ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មវិធី​«​ពានរង្វាន់​បាល់ទាត់​កម្ពុជា​» ចាប់ផ្តើម​ដំណើរការ​ពី​ម៉ោង​៤​ល្ងាច​ថ្ងៃ​សុក្រ​នេះ​តទៅ

​កម្មវិធី​«​ពានរង្វាន់​បាល់ទាត់​កម្ពុជា​» ឬ Cambodian Football Award លើក​ទី​២ ប្រចាំ​រដូវ​កាល​២០១៨ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​សុក្រ ទី​១៦ ខែវិច្ឆិកា នេះ​នៅ​មជ្ឈមណ្ឌល The Premier Centre Sen Sok ក្នុង​រាជធានី​ភ្នំពេញ​។

លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​គណៈកម្មាធិការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង​៤​ល្ងាច​ដល់​ម៉ោង​៩​យប់ ដោយ​បែង​ចែក​ជា​៣​ដំណាក់កាល​ធំៗ​ដូចជា​កម្មវិធី​សម្រាប់​ចែក​ពានរង្វាន់​ដំណាក់កាល​ដំបូង​នឹង​ចែក​ពានរង្វាន់​ក្របខណ្ឌ ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទាំង​ការ​បង្ហាញ​ក្រុម​ជ័យលាភី​ទាំង ៤ ក្លិប​ចំណាត់ថ្នាក់​លេខ ១,​ក្លិប​ចំណាត់ថ្នាក់​លេខ ២,​ក្លិប​ចំណាត់ថ្នាក់​លេខ ៣ (​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន មាន ២​ក្លិប​)​។

ការ​ប្រគល់​ពានរង្វាន់​ផ្សេងៗ​ទៀត​ ដែល​លើក​ពី​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​មក​ចូលក្នុង​កម្មវិធី​នេះ​ដូច​ជា​គ្រូបង្វឹក​ល្អ​ជាងគេ​,​កីឡាករ​ល្អ​ជាងគេ​,​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​,​អ្នកចាំទី​ល្អ​ជាងគេ​,​ក្រុម​អាជ្ញាកណ្តាល​ល្អ​ជាងគេ​,​ក្លិប​ដែល​បាន​ជ័យលាភី Fair Play​។

ចំណែក​ដំណាក់កាល​ទី​ពីរ គឺ​ចែក​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា គឺ​មាន​ការ​បង្ហាញ​ក្រុម​ជ័យលាភី​ទាំង​៣​ គឺ​ក្លិប​ជើងឯក​,​ប្រគល់​មេដាយ​ទៅ​ឲ្យ​ក្លិប​ជ័យលាភី​លេខ ២ និង លេខ ៣ ដែល​លើក​ពីថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​។ ក្រៅពីនោះ​ក៏​មាន​ប្រគល់​ពានរង្វាន់​គ្រូបង្វឹក​ល្អ​ជាងគេ​,​កីឡាករ​ល្អ​ជាងគេ​,​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ​, អ្នកចាំទី​ល្អ​ជាងគេ​,​ក្រុម​អាជ្ញាកណ្តាល​ល្អ​ជាងគេ​,​ក្លិប​ដែល​បាន​ជ័យលាភី Fair play​។

​សម្រាប់​ដំណាក់កាល​ទី​បី ការចែក​ពានរង្វាន់ CNCC Award ក្នុងនោះ​មាន​ចែកជា​ពីរ​ផ្នែក ដោយ​ផ្នែក​ទី​១ គឺ ការ​ប្រគល់​ពានរង្វាន់​កិត្តិយស​ចំនួន ៥ ដើម្បី​លើកទឹកចិត្ត ក្លិប កីឡាករ និង តបស្នង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​លះបង់​យ៉ាងច្រើន​ក្នុង​ការ​អភិវឌ្ឍ​បាល់ទាត់​ជាតិ​។ ផ្នែក​ទី​២ គឺ​ការ​ប្រគល់​ពានរង្វាន់​ប្រជាប្រិយភាព​ចំនួន ៥ ដោយ​ការបោះឆ្នោត​តាម​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់ CNCC មានដូចជា កីឡាករ​ដែល​មាន​ប្រជាប្រិយភាព​,​គ្រូបង្វឹក​ដែលមាន​ប្រជាប្រិយភាព​,​កីឡាករ​ដែលមាន​រូប​រាង​សង្ហា​,​អ្នកគាំទ្រ​ដែល​មាន​ប្រជាប្រិយភាព​,​អ្នក​ថតរូប​សារព័ត៌មាន​ដែលមាន​ប្រជាប្រិយភាព​។

​ពានរង្វាន់​ដែល​ត្រូវ​ប្រគល់​ទាំងអស់​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ចំនួន ២២ និង ការ​ប្រគល់​មេដាយ​ទៅ​ក្លិប​ចំណាត់ថ្នាក់​លេខ ១ ២ ៣ និង លេខ ៤ ក្នុង​នោះ​ពានរង្វាន់​ក្នុង​ក្របខណ្ឌ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ចំនួន ៦ ពានរង្វាន់​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា ចំនួន ៦ និង​ពានរង្វាន់​របស់ CNCC ចំនួន ១០ ទៀត​។

​ប្រភព​ខាងលើ​បាន​បន្ត​ថា ​«​កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​»​នឹង​មាន​ការចូលរួម​ជា​ភ្ញៀវកិត្តិយស​ពី​តំណាង​របស់​លី​គ​កំពូល​ជប៉ុន JAPAN PROFESSIONAL FOOTBALL LEAGUE ហៅ​កាត់​ថា (J-League), តំណាង​របស់ La Liga ដែល​ជា​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ និង​នាយក​រៀបចំ​គម្រោង និង​ធ្វើ​សកម្មភាព​របស់​កីឡា​អូឡាំពិក​មកពី​ប្រទេស​ជប៉ុន ផងដែរ​។ បន្ទាប់ពី​ចប់​ពិធី​ប្រគល់​ពានរង្វាន់​រួច និង​មានការ​ប្រគំ​តន្ត្រី​ដោយ​ចូលរួម​ដោយ​តារាចម្រៀង​ល្បីៗ​របស់​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​ទាំងស្រុង​ដោយ​ស្ថានីយទូរទស្សន៍ BTV​ផងដែរ​។

​សម្រាប់​សំបុត្រ​ចូលរួម​កម្មវិធី Cambodian Football Award នេះ​គឺ​មាន​តម្លៃ​៣​ដុល្លារ​ដោយ​បូក​បញ្ចូល​ទាំង​អាហារសម្រន់ និង​ភេសជ្ជៈ ហើយ​អាច​ទស្សនា​ការ​ប្រគំ​តន្ត្រី​បាន​ទៀត​ផង​។ មហាជន​ដែល​ចាប់អារម្មណ៍​សូម​ទៅ​ទាក់ទង​នៅ​ទីតាំង​ផ្ទះ​លេខ​២ ផ្លូវ​១៣៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានីភ្នំពេញ ឬ តាម​លេខ​ទូរស័ព្ទ​ ០៧០ ៨៤០ ៥៦១៕