ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ៖ ស្ថិត​ដំណាក់កាល​មាន​សុខសន្តិភាព កងយោធពល​ខេមរភូមិន្ទ គឺជា​សសរ​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​កិច្ចការ​ការ​បូរណភាព​ទឹកដី

ភ្នំពេញ​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​បែបនេះ នៅក្នុង​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ឆត្រយោង​ជំនាន់​ទី​២៥ បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​អាវុធ B40-B41 អាវុធ​ការពារ​អាកាស ជំនាន់​ទី​២ និង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សំណង់​បច្ចេកទេស​ហ្វឹកហ្វឺន​ជំនាញ​ឆ័ត្រ​យោង កាលពី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករឭក​ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​ខ្លួន​លោក​ផ្ទាល់ ចំពោះ​យោធា​ចា​រ្យ សិក្ខាកាម នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​មាន​វត្តមាន​ទីនេះ ក៏ដូចជា​នៅ​ទូទាំង​កងពលតូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ និង​សិក្ខាកាម​ជា​និស្សិត​វិទ្យាស្ថាន​ទ័ពជើងគោក​ជំនា​ន់ទី​៨ ក្នុង​សេចក្តី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត រួម​ជាមួយ​នឹង​ការ​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់ និង​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន ថែរក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​មាន​ភាពសំបូររុងរឿង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ទៀត​ថា ស្ថិត​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន កងយោធពល​ខេមរភូមិន្ទ គឺជា​សសរ​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​កិច្ច ការ​ការពារ​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹកដី ការ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ក្រៅពី​តួនាទី និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បាន​ប្រគល់​ឲ្យ ត្រូវតែ​បង្កើន​ការ​យកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​លើ​ការងារ​ហ្វឹកហ្វឺន​យុទ្ធវិធី​បច្ចេកទេស ការអប់រំ​ចិត្តសាស្ត្រ ពង្រឹង​វិន័យ អត្តចរិត សីលធម៌ និង​គោរព​ច្បាប់​រដ្ឋ ដើម្បី​ឲ្យ​មាន​សមត្ថភាព​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​ចំពោះ​បញ្ហា និង​ស្ថានភាព​នានា​ដែល​កើតមានឡើង ក៏ដូចជា​ការ​កសាង​សំណង់​បច្ចេកទេស​នានា ដែល​បម្រើ​ឲ្យ​ការ​ហ្វឹកហ្វឺន​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត កងទ័ព​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ហ្វឹកហ្វឺន ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ទៀងទាត់​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​គុណភាព និង​បរិមាណ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ខ្វះខាត​ធនធានមនុស្ស ដែល​ជា​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ពុះពារ​ជំនះ​ដោះស្រាយ សំដៅ​កសាង​ឲ្យ​បាន​ធនធាន មនុស្ស​ពិត និង​គ្រប់គ្រាន់​នៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​លើកកម្ពស់​ឆន្ទៈ​ប្រយុទ្ធ ត្រៀមប្រយុទ្ធ ក្នុង​ភារកិច្ច​ថែរក្សា​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការពារ​បូរណភាព​ទឹកដី ព្រមទាំង​ចូលរួម​បំពេញបេសកកម្ម​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​បន្ត​ថា ការ​ហ្វឹកហ្វឺន និង​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ពិតជា​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ និង​ទាន់ពេលវេលា ទៅ​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ សំដៅ​កសាង និង​ពង្រឹង​ភាពរឹងមាំ​លើ​វិស័យ​ការពារ​ជាតិ និង​ការ​ធ្វើ​សមាហរណកម្ម​ក​ង​ទ័ព​ចូលក្នុង​សហគមន៍​អន្តរជាតិ តាមរយៈ​ការ​កសាង​កងទ័ព​កម្ពុ​ជា​ឲ្យ​ក្លាយជា​កងទ័ព​មាន​សមត្ថភាព​ក្នុង​វិជ្ជាជីវៈ ដើម្បី​ចូលរួម​បំពេញបេសកកម្ម​ក្នុង​តំបន់ ពិភពលោក ការពារ​បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ ប្រទេសជាតិ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ដែរ​ថា ការ​យកចិត្តទុកដាក់​ការ​ហ្វឹកហ្វឺន គឺ​សំខាន់​ណាស់​ក្នុង​ការធានា​នូវ​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​កងកម្លាំង​យើង​គ្រប់​ជំនាន់​ក្នុង​ការ​បំពេញភារកិច្ច​ការពារជាតិ ការពារ​បូរណភាព​ទឹកដី​និង​សន្តិសុខ​។ ក្នុង​ដំណាក់កាល​នេះ ត្រៀមលក្ខណៈ​នឹង​យក​ឱកាស​មាស​នេះ ហ្វឹកហ្វឺន​ដើម្បី​បន្តវេន​គ្រប់​ជំនាន់​។ ទ័ព​ពិសេស​នៅក្នុង​សម័យកាល​នេះ​ត្រូវតែ​ពង្រីក កសាង​លក្ខណៈ​ពិសេស និង​ប្រវត្តិ​រាប់​រយ​ឆ្នាំ​ទៅ​មុខ​ទៀត​។

នៅក្នុង​ឱកាស​នោះ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​ដែល​កងពលតូច​ទ័ព ពិសេស​ឆ័ត្រ​យោង​៩១១ ដែល​បាន​បំពេញ​ក្នុង​រយៈ​កន្លងមក ជាពិសេស​លើ​ការហ្វឹកហ្វឺន​ជំនាញ​ឆ័ត្រ​យោង​ដែល​បម្រើ​ឲ្យ​កងឯកភាព​ផ្សេងទៀត នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​មក​ទល់ពេលនេះ​។

​សូម​បញ្ជាក់​ថា កងពលតូច​ឆ័​ត្រ​យោង​៩១១ បាន​បើក​វគ្គ​ចំនួន​២៤ វគ្គ រួចមកហើយ ដោយមាន​១៧ អង្គភាព​ចូលរួម និង​មាន​ចំនួន​សិក្ខាកាម​សរុប​រហូតដល់ ៣៦៨០នាក់​។ ក្នុង​នោះ​កងពលតូច​៩១១ ក៏បាន​ចូលរួម​បំពេញភារកិច្ច​ផ្សេងៗ​ជាច្រើន​ផងដែរ​រួមមាន ការការពារ​បូរណភាព​ទឹកដី ការពារ​សន្តិសុខ ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​៕