ព័ត៍មានទាន់​ហេតុការណ៏
Search

AFF Suzuki Cup ៖ ​កីឡាករ Messi ឡាវ ថា​ជម្រើស​ខ្លួន​នៅមាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត មុន​ប៉ះ​កម្ពុជា

​ខ្សែបម្រើ​ឆ្នើម​របស់​ជម្រើសជាតិ​ឡាវ Soukaphone Vongchiengkham ដែល​គេ​ហៅ​រហស្សនាម​ថា​ជា Messi របស់​ប្រទេស​ឡាវ បាន​ចេញ​អះអាង​ថា ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​នៅសល់​ឱកាស​ឡើង​ទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018 បើទោះជា​ក្រុម​នេះ​បាន​ចាញ់​២​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​លហើយ​ក៏ដោយ​។

​កីឡាករ​ដែល​ប្រកប​អាជីព​នៅ​ក្លិប Sisaket FC នៅ​ប្រទេស​ថៃ នេះ​បាន​បញ្ជាក់​ថា « យើង​នៅសល់​២​ប្រកួត​ទៀត​ក្នុង​ដៃ​។ ដូច្នេះ​គោលដៅ​របស់​យើង​គឺ​ច្បាស់​ណាស់ យើង​ចង់បាន​៦​ពិន្ទុ​ដើម្បី​ប្រាកដ​ថា ​យើង​បាន​ជាប់​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​យើង​ជឿជាក់​ថា ​នៅតែ​អាច​ទៅរួច​»​។ ការ​លើកឡើង​របស់គេ គឺធ្វើឡើង​ក្រោយ​ក្រុម​ជម្រើសជាតិ​ខ្លួន​ចាញ់​ម៉ាឡេស៊ី ៣​ទល់​១ កាលពីដើម​សប្ដាហ៍​កន្លងទៅ​។

កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា « ពួក​យើង​មាន​គោលបំណង​ពង្រឹង​ទម្រង់​លេង​ឲ្យ​ល្អ​គ្រប់ៗ​ប្រកួត ហើយ​យើង​បាន​ធ្វើ​ចាប់តាំងពី​ប្រកួត​ទី​១​មកដល់​ប្រកួត​នេះ​ហើយ ​ពេលនេះ​យើង​ត្រូវតែ​ពង្រឹង​បន្ត​ទៀត​។ ពួក​យើង​ធ្វើការ​ធ្ងន់​ប៉ុន្តែ​យើង​ចាញ់​ដោយសារ​ម៉ាឡេស៊ី ជា​ក្រុម​ខ្លាំងពេក​ហើយ​ពេល​ដែល​យើង​បាត់​បាល់​ពួកគេ​មានឱកាស​។ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា ​យើង​នឹង​ពង្រឹង​នៅ​ប្រកួត​ក្រោយ​។ ម៉ាឡេស៊ី​មាន​កីឡាករ​អាជីព​ច្រើន​ប៉ុន្តែ​ឡាវ​មិន​សូវ​មាន​ច្រើន​នោះ​ទេ ប៉ុន្តែ​ការប្រកួត​ក្រោយៗ​យើង​នឹងធ្វើ​បាន​ល្អ ខ្ញុំ​ជឿជាក់​អញ្ចឹង​»​។

​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​គឺ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​ទាំងមូល​នេះ​នៅ​កម្ពុជា គឺ​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ដោយ​ប៉ុស្តិ៍ BTV News ផងដែរ​។

​ដោយឡែក​ក្រុម​ជម្រើសជាតិ​ឡាវ​វិញ​កំពុងតែ​ឈរ​នៅ​បាត​តារាង​ពូ​ល​A ក្រោយ​ប្រកួត​បាន​២​លើក​គឺ​ចាញ់​ទាំង​២​លើក ពោល​គឺ​ដំបូង​បាន​ចាញ់​ក្រុម​វៀតណាម ៣​ទល់​០ លើ​ទឹកដី​រដ្ឋធានី​វៀងច័ន្ទន៍ របស់​ខ្លួន​ហើយ​បន្ត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ៣​ទល់​១ ទៀត​ក្នុង​ទីក្រុង​កូ​ឡា​ឡំ​ពួរ​។ សម្រាប់​ប្រកួត​បន្ទាប់ ក្រុម​ជម្រើសជាតិ​ឡាវ នឹង​ធ្វើ​ដំណើរ​មក​រា​ជ​ធានី​ភ្នំពេញ ដើម្បី​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ជា​បន្ត​ដោយ​ប៉ះ​ម្ចាស់ផ្ទះ​កម្ពុជា នៅ​វេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច​ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ​៕