ព័ត៍មានទាន់​ហេតុការណ៏
Search

អវត្តមាន​របស់លោក Trump ក្នុង​កិច្ចប្រជុំ​កំពូល​ធ្វើ​ឲ្យ​ប្រជាជាតិ​អាស៊ី​កាន់តែ​ខិតចូល​ជិតគ្នា

ប្រធានាធិបតី​អាមេរិក​លោក Donald Trump មិនបាន​បង្ហាញខ្លួន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សប្តាហ៍​នេះ​ក្នុងប្រទេស​សិង្ហ​បុរី​ទេ​ប៉ុន្តែ​ឥទ្ធិពល​របស់គាត់​នៅតែមាន​ក្នុងចំណោម​មេដឹកនាំ​ដែល​បាន​ប្រមូលផ្តុំ​នៅក្នុង​ទីក្រុង​នេះ​។​

នាយករដ្ឋមន្ត្រី​មួយរូប​បាន​ព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង​អាច​បង្ក​ឲ្យ​មាន “​ឥទ្ធិពល​ដុន​ដែន​” ដោយសារ​វិធានការ​គាំពារ​និយម​ដោយ​ប្រទេស​ដទៃ​។ នាយករដ្ឋមន្ត្រី​មួយរូប​ទៀត​បារម្ភ​ថា សណ្តាប់ធ្នាប់​អន្តរជាតិ​អាច​បំបែក​ទៅជា​ប្លុក​គូប្រជែង​។​

លោក Malcolm Cook សមាជិក​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេស​សិង្ហ​បុរី​បាន​និយាយថា “​រឿង​ដែល​សំខាន់បំផុត​សម្រាប់​មេដឹកនាំ Trump គឺថា​គាត់​មិនបាន​បង្ហាញខ្លួន​”​។​

អវត្តមាន​របស់លោក Trump បានធ្វើ​ឲ្យ​ប្រទេស​នានា​មកពី​អាស៊ី​ខាងត្បូង​ទៅដល់​អាស៊ី​បូព៌ា​បន្ត​ជំរុញ​ទំនាក់ទំនង​ពហុភាគី​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​នៅក្នុង​ចំណោម​ប្រទេស​របស់ខ្លួន​រួមទាំង​ជាមួយ​ប្រទេស​ចិន​ផងដែរ​។​

តំណាង​របស់​ចិន​នៅឯ​កិច្ចប្រជុំ​គឺ​លោកនាយក​រដ្ឋមន្ត្រី Li Keqiang បាន​លើកទឹកចិត្ត​ពួកគេ​។​
​លោក Li បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ឥឡូវនេះ​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​ការ​គាំពារ​និយម​។ វា​ជា​រឿង​សំខាន់​សម្រាប់​យើង​ដើម្បី​រួមគ្នា​និង​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ពិភពលោក​ដ៏​ស្មុគស្មាញ​ដើម្បី​គាំទ្រ​ពហុភាគី​និយម​និង​ពាណិជ្ជកម្ម​សេរី​”​។​

កង្វះ​ទំនាក់ទំនង​របស់​ប្រធានាធិបតី​អាមេរិក​ជាមួយ​បណ្ដា​ប្រជាជាតិ​អាស៊ី​បានកើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​បារាំង​សម្រាប់​ពិធី​រម្លឹក​សង្គ្រាមលោកលើកទី​១​ដែល​នៅ​ទីនោះ គាត់​ហាក់​បង្ហាញខ្លួន​បំបែក​ចេញពី​សម្ព័ន្ធមិត្ត​ណា​តូ​។​
​លោក Simon Tay ប្រធាន​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​នៃ​ប្រទេស​សិង្ហ​បុរី​បាន​និយាយថា លោក Trump បានធ្វើ​ឲ្យ​ប្រទេស​អាស៊ី​មានការ​រួបរួមគ្នា​។​

សេត​វិមាន​មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​យោបល់​ទេ​អំពី​អវត្តមាន​របស់លោក Trump ។​
​គួរ​បញ្ជាក់ថា ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​អាស៊ី​បូព៌ា​នៅ​ប្រទេស​សិង្ហ​បុរី លោក Trump ក៏​នឹង​រំលង​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​កោះ​ប៉ា​ពួ​ញូ​ហ្គី​ណេ​នៅ​ចុង​សប្តាហ៍​នេះ​ផងដែរ​៕ REUTERS