ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ផុន តៃនិញ ចង់​ជាប់​ជម្រើសជាតិ​ឈុត​ធំ ពេល​នៅ​ជាមួយ​ក្រុម​វិសាខា

ខ្សែការពារ​វ័យក្មេង ផុន តៃនិញ បាន​ចុះ​កិច្ចសន្យា​បាល់ទាត់​អាជីព​ជាមួយ​ក្លិប​បាល់ទាត់​វិសាខា សមាជិក​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) កាលពីដើម​ខែវិច្ឆិកា កន្លងទៅ ខណៈ​រូបគេ​បាន​ប្ដេជ្ញា​ចិត្ត និង​ខិតខំ​កសាង​អនាគត​បាល់ទាត់​របស់​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ ក្នុង​ការ​ប្រជែង​កៅអី​ក្រុម​ជម្រើសជាតិ​កម្ពុជា នា​ថ្ងៃ​អនាគត​។

អតីត​កីឡាករ​យុវជន​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា រូប​នេះ​បាន​បន្ត​ថា «​ខ្ញុំ​សប្បាយចិត្ត នឹង​ការ​ចូល​រួម​ជា​មួយ​ក្លិប​វិសាខា ដែល​ជា​ក្លិប​អាជីព​លើកដំបូង​របស់ខ្ញុំ ព្រោះ​វិសាខា គឺជា​ក្លិប​ធំ​មួយ ដែល​ខ្ញុំ​ជឿជាក់ នឹង​ផ្ដល់​អនាគត​ដ៏​ល្អ​សម្រាប់​ខ្ញុំ។ នេះ​គឺជា​ឱកាស​ដ៏​ល្អ ដើម្បី​ខ្ញុំ​អភិវឌ្ឍន៍​សមត្ថភាព និង​សម្រេច​គោលដៅ​ក្នុង​អាជីព​បាល់ទាត់។ ដូច្នេះ​ខ្ញុំ​ប្ដេជ្ញា នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ក្លិប​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ នា​រដូវ​កាល​ថ្មី ពិសេស​ខ្ញុំ​នឹង​ខំប្រឹង ដើម្បី​ទាក់ចិត្ត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ក្រុម​ធំ​នា​ថ្ងៃ​ណាមួយ​»​។

សូម​បញ្ជាក់​ថា ផុន តៃនិញ ធ្លាប់មាន​បទពិសោធន៍ ៥​ឆ្នាំ​ជាមួយ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី មុន​ផ្ទេរ​មកកាន់​ក្លិប​បាល់ទាត់​វិសាខា​។ ក្រោយ​ចូលរួម​ហ្វឹកហាត់ និង​ធ្វើការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុមយុវជន​ជប៉ុន កាលពីពេល​ថ្មីៗ គ្រូបង្វឹក​របស់​យើង​លោក ហុក សុ​ជីវ័ន បានធ្វើការ​កោតសរសើរ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​គេ និង​កីឡាករ​ចំណូល​ថ្មី​ផ្សេងៗ ដែល​បាន​យកចិត្តទុកដាក់​ហ្វឹកហាត់ ហើយ​លោក​សង្ឃឹមថា ពួកគេ​នឹង​ក្លាយជា​ផ្នែក​មួយ ដើម្បី​ជួយ​ក្រុម​ប្រកួតប្រជែង​ក្នុង​លី​គ និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នា​រដូវ​កាល​ថ្មី ឆ្នាំ​២០១៩​ខាងមុខ​។

​គួរ​បញ្ជាក់​ថា ​កីឡាករ ផុន តៃនិញ បាន​ចំណាយពេល​ជាង ៤​ឆ្នាំ​ជាមួយ​សាលា​បាល់ទាត់​ជាតិ​បាទី តែ​ក្រោយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏បាន​ប្រកាស​រំសាយ​កីឡាករ​សាលា​បាល់ទាត់​ជាតិ​បាទី​ចំនួន ១៦​នាក់ ក្នុងនោះ​ក៏មាន តៃនិញ ម្នាក់​ដែរ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ពួកគេ ចេញ​ប្រកប​អាជីព​ជាមួយ​ក្លិប​នានា ហើយ តៃនិញ និង​មិត្ត​រួម​ក្រុម ៤​នាក់​ទៀត រួមមាន ទូច គឹម​ឆាយ​, ឡុង ម៉េង​ហាវ​, ទៀត គឹម​ហេង និង​អ្នកចាំទី គង់ ពី​លត់ បានសម្រេចចិត្ត​ផ្ទេរ​ទៅ​កាន់​ក្លិប​វិសាខា​តែម្តង​៕