ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន ចេញ​សារ​លើកទឹកចិត្ត​កីឡាករ ចាន់ វឌ្ឍនាកា ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា

«​ខ្ញុំ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជាប់​ជម្រើសជាតិ​ទេ​» នេះ​ជា​សារ​របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ក្រោយ​រូបគេ​ត្រូវ​ប្តូរ​ចេញ​ត្រឹម​នាទី​៤៦ ក្នុង​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា កាល​ពី​ពេល​ថ្មីៗ ក្នុង​វគ្គ​ជម្រុះ​ពូ​ល A នៃ​ពានរង្វាន់​ធំ​ប្រចាំ​ពានរង្វាន់ AFF Suzuki Cup 2018​។

​រូបគេ​ជា​ម្ចាស់​គ្រាប់​បាល់​ឲ្យ​ជម្រើសជាតិ​ខ្លួន ក្នុង​ប្រកួត​ដែល​កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា ៤​ទល់​១​។ យ៉ាង​ណា​ក្តី​ប្រកួត​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ជនជាតិ​ជប៉ុន​Keisuke Honda នេះ​បាន​សម្រេចចិត្ត​ប្តូរ ចាន់ វឌ្ឍនាកា ចេញ​នៅ​ដើមតង់​ទី​២ ដោយ​ជំនួស​កីឡាករ ឈិន ឈឿន វិញ​ហើយ​តង់​ទី​២​នេះ​ជា​ពេល​ដែល​កម្ពុជា របូត​គ្រាប់​បាល់​រហូតដល់​៤​គ្រាប់​។

ងាក​មក​មើល​លោក Leornardo Vitorino អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទើប​ចុះកិច្ចសន្យា​ដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​លើកទឹកចិត្ត​កីឡាករ ចាន់ វឌ្ឍនាកា​ថា «​ជូន​ចំពោះ ចាន់ វឌ្ឍនាកា​។ ខ្ញុំ​សន្យា​ថា ​មិន​និយាយ​អ្វី​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទេ​។

ខ្ញុំ​គ្រាន់តែ​ចង់​និ​យាយ​ទៅកាន់​ក្មេងប្រុស​ម្នាក់​ដែល​លេង​តំណាង​ឲ្យ​ប្រទេស​របស់​អ្នក អស់ពីដួងចិត្ត​និង​ការ​យកចិត្តទុកដាក់​ដើម្បី​អ្នក​ឲ្យ​ប្រសើរ​ឡើង​។ ខ្ញុំ​ដឹង​ពី​អារម្មណ៍​របស់​អ្នក ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា ​អ្នកមាន​ភាពរឹងមាំ​ហើយ​តើ​ការ​លះបង់​របស់​អ្នកជា​កីឡាករ​បាល់ទាត់​យ៉ាងណា​។ យើង​បាន​រួមគ្នា​កាលពី​ពេល​កន្លងមក​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ហើយ​ខ្ញុំ​ដឹង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​អ្នក​ចំពោះ​ប្រទេស​របស់​អ្នក​។ ខ្ញុំ​អាច​និយាយបានថា​ ខ្ញុំ​ជឿជាក់​លើ​សក្តានុពល​រប​ស់​អ្នក​ហើយ​ខ្ញុំ​ចង់​ប្រាប់​សម្តី​មួយ​ឃ្លា​ពី​Michael Jordan​ថា “​ឧបសគ្គ មិនអាច បញ្ឈប់​អ្នក​បានទេ​។ ប្រសិនបើ​អ្នក​ចង់​ឆ្លងកាត់​ជញ្ជាំង សូមកុំ​ត្រលប់​ក្រោយ​ហើយ​បោះបង់។ បង្ហាញ​ពី​របៀប​ដែល​អាច​ឡើង​វា​ឆ្លងកាត់​វា​ឬ​ធ្វើការ​នៅ​ជុំវិញ​វា​”​។ ប្រកួត​បន្ទាប់​ខ្ញុំ​នឹង​ទៅ​គាំទ្រ​អ្នក​នៅ​ពហុ​កីឡដ្ឋាន ​ព្រោះ​ខ្ញុំ​នៅតែ​គាំទ្រ​កីឡាករ​ទាំងអស់​របស់​កម្ពុជា​។ សំណាងល្អ​មិត្ត​ណា​។ សូមកុំ​បោះបង់ កុំ​បោះបង់ចោល​»​។

សូម​បញ្ជាក់​ថា ​នេះ​ជា​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ជា​លើក​ទី​២​ក្នុងនាម​ជា​គ្រូបង្វឹក​បាល់ទាត់​របស់​លោក Leonardo តែ​លើក​នេះ​គឺ​ប្លែក​ជា​ងលើក​មុន​ដែល​ដឹកនាំ​ក្រុម​ជម្រើសជាតិ តែ​លើក​នេះ​ដឹកនាំ​ក្លិប​ម្តង​។ បើ​ងាកមើល​លើ​ប្រវត្តិ​ដែល​លោក​ធ្លាប់​ដឹកនាំ​នាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា វិញ​គឺ​ចន្លោះ​ពី​ខែមីនា ដល់​ចុងខែ​តុលា ឆ្នាំ​២០១៧ មក លោក Leonardo ស្គាល់​ជ័យជម្នះ​១​លើក ក្នុងចំណោម​៧​ប្រកួត ក្នុងនោះ​ក្នុង​នោះបាន​ចាញ់​ឥណ្ឌា ៣​ទល់​២ ហើយ​បន្ត​ចាញ់​ហ្សកដានី ៧​ទល់​០ ចាញ់​ឥណ្ឌូណេស៊ី ២​ទល់​០ តែ​ឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ១​ទល់​០ ចាញ់​វៀតណាម ២​ទល់​១ ចាញ់​ឥណ្ឌូណេស៊ី លើក​ទី​២ លទ្ធផល ៣​ទល់​១ និង​ចុងក្រោយ​ចាញ់​វៀតណាម ៥​ទល់​០​។ ក្នុង​រជ្ជកាល​របស់លោក Leonardo ជា​គ្រូ​បង្វឹក គឺលោក​តែង​តែ​ដាក់​កីឡាករ ចាន់ វឌ្ឍនាកា ជា​ខ្សែ​ប្រយុទ្ធ​រហូត​៕