ព័ត៍មានទាន់​ហេតុការណ៏
Search

ប៊ុន សុធា និង ចាន់ សាន់ ចាញ់​ដូចគ្នា ក្នុង​ជម្រុះ​ចុងក្រោយ ​ខ្សែក្រវាត់​គូ​បូ​តា​

ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​លេខ ១ គូ​បូ​តា ​ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃ​សុក្រ​ ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ដែលជា​ការប្រកួត​ជុំ​ចុង​ក្រោយ របស់ ​ប៊ុន សុធា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ​ចាន់ សាន់ ក្លិប​និរោធ​មានជ័យ បាន​វាយ​ចាញ់​ឡាវ​ដូចគ្នា។​

ប៊ុន សុធា គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ឡាវ Wangngeun Rungreankilanakor ដោយ​ពិន្ទុ ហើយ ចាន់ សាន់ គេ​ចាញ់​អ្នក​ប្រដាល់​ឡាវ SeangSuriya Site Torkahkart ដោយ​ពិន្ទុ​ដែរ។​
​ ​
ក្នុងការ​ប្រកួត​៥​ទឹក​នោះ ប៊ុន សុធា វាយ​បាន​តែមួយ​ទឹក​ពីរ​ទឹក​ដំបូង​ប៉ុណ្ណោះ ឯ​បី​ទឹក​ចុងក្រោយ​ គឺ​ចាញ់​ប្រៀប​ឡាវ​តែម្ដង។ សុធា មិនអាច​យកឈ្នះ Wangngeun បានឡើយ ទោះបីជា​គេ​បាន​វាយ​ចេញ​ច្រើន​ក៏ដោយ ក៏​ការ​វាយ​របស់​គេ​ខុស​គោលដៅ និង​ត្រូវ​អ្នក​ប្រដាល់​ឡាវ​នោះ ទប់​បាន​ទាំងអស់ ។ ជាមួយនឹង​លទ្ធផល​នេះ ប៊ុន សុធា បាន​១១​ពិន្ទុ ក្នុង​៥​ប្រកួត​(៥​ជុំ​) គឺ​ឈ្នះ​៣ ចាញ់​២​ប្រកួត។​
​ ​
ចំពោះ​ការប្រកួត​របស់​ចាន់ សាន់ វិញ គេ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ឡាវ SeangSuriya Site Tor kahkart ដោយ​ពិន្ទុ បន្ទាប់ពី​តស៊ូ​ជាមួយ SeangSuriya ប្រាំ​ទឹក​ពេញ​នោះ។ ក្នុង​៥​ទឹក អ្នក​ប្រដាល់​ឡាវ SeangSuriya បាន​វាយ​ ចាន់ សាន់ ត្រូវចំ​គោលដៅ​ល្អ​និង​ដួល​ជាច្រើនលើក ដែល​ធ្វើឲ្យ ​ចាន់ សាន់​ចាញ់​ប្រៀប​សឹងតែ​គ្រប់ទឹក។

យ៉ាងណា ចាន់ សាន់ គេ​ប្រកួត​គ្រាន់តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ព្រោះ ទោះបី​ការប្រកួត​លើកចុងក្រោយ​នេះ គេ​មាន​វាសនា​បានឈ្នះ​ក្ដី ក៏​នៅតែ​ជ្រុះ​ធ្លាក់​ពី​ការប្រកួត​ខ្សែក្រវាត់​នេះ​ដែរ ព្រោះ​គេ​វាយ​ចាញ់​៤​ប្រកួត​ទៅហើយ ក្នុង​ការ​ប្រកួត ៥​ជុំ ដោយបាន​៧​ពិន្ទុ គឺ​ឈ្នះ​១ ចាញ់​៤​ប្រកួត។ ចំណែក Seang Suriya គេ​បាន​កក់​កៅអី​១​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។

សូមបញ្ជាក់ថា កីឡាករ​ខ្លាំង​ទាំង​១០​រូប ដែល​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ ​កាល​ថ្មី​ទម្ងន់​៥៤​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៥​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​-​ឡាវ ៥ រូប ចូលរួម​វាយ​ដណ្ដើម​យក​ខ្សែក្រវាត់​នេះ។​

អ្នក​ប្រដាល់​មួយរូបៗ ទាំង​ខ្មែរ ទាំង​ថៃ និង​ឡាវ គឺ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ក្នុង​ម្នាក់ៗ ចំនួន៤ប្រកួត​ម្នាក់ ហើយ​អ្នក​ដែលមាន​ពិន្ទុ​ច្រើន​២​រូប​ក្នុង​មួយ​ពូ​ល ទាំង​ពូ​ល​ខ្មែរ និង ពូ​ល​ថៃ​-​ឡាវ នឹង​ត្រូវ​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ វុត្ថា លាន់​លិញ អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ បាន​ត្រូវ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង វាយ​ឲ្យ​បោះបង់​ការប្រកួត ក្នុង​ទឹក​ទី​៣។​

លាន់​ លិញ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ពីរ​ដង ដោយសារ​ត្រូវ​ ឆាយ​ មាស​ ទាត់​ត្រូវ​ដៃ ដែល​ធ្វើឲ្យ​ដៃ​របស់​គេ​មាន​បញ្ហា។ បន្ទាប់មក លាន់ ​លិញ ក៏ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត​ ដោយសារ​តែ​គេ​ឈឺដៃ​មិនអាច​បន្ត​ការប្រកួត​ទៀត​បាន។​

ចំណែក ចែម ចឺម អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី វាយ​ចាញ់​ មិត្ត ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​អាវុធហត្ថ​ស្រុក​រុក្ខ​គិរី​ ខេត្ត​បាត់ដំបង ដោយ​ពិន្ទុ៕