ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​កសិកម្ម ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​បាន​ជួយ​គាំទ្រ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​

ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សហរដ្ឋអាមេរិកបាន​ជួយ​គាំទ្រ​យ៉ាង​ល្អប្រសើរ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​

ការ​ថ្លែង​អំណរគុណ​របស់ លោក​ វេ​ង សាខុន បាន​ធ្វើ​ឡើង​កាលពី ថ្ងៃ​ពុធ ៧​កើត ខែ​ក​ក្តិ​ក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​ជំនួប​ជាមួយ​ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ក្នុង​គោលបំណង​ដើម្បី​ជម្រាបលា​ បន្ទាប់ពី​លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នាឱកាស​នេះ​ លោក William Heidt បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី និង​សហការី ដែល​បាន​ផ្តល់​កិច្ចសហការ​គ្រប់​បែប​យ៉ាង​បាន​ល្អ​ប្រសើរ​លើ​ការងារ​អនុវត្ត​គម្រោង​នានា​ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម​នា​ពេល​កន្លងមក និង​ពេញចិត្ត​ចំពោះ​ពេលវេលា​ដ៏​មានតម្លៃ​ដែល​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​បានរួម​ដំណើរ​ជាមួយ​លោក​រដ្ឋមន្ត្រី​ អញ្ជើញ​ចុះទៅ​មូលដ្ឋាន​មួយចំនួន​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​គម្រោង​នានា​ដែល​បានការ​ឧបត្ថម្ភ គាំទ្រ​ដោយ​អង្គការ USAID​។​

​ទន្ទឹមនឹងនេះ លោក ឯកអគ្គរដ្ឋទូត​ បាន​ជម្រាបជូន​ឯកឧត្ដម​រដ្ឋមន្ត្រី​ផង​ដែរ​ថា ក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ​ នឹងមាន​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​ការវិភាគ​លើ​ហានិភ័យ​ដែល​បណ្ដាល​ពី​សត្វល្អិត​ចង្រៃ (Pest Risk Analysis Group) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​សិក្សា​ស្វែងយល់​ទាំង​ការងារ​បច្ចេកទេស និង​នីតិវិធី​ច្បាប់ ក្នុង​បំណង​នាំចេញ​ផលិតផល​ស្វាយ និង​ស្វាយ​ចន្ទី​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ពេល​អនាគត​។

លោក​ឯកអគ្គរដ្ឋទូត​ បាន​សម្ដែង​នូវ​ក្តី​សង្ឃឹម​ និង​ជឿជាក់​ថា ​ភាពជា​ដៃគូ​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​សហរដ្ឋអាមេរិក និង​កម្ពុជា​លើ​វិស័យ​កសិកម្ម​ នឹង​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​។​

​ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាមរយៈ​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត លោក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​កន្លងមក​បាន​ជួយ​គាំទ្រ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

ជាក់ស្ដែង​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ជួយ​ឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុងនោះ​មាន​ ៖
១-​គម្រោង​សាកវប្បកម្ម (២០១៧-២០២២) ដែលមាន​ទឹកប្រាក់​សរុប​១៧,៥​លាន​ដុល្លារ ដោយ​ផ្ដោត​ជា​សំខាន់​ទៅលើ​ការ​កសាង​សមត្ថភាព​ស្វែងរក​ទីផ្សារ​កសិផល ការ​កែលំអ​ទីផ្សារ​សម្រាប់​វិស័យ​សាកវប្បកម្ម ការ​កែលំអ​អភិបាលកិច្ច​ល្អ​។​

២-​គម្រោង​ស្ដីពី​ការ​កសាង​ភាពជា​ដៃគូ​រវាង USAID ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម មាន​ទឹក​ប្រាក់​ចំនួន​១​លាន​ដុល្លារ ក្នុង​បំណង​កសាង​សមត្ថភាព​ស្ថាប័ន និង​អភិវឌ្ឍ​ធនធានមនុស្ស ការចូល​រួម​របស់​និស្សិត មន្ត្រីរាជការ និង​វិស័យ​ឯកជន​។​

៣-​គម្រោង ​ស្ដីពី​ការ​ពង្រឹង​មន្ទីរ​ពិសោធន៍ និង​មជ្ឈមណ្ឌល​ឧត្ដមភាព​សម្រាប់​កសិកម្ម​សមស្រប នវា​នុវត្តន៍ និង​អាហារូបត្ថម្ភ (Center of Excellence for Sustainable Agriculture Intensification and Nutrition, CESAIN) ដែល​មាន​ទឹកប្រាក់​ចំនួន​២៥​លាន​ដុល្លារ​។

គម្រោង​នេះ ​ត្រូវបាន​សហការ​អនុវត្ត​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ជាមួយ​សាកលវិទ្យាល័យ Kansas State University ក្នុង​ខេត្ត​គោលដៅ​ចំនួន​៤ គឺ​ខេត្ត​កំពង់ចាម បាត់ដំបង កំពង់ធំ និង​ខេត្ត​សៀមរាប ក្នុង​គោលបំណង​សម្របសម្រួល​ដល់​សកម្ម​ភាព​កែច្នៃ​កសិផល ការ​កសាង​សមត្ថភាព​សិស្ស លោកគ្រូ អ្នកគ្រូ និង​សាស្ត្រាចារ្យ​នៅ​តាម​សាកលវិទ្យាល័យ​ជាតិ​កសិកម្ម​។​

៤-​គម្រោង​ស្ដីពី​ការ​ចិញ្ចឹម​ត្រី​នៅ​តាម​ស្រែ (២០១៦-២០២១) មាន​ទឹកប្រាក់​ចំនួន​ជាង​៦​លាន​ដុល្លារ ដែល​ត្រូវ​អនុវត្ត​ក្នុង​ខេត្ត​ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​កំពង់ធំ​។ ក្នុង​បំណង​កែលំអ​ប្រព័ន្ធ​ចិញ្ចឹម​ត្រី​នៅ​តាម​ស្រែ បង្កើន​វិសាលភាព​ នៃ​ផលិតកម្ម​ត្រី​ប្រកបដោយ​និរន្តរភាព​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា តាមរយៈ​លទ្ធផល​ដែល​ទទួលបាន​ពី​ការអនុវត្ត​គម្រោង​នានា​បាន​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ការរីកចម្រើន​នេះ​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព បង្កើន​ប្រាក់ចំណូល កែលំអ ​និង​ថែរក្សា​ក្សេត្រ​បរិស្ថាន ទទួល​បាន​បច្ចេកវិទ្យា​ថ្មី​យកទៅអនុវត្ត​ ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម ធានា​បាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ កាត់បន្ថយ​ចំណាកស្រុក និង​កាត់បន្ថយ​ការ​ពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធនធានធម្មជាតិ​។​ ល ​។​

តាមរយៈ​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត ​ឯកឧត្ដម​រដ្ឋមន្ត្រី​សង្ឃឹម​ និង​ជឿជាក់​ថា ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​ជួយ​គាំទ្រ​យ៉ាង​ពេញលេញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព ជាពិសេស​វិស័យ​ឯកជន​របស់​សហរដ្ឋ​អាមេរិក​នឹង​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​កាន់តែ​ច្រើនឡើង​ថែមទៀត ​នាពេល​អនាគត​ ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ គឺជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​៕