ព័ត៍មានទាន់​ហេតុការណ៏
Search

ចំនួន​អ្នកស្លាប់​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បន្ត​កើនឡើង​ ខណៈ​មនុស្ស​១៣០​នាក់​កំពុង​បាត់​ខ្លួន

ចំនួន​អ្នកស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នាពេល​ថ្មីៗ​នេះ​របស់​រដ្ឋកា​លី​ហ្វ​នីញ៉ា​ បាន​កើនឡើង​ដល់​៥៩​នាក់​ហើយ​កាលពី​ថ្ងៃ​ពុធ​ ខណៈ​អាជ្ញាធរ​បាន​បញ្ចេញ​បញ្ជី​មនុស្ស​១៣០​នាក់​ដែល​នៅតែ​កំពុង​បាត់​ខ្លួន​។​

ភាគច្រើន​នៃ​អ្នក​ដែល​បាត់​ខ្លួន​គឺ​មកពី​ទីប្រជុំជន Butte County នៃ​ទីក្រុង Paradise នៅក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ភាគ​ខាងជើង​ដែល​ត្រូវបាន​លុបចោល​ស្ទើរតែ​ទាំងអស់​ចេញពី​ផែនទី​ដោយ​ភ្លើង​ឆេះ​ព្រៃ “Camp Fire” ដែល​បាន​ផ្ទុះឡើង​កាលពី​សប្តាហ៍​មុន​។​

តម្រួត​តំបន់ Butte County លោក Kory Honea បាន​ប្រាប់​អ្នកកាសែត​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា បុគ្គលិក​សង្គ្រោះ​និង​ស្វែងរក​ចំនួន​៤៦១​នាក់​និង​សត្វ​សុនខ​រុករក​ចំនួន​២២​ក្បាល​បាន​ចូលរួម​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក​អ្នក​បាត់​ខ្លួន​ហើយ​ការធ្វើ​តេស្ត DNA កំពុង​បង្កើនល្បឿន​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​។​

លោក Honea បាន​ថ្លែងថា “​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ទៅ អ្នក​ដែល​ជឿថា សមាជិកគ្រួសារ​ម្នាក់​បាន​ស្លាប់​គឺអាច​ផ្តល់​គំរូ DNA ទៅ​ឲ្យ​ការិយាល័យ​តម្រួត​”​។​
Paradise ដែលជា​ទីក្រុង​មួយ​មាន​ប្រជាជន​ប្រមាណ​២៦,០០០​នាក់​នៅតាម​ជួរ​ភ្នំ Sierra Nevada គឺ​សម្បូរ​ទៅដោយ​អ្នក​ចូលនិវត្តន៍​ហើយ​ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវបាន​រាយការណ៍​ថា​បាត់​ខ្លួន​ដោយ​ការិយាល័យ​តម្រួត​គឺជា​មនុស្ស​ចាស់​ស្ថិតក្នុង​វ័យ​៧០​ឆ្នាំ​, ៨០​ឆ្នាំ​និង​៩០​ឆ្នាំ​។​

រហូតមកដល់​ពេលនេះ មនុស្ស​យ៉ាងតិច​៥៩​នាក់​ត្រូវបាន​គេ​រាយការណ៍​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ហើយ​ក្រុម​ស្វែងរក​សាកសព​កំពុង​រកមើល​ពី​ផ្ទះមួយ​ទៅផ្ទះ​ជាមួយ​សត្វ​សុនខ​ក្នុង​ទីក្រុង Paradise កាលពី​ថ្ងៃ​ពុធ​។​

អាជ្ញាធរ​បាន​និយាយថា ម្ចាស់​សត្វ​ចិញ្ចឹម​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចូល​តំបន់ហាមឃាត់​ក្នុង​រយៈពេល​ខ្លី​ដើម្បី​ផ្តល់​ចំណី​ដល់​សត្វ​របស់​ពួកគេ​ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា​នៅពេលណា​ទើប​ដែល​ប្រជាជន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចូលទៅក្នុង​។​

ខណៈពេលដែល​មូលហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ “Camp Fire” កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​នោះ ពាក្យបណ្តឹង​មួយ​ត្រូវ​បានដាក់​ប្តឹង​លើ​ក្រុមហ៊ុន​អគ្គិសនី PG&E ដោយ​ជនរងគ្រោះ​នៃ​អគ្គិភ័យ​នេះ​ដែល​បាន​អះអាងថា មានការ​ធ្វេសប្រហែស​ដោ​យ​សេវាកម្ម​សាធារណៈ​។​

ពាក្យបណ្តឹង​បាន​ចោទប្រកាន់ថា អគ្គិភ័យ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​នៅពេលដែល​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​មាន​បញ្ហា​ហើយ​បង្ក​ឲ្យ​មាន​ភ្លើង​៕ AFP