ព័ត៍មានទាន់​ហេតុការណ៏
Search

ហាង​លក់ទំនិញ​គ្រប់មុខ (​ម៉ា​ត​) បើ​ចង់​ឈរជើង​ក្នុង​ទីផ្សារ គួរតែ​គិតពី​កត្តា​ទាំង ៣ នេះ​

ភ្នំពេញ​ ៖ កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា ដែល​នាំ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា មានការ​កើនឡើង ជាពិសេស​ទៅទៀត​នោះ​គឺ ប្រជាជន​កម្ពុ​ជាមាន​ឆន្ទៈ​ក្នុងការ​ចំណាយ ទៅលើ​ផលិតផល និង​សេវាកម្ម ដែលមាន​គុណភាព បាន​ជំរុញ​ឲ្យ​អាជីវកម្ម​ហាង​លក់ទំនិញ​គ្រប់មុខ (​ម៉ា​ត​) ធំ និង​តូច​ជាច្រើន បាន​កំពុង​រីកដុះដាល​នៅ​គ្រប់​ទីកន្លែង ក្នុង​ទីក្រុង​ភ្នំពេញ​។​

ទន្ទឹមនឹងនេះ ក៏មាន​ហាង​លក់ទំនិញ​គ្រប់មុខ​មួយចំនួន ត្រូវបាន​គេ​ប្រទះ​ឃើញថា បាន​បិទ​អាជីវកម្ម​របស់ខ្លួន​ផងដែរ ដោយ​កត្តា​ផ្សេងៗ​ពីគ្នា​។ តើ ដើម្បី​ឲ្យ​អាច​ដំណើរ អាជីវកម្ម​ហាង​លក់ទំនិញ​គ្រប់មុខ ឲ្យ​បាន​រឹងមាំ និង​អាចឈរជើង​នៅក្នុង​ទីផ្សារ​បាន ត្រូវ​ពឹង​ផ្អែកលើ​កត្តា​អ្វីខ្លះ​?



បើតាម​ការ​ឲ្យ​ដឹង​របស់ លោក ផាត់ សយ ប្រធាន​ផ្នែក​គ្រប់គ្រង​ហាង Super Duper បាន​ឲ្យ​ដឹង នៅក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​របស់​ហាង Super Duper សាខា​ទី​៣ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា​កន្លងទៅនេះ​ថា បច្ចុប្បន្ន​មាន​ហាង​លក់ទំនិញ​គ្រប់​មុខធំ និង​តូច ជាច្រើន​បាន​បើក​បម្រើ​អតិថិជន នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ហាង​លក់ទំនិញ​និ​មួយៗ មាន​លក់​ផលិតផល និង​សេវាកម្ម​ប្រហាក់ប្រហែលគ្នា ដូច្នេះ​ហាង​លក់ទំនិញ​និ​មួយៗ ត្រូវ​រក​ចំណុច​ពិសេស​ដែល​ខុសប្លែក ពី​ហាង​ដទៃទៀត​។​

លោក​បាន​បន្តទៀតថា “​ចំពោះ​ហាង Super Duper មាន​លក្ខណៈពិសេស​ចំនួន ៣​ចំណុច ដែល​នាំ​ឲ្យ Super Duper អាចឈរជើង​នៅក្នុង​ទីផ្សារ​បាន និង​រីកចម្រើន​លូតលាស់​រហូត​បើក​សាខា​ទី ៣ នៅថ្ងៃនេះ និង​គ្រោង​នឹង​បើក​សាខា​ទី ៤ បន្ថែមទៀត​។​”

ចំពោះ​លក្ខណៈពិសេស​ទាំង ៣​ចំណុច ដែល​លោក ផាត់ សយ បាន​បង្ហើប​ប្រាប់​នោះ​រួមមាន​៖
១. សេវាកម្ម​អតិថិជន​៖ គ្រប់​ហាង​លក់ទំនិញ​ទាំងអស់ មាន​លក់​ផលិតផល ប្រហាក់ប្រហែលគ្នា តែ​ចំពោះ​សេវាកម្ម​អតិថិជន គឺ​មិន​ដូចគ្នា​នោះទេ​។ ដូចនេះ Super Duper ផ្ដោត​ខ្លាំង​ទៅលើ​សេវាកម្ម​អតិថិជន ធ្វើ​យ៉ាង​មិច​ឲ្យ​អតិថិជន​ពេញចិត្ត និង​ងាយស្រួល ក្នុងនោះ​រួមមាន ទីតាំង​ងាយស្រួល​ស្វែងរក​, បើក​បម្រើ ២៤ ម៉ោង រួមជាមួយ​ភាព​រួសរាយ របស់​បុគ្គលិក​នៅក្នុង​ហាង​។​

២. ផលិតផល​៖ ហាង​លក់ទំនិញ ឬ​ហាង​លក់ទំនិញ​ដែល​ផ្ដល់​ភាពងាយស្រួល គឺ​ត្រូវមាន​ផលិតផល​ទាំងឡាយណា ដែល​អតិថិជន​ត្រូវការ​ជា​ចំ​បាច់​សម្រាប់​ការប្រើប្រាស់​ជាប្រចាំ ឬ​បើ​គាត់​ត្រូវការ គឺ​គាត់​អាច​មករក​ទិញ​បាន​ភ្លាមៗ ២៤​ម៉ោង មិន​ពិបាក​ស្វែងរក​ឆ្ងាយ​ពី​ផ្ទះ​។ ដូចនេះ Super Duper មាន​លក់​ផលិតផល​គ្រប់បែបយ៉ាង​ទាំងអស់ និង​មាន​លក់​ផលិតផល​មួយចំនួន ដែល​ហាង​ដ៏ទៃទៀត មិនមាន​លក់​ផងដែរ ដូចនេះ​អតិថិជន​អាច​មករក​ទិញ​ទំនិញ​គ្រប់បែបយ៉ាង​នៅ Super Duper គឺ​មិនបាច់​ពិបាក​ទៅរក​ទិញ នៅ​កន្លែង​ផ្សេង​នោះទេ​។​

៣. គុណភាព និង​អនាម័យ​៖ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា ផ្ដល់​តម្លៃ​ទៅលើ​ផលិតផល ដែលមាន​គុណភាព​, ស្តង់ដារ និង​អនាម័យ ដូចនេះ​ផលិតផល Super Duper សុទ្ធតែ​ផ្ដោតទៅលើ​គុណភាព រួមជាមួយ​តម្លៃ​សមរម្យ​។ ជាមួយគ្នានេះ​ដែល ហាង Super Duper រក្សា​ភាព​ស្អាត និង​អនាម័យ នៅ​គ្រប់​ទីកន្លែង គ្រប់ ២៤​ម៉ោង​។​

គួរ​រម្លឹក​ផងដែរ​ថា Super Duper គឺជា​ហាង​លក់ទំនិញ បើក​បម្រើ​សេវា​២៤​ម៉ោង ដែល​បច្ចុប្បន្ន​មាន​៣​សាខា នៅក្នុង​ទីក្រុង​ភ្នំពេញ និង​មាន​លក់​ផលិតផល​ដូចជា គ្រឿងទេស​, ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះ​, ផលិត​ផល​ប្រើប្រាស់​ប្រចាំថ្ងៃ​សម្រាប់​បុរស​ស្ត្រី​, បន្លែស្រស់​, ផ្លែឈើ​, ត្រី​សាច់​, ឈី​ស​, អាហារ​ឆៅ និង​ផលិតផល​ទឹកដោះគោ ជាដើម​៕
​  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114