ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​រក្សា​ការដាក់​សម្ពាធ​ទណ្ឌកម្ម​លើ​ប្រទេស កូរ៉េខាងជើង

អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​នាំយក “​យុទ្ធនា​ការដាក់​សម្ពាធ​” របស់​អាមេរិក​ប្រឆាំងនឹង​កូរ៉េខាងជើង​ទៅកាន់​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​ពិភពលោក​ខណៈ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ថា សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​ក្រុង​ព្យុងយ៉ាង​កំពុង​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដែល​ដាក់​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បានរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពីដើម​ឆ្នាំនេះ​ដោយបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​មួយ​ស្តីពី​ការរំសាយ​នុយក្លេអ៊ែរ​។ ចាប់តាំងពី​ពេលនោះ​មក មានការ​រីកចម្រើន​តិចតួច​ណាស់​ហើយ​ប្រទេស​ទាំងពីរ​បាន​ឈ្លោះប្រកែក​គ្នា​លើ​អត្ថន័យ​ពិតប្រាកដ​នៃ​កិច្ចព្រមព្រៀង​នេះ​។​

កូរ៉េខាងជើង​ដែលជា​ប្រទេស​ក្រីក្រ​គឺ​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​ខ្លួន​បាន​បន្ត​រំលោភ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​

ក្រុង​វ៉ាស៊ីនតោន​បាន​ទទូចថា ទណ្ឌកម្ម​ត្រូវតែ​រក្សា​រហូតដល់​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​។​
​ប៉ុន្តែ​ក្រុមមន្ត្រី​អាមេរិក​បានទទួល​ស្គាល់​ថា ការអនុវត្ត​ទណ្ឌកម្ម​ដោយ​ដៃគូ​ពាណិជ្ជកម្ម​ប្រពៃណី​របស់​កូរ៉េខាងជើង​គឺ​ប្រទេស​ចិន​និង​រុស្ស៊ី​គឺមាន​ភាព​ធូរស្រាល​។​

ទន្ទឹមនឹងនេះ ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ខ្លួន​កំពុង​ពិចារណា​ដក​វិធានការ​ផ្ទាល់ខ្លួន​ដែល​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​។​

ក្នុង​សុន្ទរកថា​បើក​នៅឯ​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ីអាគ្នេយ៍ លោក Pence បាន​និយាយថា “​ភាពជា​ដៃគូ​ក្នុង​តំបន់​របស់​សហរដ្ឋអាមេរិក​ក៏​រួមបញ្ចូល​ទាំង​យុទ្ធនាការ​គាបសង្កត់រ​បស់​យើង​ទាក់ទង​នឹង​កូរ៉េខាងជើង​ផងដែរ​”​។​

មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​និយាយថា “​យើង​នឹង​និយាយ​យ៉ាងខ្លាំង​អំពី​តម្រូវការ​ដើម្បី​រក្សា​កម្ម​វិធី​សម្ពាធ​នេះ​។ វា​គឺជា​អ្វីដែល​ធ្វើ​ឲ្យ​លោក​គីម​ជុង​អ៊ុន​មាន​វត្តមាន​នៅលើ​តុ​ចរចា​។ វា​ជា​រឿង​សំខាន់​ដែល​សម្ពាធ​នៅតែ​រក្សា​”​។

មន្ត្រី​អាមេរិក​បាន​ទទូច​ឲ្យ​មានការ​បញ្ចប់​នុយក្លេអ៊ែរ​ដែល​បាន​ផ្ទៀងផ្ទាត់​ពេញលេញ​ចេញពី​ឧបទ្វីប​កូរ៉េ​មុន​ពេលដែល​ទណ្ឌកម្ម​ត្រូវបាន​ដកចេញ​។​

ទោះបីជា​យ៉ាងណាក៏ដោយ កូរ៉េខាងជើង​បាន​ច្រានចោល​ការទាមទារ​សម្រាប់​អ្វីដែល​ខ្លួន​ហៅថា​ជាការ​ដក​អាវុធ​នុយក្លេអ៊ែរ​ដោយ​ឯកតោភាគី​៕ AFP