ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រួសារ​ជនរងគ្រោះ​នៃ​ការធ្លាក់​យន្ដហោះ​នៅ​ឥណ្ឌូនេស៊ី​ប្តឹង​ក្រុមហ៊ុន Boeing

ក្រុមគ្រួសារ​របស់​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ​ដែល​បាន​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air បាន​ប្ដឹង​ក្រុមហ៊ុន Boeing ដោយ​ចោទប្រកាន់ថា ឧបទ្ទវ​ហេតុនេះ​អាច​បណ្តាលមកពី​បញ្ហា​ជាមួយ​ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ​នៅក្នុង​យន្តហោះ​ម៉ូ​ដែល​៧៣៧​ថ្មី​របស់ខ្លួន។​

ឪពុក​របស់លោក Rio Nanda Pratama បានដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​រដ្ឋ Illinois សហរដ្ឋអាមេរិក​ដែលជា​កន្លែង​នៃ​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​នេះ​ជុំវិញ​ការស្លាប់​របស់​វេជ្ជបណ្ឌិត​វ័យក្មេង​ដែល​នឹងត្រូវ​រៀបការ​ជាមួយ​មិត្តស្រី​កាល​រៀន​វិទ្យាល័យ​របស់គាត់​ក្នុង​សប្តាហ៍​នេះ​។​

គូ​ដណ្ដឹង​របស់ Pratama ឈ្មោះ Intan Syari អាយុ​២៦​ឆ្នាំ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​នាង​បាន​ឈរ​ថតរូប​តែម្នាក់ឯង​នៅក្នុង​ឈុត​អាពាហ៍ពិពាហ៍​ដែល​នាង​ត្រូវ​ពាក់​ក្នុង​ពិធីមង្គលការ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

បុរស​វ័យ​២៦​ឆ្នាំ​រូបនេះ​ស្ថិតក្នុង​ចំណោម​មនុស្ស​១៨៩​នាក់​ដែល​បាន​ស្លាប់​នៅពេល​យន្តហោះ Boeing 737-MAX បាន​ធ្លាក់ចូល​សមុទ្រ​ជ្វា​កាលពី​ថ្ងៃទី​២៩​ខែតុលា​ក្នុង​រយៈពេល​តិចជាង​២០​នាទី​បន្ទាប់ពី​ចាកចេញ​ពី​ទីក្រុង​ហ្សា​ការ​តា​តាម​ជើងហោះហើរ​ទៅកាន់​ទីក្រុង Pangkal Pinang ។ មិនមាន​អ្នក​រស់រានមានជីវិត​ពី​ឧបទ្ទវហេតុ​នោះទេ​។​

មាន​សំណួរ​ជាច្រើន​បានលើកឡើង​អំពី​ការខកខាន​របស់​ក្រុមហ៊ុន Boeing ក្នុងការ​ប្រាប់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​និង​អាកាសយានិក​អំពី​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ប្រឆាំង​ការ​រលត់​ម៉ាស៊ីន​ដែល​កំពុង​ត្រូវបាន​ស៊ើបអង្កេត​សម្រាប់​ទំនាក់ទំនង​ជាមួយ​នឹង​ការធ្លាក់​យន្តហោះ​។​

ម៉ាស៊ីន​របស់​យន្តហោះ​នេះ​មាន​ទម្ងន់​ធ្ងន់​ជាង​ម៉ាស៊ីន​ដែល​ដំ​ឡើងលើ​យន្តហោះ​មុនៗ​ដែល​មានន័យថា យន្តហោះ​នេះ​អាច​រលត់​ម៉ាស៊ីន​ក្នុងស្ថានភាព​ខុសៗ​គ្នា​។​

យោងតាម​សមាគម​អាកាសចរណ៍​សម្ព័ន្ធមិត្ត​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Boeing បាន​កែប្រែ​ប្រព័ន្ធ​ប្រឆាំង​ការ​រលត់​ម៉ាស៊ីន​ដោយ​មិនបាន​ប្រាប់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​និង​ក្រុមការងារ​របស់​ពួកគេ​។​

នៅតែ​មិនមាន​ចម្លើយ​ចំពោះ​អ្វីដែល​បណ្តាល​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ពាណិជ្ជកម្ម​ថ្មី​បំផុត​និង​ទំនើប​បំផុត​របស់​ពិភពលោក​នេះ​ធ្លាក់​។ របាយការណ៍​បឋម​ត្រូវបាន​គេ​រំពឹងថា​នឹង​ចេញ​នៅ​ចុងខែ​នេះ​៕ AFP