ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន អំពាវនាវ​ប្រជាពលរដ្ឋ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ទើប​អាច​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​

កំពង់ឆ្នាំង ​៖ ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ថ្លែង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ក្តី​កង្វល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហេតុនេះ​ហើយ​ទើប ការ​ពង្រឹង​ច្បាប់​ចរាចរ​ណ៍ ត្រូវតែ​បន្ត​ធ្វើ​ឡើងជា​បន្តបន្ទាប់​”​រៀងរាល់ថ្ងៃ។

ឯកឧត្ដម​បាន​ថ្លែង​បែបនេះ នៅ​ព្រឹក ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ នៅ​ក្នុង​សាលាបឋមសិក្សា​ក្រាំង​លាវ ស្ថិតនៅ​ក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ក្នុង​ទិវា​យុទ្ធនាការ អប់រំ ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​គម្រោង​កែលំអ​ផ្លូវ​ជនបទ​ជំហាន​ទី​២។​

ឯកឧត្ដម​បាន​បន្តថា តាម​របាយការណ៍​របស់​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​ថា នៅក្នុង​១​ថ្ងៃៗ​ គិត​ជា​មធ្យម​មនុស្ស​៥​នាក់​ បាន​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្នុង​ប្រទេស​មួយ ដែល​កំពុងតែ​អភិវឌ្ឍន៍ មាន​សុខ​សន្តិភាព ស្ថិរភាព ពេញលេញ បែរ​ជា​មាន​មនុស្ស បាន​រងគ្រោះថ្នាក់​ដោយ​ចរាចរណ៍​ទៅវិញ​។

កត្តា​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​កើតឡើង​ដោយសារ​ផ្លូវ​លំបាក​នោះ​ទេ ប៉ុន្តែ​ផ្លូវ​កាន់តែ​ងាយស្រួល គ្រោះថ្នាក់​ចរាចរណ៍ ក៏​កាន់តែ​កើតឡើង។

កន្លងមក​ ប្រជាពលរដ្ឋ​ធ្លាប់តែ​បើកបរ​យឺតៗ លើផ្លូវ​លំបាក ដល់ពេល​ផ្លូវ​ស្រួល​ក៏​បើកបរ​លឿន និង​ដោយសារ​មិន​គោរព​ច្បាប់​ចរាចរណ៍​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ​។

ដោយឡែក​ ក្រោម​ការ​កំណែទម្រង់​របស់​ប្រមុខ​រាជរដ្ឋាភិបាល តាម​គោលនយោបាយ​ចតុកោណ ដំណាក់​កាល​ទី​៣ គឺ​ទទួល​បាន​ជោគជ័យ យ៉ាង​ត្រ​ជះ​ត្រចង់។

ចំណែក​គោលនយោបាយ មួយទៀត​ដែល​យើង​ចង់បាន​នឹង​រំពឹង​ទុកជា​យូរ​មក​ហើយ គឺ​ការ​កែប្រែ​ផ្លូវលំ​ជនបទ ពី​ផ្លូវ​រទេះគោ មក​ផ្លូវ​ក្រាល​គ្រួស​ក្រហម ហើយ​មកដល់ពេលនេះ​បាន​ប្រែក្លាយ​ជា​ផ្លូវ​ក្រាល​កៅស៊ូ យ៉ាង​ស្អាត។

ជាក់ស្ដែង ក្នុង​គម្រោង​កែលំអ​ផ្លូវ​ជនបទ​ជំហាន​២​ទូទាំង​ប្រទេស​មាន​ចំនួន​៧០​ខ្សែ មាន​ប្រវែង​១.២០០​គីឡូម៉ែត្រ​លើ​ខេត្ត​១០ ក្នុង​នោះ ខេត្ត​កំពង់ឆ្នាំង ក៏​ទទួល​បាន​៩​ខ្សែ​ផង​ដែរ គឺ​មាន​ប្រវែង​១២៥​គីឡូម៉ែត្រ។

​ទន្ទឹម​នឹង​បាន​ផ្លូវ​ល្អ​ស្អាត ឯកឧត្ដម ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អ្នកបើកបរ​ទាំងអស់ សូម​គោរព​ច្បាប់​ចរាចរណ៍ ទាំងអស់គ្នា​។

នៅក្នុង​ឱកាស​នោះដែរ​ លោក​វេជ្ជបណ្ឌិត ម៉ាសា តូ​កូ​តូ ប្រធាន​ក្រុមប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​បាន​មានប្រសាសន៍ថា​ យើង​ពិត​មានការ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​ប្រជាជន​កម្ពុ​ជា​ជាង​១​ម៉ឺន​នាក់​បាន​បាត់ បង់ជីវិត​និង​ជាង ២​ម៉ឺន​៥​ពាន់​ទៀត​នាក់ ​បាន​រង​របួស​ដោយសារ​តែ​ការ​គ្រោះថ្នាក់​ចរា​ចរណ៍​ក្នុង​រវាង​៥​ឆ្នាំ​ ចុង​ក្រោយនេះ​។

ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់ អ្នកបើកបរ​ម៉ូតូ កង់ និង​ថ្មើរជើង គឺជា​អ្នក​ងាយ​រងគ្រោះ​ដែល​មាន​រហូត​ទៅដល់​៨៥​ភាគរយ នៃ​ចំនួន​អ្នក​ដែល​បាន​បាត់បង់​ជីវិត​។

នៅ​ក្នុង​យុទ្ធនាការ​ជំហាន​២​នេះ សូម​ផ្ដោត​ជាសំខាន់​ទៅ​ផ្នែក​អប់រំ ដល់​សហគមន៍ ដល់​ការសិក្សា​របស់​សិស្ស និង​អប់រំ​ដល់​អ្នក​ប្រើ​ប្រាស់​ផ្លូវ ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​ច្បាប់​ចរាចរណ៍ និង​ពី​ទុក្ខសោក​ដែល​បាន​កើត​ឡើង​ដល់​អ្នក​គ្រោះថ្នាក់។

ឯកឧត្ដម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា យោង​របាយការណ៍​រយៈពេល​០៩ ខែ​ ដើម​ឆ្នាំ ២០១៨ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន​១០១ ករណី គឺ​បាន​កើន​ឡើង​៤៥​លើក ច្រើនជាង​ឆ្នាំ​ចាស់ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣៦​នាក់ គឺ​កើន​ឡើងជា​ឆ្នាំ​ចាស់​១១​នាក់។

មូលហេតុ​ នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ដោយសារ​ការបើកបរ​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការ​មិន​ពាក់មួក​សុវត្ថិភាព ការ​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព និង​បើក វ៉ា​ជែង ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដែល​ទាំងអស់នេះ​ គឺ​មកពី​មិន​គោរព​ច្បាប់​ចរាចរណ៍​៕