណ្ឌ​
អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា ឯម ​ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Phat Many​លើស​ង្វៀន​SEATV នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។​ Phat​ Many អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ចំណូល​ថ្មី​ពុំ​ធ្លាប់​មក​វាយ​នៅ​ស្រុក​ខ្មែរ​ទេ កន្លងមក​។

យ៉ាងណា Phat Many ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ។ បើតាម​ប្រវត្តិ​របស់ Phat Many គេ​មិនជា​ខ្លាំង​និង​ល្បីឈ្មោះ​ប៉ុន្មាន​ទេ​នៅ​ស្រុកថៃ​នោះ​។ Phat Many មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៥៦​លើក ឈ្នះ​៥០​លើក ចាញ់​០៥​លើក និង​ស្មើ​០១​លើក។​ ដូច្នេះ ឯម ឡេង​លី ប្រហែលជា​មិន​លំបាក​តតាំង​នោះទេ ។

ទោះជា​យ៉ាងនេះ​ក្តី ឯម ​ឡេង​លី មិនអាច​ធ្វេសប្រហែស​ ឬ​មើលងាយ​Phat Many បានឡើយ។ ឡេង​លី មាន​កំណត់​ត្រា​ប្រកួត​តែ​៤៤​លើក ឈ្នះ​៣៥​លើក ចាញ់​០៨​លើក ស្មើ​០១​លើក។ ប៉ុន្តែ​យ៉ាងណា Phat Many មិនជា​ខ្លាំង​ដូច​Khun Phen នោះឡើយ។​

ចាំមើល ឯម ឡេង​លី អាច​យកឈ្នះ Phat Many បាន​ឬ​អត់​?។​ ឯម ឡេង​លី គេ​ប្រកួត​ជាមួយ​ថៃ​ចុង​ក្រោយ​នេះ បាន​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ Khun Phen ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​កន្លងទៅនេះ។​

សុខ សុវណ្ណ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៦០​គីឡូក្រាម ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ ភុ​ន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួប​គ្នា​ទេ​កន្លង​មក។

សុខ សុវណ្ណ ជា​អ្នក​ប្រដាល់​ជើងចាស់ គេ​មាន​កណ្ដាប់ដៃ​ខ្លាំង រហ័ស​ និង​លឿន ពិសេស​ស្នៀត​ទាត់​របស់គេ គឺ​អស្ចារ្យ​តែម្ដង។ គូប្រកួត​ឲ្យ​តែ​ហ៊ាន​ប្រហែស អាច​នឹង​ត្រូវ​សុវណ្ណ​ទាត់ឲ្យ​សន្លប់​មិន​ខាន។

តែ​អ្នក​ប្រដាល់​រូបនេះ មានចិត្ត​ឆេវឆាវ និង​មិនសូវ​គោរព​បទបញ្ជា​ប្រកួត​នោះឡើយ។ សុខ សុវណ្ណ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ ​ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​ដោយ​ពិន្ទុ។​

ចំពោះ​ ភុ​ន សោ​ភ័​ណ្ឌ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែរ។ អ្នក​ប្រដាល់​រូបនេះ មាន​ស្នៀត​ទាត់​ល្អ​ដូច​សុវណ្ណ​ដែរ។ ហើយ​មួយទៀត សោ​ភ័​ណ្ឌ គេ​មាន​កណ្ដាប់ដៃ​ខ្លាំង ហើយ​សមត្ថភាព​បច្ចេកទេស ក៏​ប្រហាក់ប្រហែល​នឹង​សុវណ្ណ​ដែរ​។ តែ​គេ​អន់​ខ្សោយកម្លាំង​ស៊ុ​ហ្វ។

ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ សុវណ្ណ​ មិនទាន់​ប្រាកដថា​ អាច​យកឈ្នះ​ សោ​ភ័​ណ្ឌ​ បាន​នោះដែរ។ ចាំមើល តើ ​ភុ​ន សោ​ភ័​ណ្ឌ អាច​យកឈ្នះ ​សុខ សុវណ្ណ បាន​ឬ​អត់?។ ​ភុ​ន សោ​ភ័​ណ្ឌ ប្រកួត​ចុង​ក្រោយ​នេះ គេ​វាយ​ស្មើ​ពិន្ទុ​ជាមួយ ​ធា នុ​រាជ ក្លិប​មកុដ​រាជសីហ៍។​

ឌឹ​ម សារិទ្ធ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ សយ សុខ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ នេះ​ជាការ​ជួបគ្នា​លើកដំបូង​របស់​អ្នក​ប្រដាល់​ទាំងពីរ។​

សារិទ្ធ ជា​អ្នក​ប្រដាល់​ថ្មី​ស្រករ​ក្រោយ តែ​គេ​វាយ​ល្អ​ និង​ស៊ូ​ចំពោះ​ការប្រកួត ហើយ​ពិសេស​នោះ គឺ​គេ​មាន​ផ្លែ​ល្អ។ ការប្រកួត​កន្លងមក មិនសូវ​ដែល​ចាញ់​នោះទេ។ ចំណែក សយ សុខ ថ្វីត្បិតតែ​គេ​ស្គាល់​សង្វៀន​មុន ​សារិទ្ធ ប៉ុន្តែ​មិនជា​ខ្លាំង​ និង​រំពឹងថា វាយ​ឈ្នះ ​ឌឹ​ម សារិទ្ធ​ នោះឡើយ។

គឿ​ម សុវណ្ណារ៉ា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​ សាន សំអុន អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ​កីឡា ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ដែរ​។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ប៉ះ​គ្នា​ដែរ​កន្លងមក​។ អ្នក​ប្រដាល់​ទាំងពីរ​នេះ អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះ មិន​អាច​ទស្សន៍ទាយ​មុន​បាន​ឡើយ។​

ចំណែក ឈុន ប្រាក់​កាក់ អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្ត​ព្រៃវែង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ​ផុន សុខ​វិបុល អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ។ ពួកគេ​ទាំងពីរ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៤៨​គីឡូ​ក្រាម​។ ​អ្នក​ប្រដាល់​ទាំងពីរ​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក។ ដូច្នេះ​ការជួបគ្នា​លើក​នេះ ជាការ​ជួប​លើក​ទី​១​របស់​ពួកគេ​ទាំងពីរ​នាក់។ ​ចាំមើល តើន​រណា​ជា​អ្នកឈ្នះ នៅក្នុង​ការជួបគ្នា​នេះ​?៕