ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា សម្តែង​ការ​សោកស្តាយ ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​ម៉ាលី បណ្តាល​ឲ្យ​ពលរដ្ឋកម្ពុជា​រង​បួស

ភ្នំពេញ​ ៖ អង្គការសហប្រជាជាតិ ដែល​មាន​ទីតាំង​ព្រះរាជាណាចក្រ​កម្ពុជា (UN) បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​ប្រទេស​ម៉ាលី ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចំនួន​៤​នាក់​រង​បួស​ធ្ងន់ និង​ស្រាល នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ UN កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ UN ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​យ៉ាងនេះ​ថា អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ប្រទេស​កម្ពុជា មានការ​សោក​ស្តាយ ដែល​បានដឹង​អំពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​នៅ​តាម​រថយន្ត ដោយ​ក្រុម​ប្រដាប់​អាវុធ នៅឯ​ទីតាំង​របស់​អង្គការសហប្រជាជាតិ​មួយ​នៅ​ភាគ​ឥសាន្ត នៃ​ទីក្រុង​ហ្គៅ (Gao city) ក្នុងប្រទេស​ម៉ាលី​។ ក្នុងចំណោម​អ្នក​ដែល​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ គឺ​មាន​ជន​ស៊ីវិល​កម្ពុជា​៤​នាក់​។

អង្គការសហប្រជាជាតិ​នៅ​កម្ពុជា មានការ​អាណិតអាសូរ​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​របស់​ជន​ស៊ីវិល ដែល​រង​របួស​ទាំងនោះ ហើយ​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​សង្គ្រោះ​ជាបន្ទាន់​។​

​សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​បម្រើការ​នៅក្នុង​អង្គការសហប្រជាជាតិ យ៉ាងតិច​ចំនួន​៤​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល​ក្រោយ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ភេរវករ​នៅ​ប្រទេស​ម៉ាលី​។ ហេតុ​ការ​ណ៍​នោះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​ប្រទេស​ម៉ាលី​) ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​កម្ពុជា​)​។

ពលរដ្ឋ​ខ្មែរ ដែល​រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ រួមមាន ទី​១. លោក ភិន សារ៉ាន់ ជា​អតីត​បុគ្គលិក​បម្រើការ CMAC ដែល​បាន​ចាប់ផ្តើម​ចូល​បម្រើការ​ជា​អ្នកបកប្រែ​ភាសា​ជាមួយ UNMAS ចាប់ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ រងរបួស​ធ្ងន់ បាក់ឆ្អឹង​ជំនី និង​របួស​ក្បាល ទី​២. លោក ហ៊ុល សុខ​ហេង ជា​អតីត​បុគ្គលិក​បម្រើការ CMAC រង​រួប​ស្រាល ទី​៣. លោក រៀម ឌី ជា​អតីត​នាយក​ប្រតិបត្តិ​ការ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​ក្នុង​អង្គការ CMAC រង​របួស​ស្រាល ទី​៤. លោក សំ រដ្ឋា ជា​អតីត​បុគ្គលិក​អង្គការ Hello TRUST រង​របួស​ស្រាល​៕


TAG