ព័ត៌មានជាតិ
ចំពោះមុខការឈ្លានពានរបស់ថៃ អ្នកវិភាគនយោបាយកម្ពុជា អះអាងថា កម្ពុជាទ្រាំអត់ធ្មត់ តែមិនមែនទន់ជ្រោយ ឬកំសាកទេ
«កម្ពុជាទ្រាំអត់ធ្មត់ មិនមែនកម្ពុជាទន់ជ្រាយ ឬកំសាកនោះឡើយ»។ នេះ គឺជាការអះអាងរបស់លោក យឿន យឿត អ្នកតាមដាន និងវិភាគនយោបាយកម្ពុជាដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាទៅតាមការយល់ឃើញរបស់លោក។ ការអះអាងរបស់លោក យឿន យឿត នេះ គឺបន្ទាប់ពីទាហានថៃនៅតែចោទប្រកាន់ ញុះញង់ លាបពណ៌ និងបង្កហេតុគ្រប់បែបយ៉ាង រំលោភបំពានទៅនឹងបទឈប់បាញ់ យកលេសឈ្លានពានកម្ពុជា។

ចាប់តាំងពីបទឈប់បាញ់កម្ពុជា-ថៃ ចូលជាធរមាននៅម៉ោង០០៖០០ ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥មក គិតមកដល់ពេលនេះ គឺមានរយៈពេលជាង២ខែហើយ។ ក្នុងពេលដែលកងទ័ពកម្ពុជាបាន និងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់នេះ ភាគីថៃនៅតែបន្តធ្វើសកម្មភាបង្កហេតុនានានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា ក្នុងចេតនាអុជអាលឱ្យមានការផ្ទុះអាវុធនៅតាមព្រំដែន ហើយចោទមកលើកម្ពុជាថាបានរំលោភបំពានបទឈប់បាញ់ និងប្រើកម្លាំងយោធាចូលឈ្លានពានកម្ពុជាជាថ្មី។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ កងទ័ពថៃ បានបាញ់កាំភ្លើងធំចូលតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហាររបស់កម្ពុជា តែដោយឈរលើស្មារតីគោរពបទឈប់បាញ់ កងទ័ពកម្ពុជា មិនបានបាញ់តបតវិញឡើយ។
ជាការពិតណាស់ ការបង្កហេតុរហូតហ៊ានបាញ់កាំភ្លើងធំចូលតំបន់អានសេះក្នុងទឹកដីកម្ពុជាបំពានទៅនឹងបទឈប់បាញ់ពីសំណាក់កងទ័ពថៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការខឹងសម្បារ ហើយពួកគាត់ខ្លះក៏ឆ្ងល់ថា ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាតែនៅអត់ធ្មត់មិនធ្វើសកម្មភាពតបតជាក់ស្តែងណាមួយ ដើម្បីឆ្លើយតបនឹងការបង្កហេតុរបស់ថៃ? តើហេតុអ្វីក៏រាជរដ្ឋាភិបាលកម្ពុជាបណ្តោយឱ្យពលរដ្ឋខ្មែរនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅតតាំងការពារដីខ្លួនឯងពីការឈ្លានពានរបស់ថៃ?

ត្រង់ចំណុចនេះ អ្នកតាមដាន និងវិភាគនយោបាយកម្ពុជា លោក យឿន យឿត បានលើកឡើងថា ការឆ្ងល់ ការឈឺឆ្អាលរបស់ប្រជាពលរដ្ឋចំពោះបញ្ហាព្រំដែន និងបញ្ហាទឹកដីនេះ គឺជារឿងដ៏គួរឱ្យកោតសរសើរ និងគួរឱ្យលឹកទឹកចិត្តណាស់។ ប៉ុន្តែ លោកយល់ថា អ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើ គឺដើរទៅតាមយុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហាជាមួយថៃដោយសន្តិវិធី ដូចពាក្យដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា «យើងស្ងាត់ តែមិនស្ងៀម»។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងតស៊ូផ្នែកច្បាប់ជាមួយរាជរដ្ឋាភិបាលថៃ ព្រមទាំងយន្តការថ្នាក់តំបន់ និងអន្តរជាតិ ហើយរឿងខ្លះទៀតរាជរដ្ឋាភិបាលកម្ពុជាក៏មិនមានភាពចាំបាច់ ត្រូវបញ្ចេញព័ត៌មានឱ្យដឹងគ្រប់យ៉ាងនោះដែរ។ ដើម្បីភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ និងយុត្តិធម៌ រាជរដ្ឋាភិបាល បាន និងកំពុងតែការពារអធិបតេយ្យភាព និងបូរណភាពទឹកដីតាមរយ:យន្តការMOU2000កម្ពុជា-ថៃ យន្តការច្បាប់អន្តរជាតិ និងយន្តការការទូត ដើម្បីរក្សាឱ្យខាងតែបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្មែរ។ នេះបើតាមការយល់ឃើញរបស់លោក យឿន យឿត។
ចំពោះមតិខ្លះដែលលើកឡើងថាហេតុអ្វីកម្ពុជាមិនប្រើប្រាស់កម្លាំងយោធា? លោក យឿន យឿត បកស្រាយថា ការប្រើប្រាស់កម្លាំងយោធាដែលនាំឱ្យខូចខាតទាំងសងខាងមិនមែនជាបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាទេ។ ប៉ុន្តែ គួរឱ្យសោកស្តាយ ភាគីថៃនៅតែបន្តឈ្លានពានខ្មែរ ថែមទាំងមើលងាយលើកម្ពុជាគ្រប់រូបភាពជារហូតមក។ កម្ពុជា ត្រូវការសន្តិភាព ការគោរពគ្នាទៅវិញទៅមក និងភាពត្រឹមត្រូវតាមច្បាប់ជានិច្ច កម្ពុជាមិនដែលមានគំនិតឈ្លានពាននរណាទេ។ លោកថា ប្រជាជនខ្មែររស់នៅតាមព្រំដែនដែលត្រូវថៃឈ្លានពានដោយផ្ទាល់នោះ ពួកគាត់បានយល់ និងជឿងជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោៈស្រាយវិបត្តមួយនេះបានជោគជ័យ ដូច្នេះ ពូកគាត់ចូលរួមពុះពារតស៊ូការពារដីខ្លួនឯងជាប្រចាំ ពីព្រោះ ពួកគាត់ក៏ដឹងដែរថា រាជរដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះតាមយន្តការផ្លូវច្បាប់។

លោក យឿន យឿត បញ្ជាក់ថា៖ «បងប្អូនត្រូវដឹងថា ប្រទេសថៃអាងខ្លួនឯងមានលុយច្រើន ជាប្រទេសធំ មានប្រជាជនច្រើន ហើយមកមើលងាយមើលថោកប្រទេសតូច តើខ្មែរមិនមែនមនុស្សទេ ឬអី។ ខ្ញុំអាចនិយាយបានថា ប្រទេសថៃយល់ខុសធ្ងន់ណាស់នៅសម័យនេះ ពិភពលោកមិនដែលបានដាក់ប្រទេសកម្ពុជាឱ្យនៅឯកាម្តងណាឡើយ គឺកម្ពុជាមានសិទ្ធិទទួលបានការការពារស្របច្បាប់ គ្មានជនណា ឬក្រុមណា ឬប្រទេសណាអាចមកកៀបសង្កត់រដ្ឋអធិបតេយ្យមួយនេះបានទេ។ សម្រាប់ខ្ញុំ ខ្ញុំជឿជាក់លើថ្នាក់ដឹកនាំ និងកងទ័ពខ្មែរ ខ្ញុំជឿជាក់ថា លោកមានសមត្ថភាពដោះស្រាយវិវាទនេះបានដោយឥតសង្ស័យទេ!»។
មិនតែប៉ុណ្ណោះ អ្នកតាមដាន និងវិភាគនយោបាយរូបនេះ បានគូសបញ្ជាក់ប្រាប់ទៅថៃថា កុំចង់រៀនតាមអ៉ីស្រាអែលដែលមើលងាយដែលមើលប៉ាឡេស្ទីន ព្រោះតែខ្លួនមានដីធំ ប្រជាជនក៏ច្រើនជាង សេដ្ឋកិច្ចក៏ល្អជាង។ ប៉ុន្តែ ប្រទេសថៃកុំស្រមៃថាអាចធ្វើដូចអ៉ីស្រាអែលបាន ព្រោះកម្ពុជាមិនងាយស្រួលមើលងាយតាមចិត្តឡើយ។ លោកសង្កត់ធ្ងន់ថា កម្ពុជា ជាជាតិសាសន៍ដែលមានទឹកដីចំណាស់ជាងគេ ហើយសូម្បីតែដីថៃបច្ចុប្បន្ននេះ ក៏ជាអតីតដីខ្មែរសម័យអាណាចក្រខ្មែរដែរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


