ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកផ្តល់​ព័ត៌មាន​និយាយ​ថា លោក El Chapo បាន​សូន​ប៉ាន់​ប៉ូលិស Interpol និង​មន្ត្រី​ម៉ិ​ក​ស៊ិ​ក​ដើម្បី​រត់ពន្ធ​គ្រឿងញៀន

អ្នកផ្តល់​ព័ត៌មាន​សំខាន់​ម្នាក់​បាន​និយាយ​នៅឯ​សវនាការ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ស្តេចត្រាញ់​គ្រឿងញៀន Joaquin “El Chapo” Guzman បាន​បង់ប្រាក់​សំណូក​យ៉ាងច្រើន​ដល់​រដ្ឋអាជ្ញា​ម៉ិ​ក​ស៊ិ​ក ប៉ូលិស យោធា​និង​សូម្បីតែ​ប៉ូលិស Interpol ដើម្បី​ធានា​ដល់​ប្រតិបត្តិការ​ដ៏​រលូន​របស់​ក្រុម Sinaloa​។​

លោក Jesus “El Rey” Zambada ដែលជា​ប្អូនប្រុស​របស់​មេក្រុម​មួយរូប​ទៀត​ឈ្មោះ Ismael “El Mayo” Zambada ដែល​កំពុង​រត់គេចខ្លួន​គឺ​បាន​រៀបរាប់​លម្អិត​អំពី​ការចំណាយ​ដើម្បី​ការពារ​ការដឹកជញ្ជូន​កូកាអ៊ីន​ដែលមាន​ប្រភពដើម​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​ហើយ​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​តាមរ​យៈ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ជាមួយ​ការបង់ប្រាក់​រហូតដល់​ទៅ​៣០០,០០០​ដុល្លារ​ក្នុង​មួយខែ​ត្រឹមតែ​នៅក្នុង​ទីក្រុង Mexico City តែមួយ​ប៉ុណ្ណោះ​។​

លោក Zambada ដែល​បានធ្វើការ​ឲ្យ​ក្រុម​គ្រឿងញៀន​ចាប់តាំងពី​ឆ្នាំ​១៩៨៧​រហូតដល់​ការចាប់ខ្លួន​របស់គាត់​កាលពី​ឆ្នាំ​២០០៨​គឺ​បាន​ធ្វើជា​សាក្សី​នៅ​ថ្ងៃទី​បី​នៃ​ការជំនុំជម្រះ​ក្តី​មួយ​ដែល​គេ​រំពឹងថា​នឹង​ចំណាយពេល​ប្រហែល​៤​ខែ​។​

គាត់​បាន​ប្រាប់​តុលាការ​ថា ក្នុងនាម​ជា​ប្រធាន​ប្រតិ​ប​តិ្ត​ការ​របស់​អង្គការ​នេះ​នៅក្នុង​រដ្ឋធានី​, គាត់​បាន​បង់ប្រាក់​សំណូក​ដោយផ្ទាល់​ដល់​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​, ប៉ូលិស​ផ្លូវ​ហាយវ៉េ​សហព័ន្ធ​ដែល​ក៏​ប្រតិបត្តិការ​នៅ​ស្ពាន​និង​ព្រលានយន្តហោះ​ផងដែរ​, ប៉ូលិស​រដ្ឋ​និង​កងកម្លាំង​ប៉ូលិស​មូលដ្ឋាន​ព្រមទាំង​ប៉ូលិស Interpol ផងដែរ​។​

បុរស​អាយុ​៥៧​ឆ្នាំ​រូបនេះ​បាន​និយាយថា “​សំណូក​សម្រាប់​មន្ត្រី​នៅក្នុង​ទីក្រុង Mexico City គឺមាន​ប្រហែល​៣០០,០០០​ដុល្លារ​ក្នុង​មួយខែ​”​។

លោក Zambada បាន​បន្ថែមថា គាត់​ធ្លាប់​សូកប៉ាន់​ចំនួន​១០០,០០០​ដុល្លារ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍ Gilberto Toledano ដែល​ទទួលបន្ទុក​រដ្ឋ Guerrero តាម​សំណើ​របស់លោក Guzman ។​

លោក Zambada បាន​និយាយថា “​ខ្ញុំ​នឹង​នាំ​កូកាអ៊ីន​ពី​ប្រទេស​កូ​ឡុំ​ប៊ី​តាមរយៈ​រដ្ឋ Guerrero ហើយ​លោក El Chapo បាន​ប្រាប់​ខ្ញុំ​ថា ទៅ​ជួប​លោក​ឧ​ត្ត​ម​សេនីយ៍ Toledano ទៅ គាត់​ជា​មិត្ត​របស់ខ្ញុំ​ហើយ​ឲ្យ​គាត់​១០០,០០០​ដុល្លារ​ទៅ​”​។​

ដោយ​ត្រូវបាន​នាំទៅ​សហរដ្ឋ​អា​មេ​រិ​កាលពី​ជិត​២២​ខែ​មុន​, លោក Guzman អាយុ​៦១​ឆ្នាំ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​រត់ពន្ធ​គ្រឿងញៀន​ជាង​១៥៥​តោន​ចូល​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​២៥​ឆ្នាំ​ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់គុក​មួយជីវិត​ប្រសិនបើ​រកឃើញថា​មាន​កំហុស​៕ AFP