ព័ត៍មានទាន់​ហេតុការណ៏
Search

ជនបរទេស​២​នាក់ បើក​រថយន្ត​ទំនើប Audi គេច​ពី​ម៉ូតូ​ ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​

ភ្នំពេញ​ ៖ ​ជនបរទេស​២​នាក់ ​ប្រហែល​ស្រវឹង​ជ្រុល​ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ​Audi TFS មួយ​គ្រឿង​យ៉ាង​លឿន​ បាន​គេច​ពី​ម៉ូតូ ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវ​ព្រះមុនីវង្ស កែង​និង​ផ្លូវ​មុខ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុនពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ម៉ាក Audi TFS ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3011 បើកបរ ​និង​រួម​ដំណើរ​ដោយ​បុរស​បរទេស​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន ​លុះ​មកដល់​ចំណុច​កើតហេតុ​ រថយន្ត​បាន​បួង​បត់​ឆ្វេង​ទៅ​ផ្លូវ​លេខ​៩៦ ដោយ​ខ្វះ​ការ ប្រុង​ប្រយ័ត្ន ខណៈ​ពេល​នោះ ស្រាប់​តែ​មាន​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត បាន​បើក​បញ្ច្រាស​ទិស​គ្នា ធ្វើ​ឲ្យ​រថយន្ត​ខាងលើ អក​ហ្សើ​ ហើយក៏​បាន​កាច់​ចង្កូត​គេច​ពី​ម៉ូតូ​ទៅ​ខាង​ស្តាំ​ ក៏​ជ្រុល​ទៅបុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម ដែល​នៅ​តាម​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​វៀច​ទ្រេត រីឯ រថយន្ត​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្ដាំ ​តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។​

​ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ​ភ្លាមៗ​នោះ ​ជនបរទេស​ទាំង​២​នាក់​នោះ បាន​ទាក់ទង​ហៅ​អ្នកបកប្រែ​ឲ្យ​ចុះ​កន្លែងកើតហេតុ​ ដើម្បី​ជួយ​ដោះស្រាយ រួច​ជនបរទេស​នោះ ក៏​ឡើង​រថយន្ត​មួយ​គ្រឿង​ទៀត បើក​ចេញពី​កន្លែង​កើតហេតុ​បាត់ស្រមោល​។​

បន្ទាប់មក​ សមត្ថកិច្ច​មូលដ្ឋាន ​បាន​ចុះមក​ដល់​រួច​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ចុះមក​កន្លែងកើតហេតុ​ ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​បង្ក យក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​លើ​ការខូចខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ​ពេល​ក្រោយ​ទៀត​៕