ព័ត៍មានទាន់​ហេតុការណ៏
Search

មានការ​សង្ស័យ​អំពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ ស្របពេល​មន្ត្រី​និយាយ​ថា គ្មាន​នរណា​ម្នាក់​ចង់​វិលត្រឡប់​ទៅវិញ​ទេ

មានការ​សង្ស័យ​កាន់តែខ្លាំង​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​អំពី​ផែន​ការធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​ដែល​ភៀសខ្លួន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំមុន​ខណៈពេលដែល​ស្នងការ​ជនភៀសខ្លួន​បង់​ក្លា​ដែ​សបាន​និយាយថា គ្មាន​នរណាម្នាក់​ចង់​វិលត្រឡប់​ទៅវិញ​ទេ​ហើយ​ថា ពួកគេ​នឹងមិន​ត្រូវបាន​បង្ខិតបង្ខំ​ឲ្យ​ត្រឡប់​ទៅ​ឡើយ​។​

ជនភៀសខ្លួន​ពោរពេញ​ដោយ​ភាពភ័យខ្លាច​ដែល​បាន​ទៅដល់​ប្រទេស​បង់​ក្លា​ដែ​ស​ជាមួយ​ការរៀបរាប់​អំពី​ការសម្លាប់ ការចាប់រំលោភ​និង​ការ​លួច​ដុត​បន្ទាប់ពី​ពួកគេ​បាន​រត់គេច​ពី​ការបង្ក្រាប​របស់​កងទ័ព​កាលពី​ឆ្នាំមុន​គឺ​បាន​លាក់ខ្លួន​នៅពេល​អាជ្ញាធរ​បាន​ទទូចថា ពួកគេ​នឹង​បន្តធ្វើ​មាតុភូមិនិវត្តន៍​បើទោះបីជា​មានការ​ព្រមាន​ពី​អង្គការសហប្រជាជាតិ​ក៏ដោយ​។​

ប៉ុន្តែ​ស្នងការ​ជនភៀសខ្លួន​បង់​ក្លា​ដែ​សមាន​ការសង្ស័យ​អំពី​ថា​តើ​ផែនការ​បញ្ជូន​ក្រុមមនុស្ស​ដំបូង​ដែលមាន​គ្នា​១៥០​នាក់​គឺអាច​ដំណើរការ​តាម​ការគ្រោងទុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែរ​ឬក៏​អត់​។​

លោក Mohammad Abul Kalam បាន​ប្រាប់ AFP ថា “​យោងតាម​ការវាយតម្លៃ​ដោយ​ស្ម័គ្រចិត្ត​របស់ UNHCR បាន​បង្ហាញថា គ្មាន​នរណាម្នាក់​ក្នុងចំណោម​៥០​គ្រួសារ​ដែល​ត្រូវបាន​សម្ភាសន៍​បាន​សម្តែង​នូវ​ឆន្ទៈ​របស់​ពួកគេ​ក្នុងការ​វិលត្រឡប់​ទៅវិញ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ទេ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Kalam នឹងមិន​និយាយ​ទេ​ថា​តើ​ការធ្វើ​មាតុភូមិនិវត្តន៍​ដែល​បាន​គ្រោងទុក​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​ត្រូវបាន​លុបចោល​ដែរ​ឬក៏​អត់​។ ប៉ុន្តែ​គាត់​បាន​និយាយថា “​យើង​មិនអាច​បង្ខំ​ពួកគេ​ឲ្យ​វិលត្រឡប់​ប្រឆាំងនឹង​ឆន្ទៈ​របស់​ពួកគេ​ទេ​”​។​

មនុស្ស​ជាង​៧២០,០០០​នាក់​ដែល​ភាគច្រើន​ជា​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​គឺ​បាន​ស្វែងរក​ការ​ជ្រកកោន​ពី​ការបង្ក្រាប​ដោយ​យោធា​មី​យ៉ាន់​ម៉ា​ដែល​ចាប់ផ្តើម​កាលពី​ខែសីហា​ឆ្នាំមុន​ដែល​ក្រុម​អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ​និយាយថា បង្ក​ទៅជា​ការ​បោសសម្អាត​ជនជាតិ​ភា​តិច​។​

ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាប​ច្ចុ​ប្បន្ន​កំពុង​រស់នៅក្នុង​ជំរំ​ធំៗ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស​រួមទាំង​ការតាំង​ទីលំនៅ​ដ៏​ធំ​មួយ​នៅ​ស្រុក​ព្រំដែន Cox’s Bazar ផងដែរ​ដែល​នៅ​ទីនោះ បណ្តា​មេដឹកនាំ​សហគមន៍​បាន​និយាយថា ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវ​បានកំណត់​សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍​គឺ​បានធ្វើ​ដំណើរ​ទៅ​តំបន់ភ្នំ​ដើម្បី​គេចខ្លួន​៕ AFP